បណ្តេញជនបរទេស អន្តោប្រវេសន៍ ជនជាតិវៀតណាម ៨គ្រួសារ ដែលចល័តបណ្តែតបែត្រី ចូលមកស្នាក់នៅថ្មី ក្នុងភូមិសាស្រ្តស្រុកលើកដែក
កណ្តាល ៖ គណៈបញ្ជាការឯកភាពស្រុកលើកដែក និងកម្លាំងកងរាជអាវុធហត្ថស្រុកលើកដែក បានធ្វើសកម្មភាពបណ្តេញ ជនបរទេសអន្តោប្រវេសន៍ជនជាតិវៀតណាម ចំនួន៨គ្រួសារ ដែលទើបចល័តបណ្តែតទូកបែត្រី ចូលមកស្នាក់នៅថ្មី ក្នុងភូមិសាស្រ្តស្រុកលើកដែក។
បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកលើកដែក បានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រទី១៣
ខែសីហា ឆ្នាំ២០២១ ដោយយោងតាមបទបញ្ជាពី លោកចាប ចន្ទវិទ្យា អភិបាល នៃគណៈអភិបាលស្រុកលើកដែក និងប្រធានគណៈបញ្ជាការឯកភាពស្រុក និងបានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងផ្នែកជំនាញអន្តោប្រវេសន៍ បានចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាល
រដ្ឋបាលក្អមសំណរ និងកម្លាំងកងរាជអាវុធហត្ថស្រុកលើកដែក បានបណ្តេញចេញ ជនបរទេសអន្តោប្រវេសន៍ជនជាតិវៀតណាម ដែលទើបចូលមកស្នាក់នៅថ្មីៗ (បញ្ជាក់: ជាចំនួនរកឃើញ និងបានរាយការណ៍ជូនថ្ងៃទី១២ ខែ សីហា ឆ្មាំ២០២១ម្សិលមិញ) ស្នាក់នៅចំណុចបែត្រីភូមិរាំងជួរ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល ចំនួន៨គ្រួសារ ដែលមានមនុស្សចំនួន២៧នាក់ (ស្រី១៥នាក់) ទូកចំនួន១៥ទូក (ទូកជាផ្ទះស្នាក់នៅចំនួន៨ទូក)។
អធិការដ្ឋាននគរបាលស្រុកលើកដែក បានបញ្ជាក់ថា ឥឡូនេះ ជនបរទេសទាំងនេះ បានចេញពីមូលដ្ឋាន ដោយសណ្តោងទូកចេញអស់ហើយ៕