ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុវត្តគម្រោងកែលម្អឆ្នេរភក់ ទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈ កម្រិតខ្ពស់ប្រវែង ២ ៧០០ ម៉ែត្រ ចាប់ពីផ្សារក្តាម ទៅដល់ព្រៃកោងកាង

26

 

ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានអនុញ្ញាតជូនគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា អនុវត្តគម្រោងកែលម្អភក់ទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ ម៉ែត្រ ចាប់ពីផ្សារក្ដាមទៅដល់ព្រៃកោងកាង ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (ក.អ.ក) សូមជម្រាបជូនសាធារណជន ជ្រាបថា ផ្អែកតាមស្មារតីនៃកិច្ចប្រជុំគ.អ.ឆ.ក កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២១ រាជរដ្ឋាភិបាលបាន អនុញ្ញាតជូន គ.អ.ឆ. អនុវត្តគម្រោងកែលម្អឆ្នេរភក់ទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ ម៉ែត្រ ចាប់ពីផ្សារក្តាមទៅដល់ព្រៃកោងកាង ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដោយត្រូវរៀបចំកែលម្អឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ តាមបណ្តោយឆ្នេរសមុទ្រដែលមានទទឹង ប្រវែងយ៉ាងតិច ៣០ម៉ែត្រ និងបណ្ដោយប្រវែង ២៧០០ម៉ែត្រ ដោយការរៀបចំស្រះ និងចាក់ ខ្សាច់សលួសម្រាប់ជាឆ្នេរខ្សាច់កម្សាន្តសាធារណៈ រៀបចំសួនច្បារសាធារណៈ និងដាំដើមឈើនៅលើដីចំណីឆ្នេរសមុទ្រ ដែលមានទទឹងប្រវែង ៥០ម៉ែត្រ និងបណ្តោយប្រវែង ២ ៧០០ម៉ែត្រ ដោយការរៀបចំស្រះ និងចាក់ដីមានជីជាតិល្អសម្រាប់សួនច្បារ និងការដាំដើមឈើ ថវិកាសម្រាប់ការរៀបចំ កែលម្អឆ្នេរខ្សាច់កម្សាន្តសាធារណៈ សួនច្បារសាធារណៈ និងដាំដើមឈើនៅ លើដីចំណីឆ្នេរសមុទ្រជាការចូលរួមរបស់ម្ចាស់ដីនៅជាប់ឆ្នេរសមុទ្រ ជាថ្នូរនឹងការទទួលបានដីប្រវែង ៥០ម៉ែត្រ បន្តពីព្រំដីកម្មសិទ្ធិឆ្ពោះទៅសួនច្បារ។

គម្រោងនេះ នឹងពង្រីកឆ្នេរខ្សាច់កាន់តែធំទូលាយបន្តពីសួនច្បារ សំដៅលើកកម្ពស់សោភណភាព និងបរិស្ថាន ប្រែក្លាយពីតំបន់ដែលមិនមាន ការអភិវឌ្ឍទៅជាតំបន់ទេសចរណ៍ពិសិដ្ឋ មានវិសាលភាពធំ ទូលាយ ទាក់ទាញភ្ញៀវទេសចរណ៍ បង្កើតមុខរបរជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ចូលរួមកាត់បន្ថយភាពក្រីក្រ និង រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងតំបន់ក៍ដួចជាសេដ្ឋកិច្ចជាតិ៕

អត្ថបទដែលជាប់ទាក់ទង