ឃាត់ខ្លួនជនសង្ស័យម្នាក់ជាម្ចាស់បំណុល ករណីគំរាមកំហែងថានឹងសម្លាប់ ព្រោះមិនបានសងលុយតាមកាលកំណត់
កណ្ដាល ៖ នគរបាលសនរុកស្អាងឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ករណីគំរាមកំហែងថានឹងសម្លាប់ ។ ករណីនេះ បានកើតឡើងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៧ និង ០០នាទី នៅចំណុចភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។
នគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សេង ម៉ៅ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ មានទីលំនៅភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យចំនួន ០២នាក់ ទី១. ឈ្មោះ អាត គីមហ៊ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (ឃាត់ខ្លួន)និងទី២. ឈ្មោះ កូ សុភា ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកកង់បី (គេចខ្លួន)។ ទាំងពីរនាក់មានទីលំនៅភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។ដោយឡែក វត្ថុតាងចាប់យករួមមានៈ ដាវ ចំនួន០៣ដើម ។
ប្រភពដដែលបន្តថា កាលពីពេលកន្លងទៅ ឈ្មោះ កូ សុផល បានទៅខ្ចីលុយពីឈ្មោះ សេង ម៉ៅ ចំនួន២០០ដុល្លារ ដោយបានកំណត់ថ្ងៃខែសងវិញត្រឹមត្រូវ ។ លុះក្រោយមកឈ្មោះ កូ សុផល មិនបានសងលុយតាមកាលកំណត់នោះទេ ដោយបានពន្យារពេលជាបន្តបន្ទាប់ ហើយបន្ទាប់មកទៀត ក៏បានសន្យាសងប្រាក់ទៅកាន់ជនរងគ្រោះនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ។ រហូតមកដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ឈ្មោះ សេង ម៉ៅ និងប្រពន្ធក៏បានទៅទារលុយពីឈ្មោះ កូ សុផល មុនការកំណត់ ក៏បង្កជាជម្លោះពាក្យសម្ដីគ្នាទៅវិញទៅមក ។ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ឈ្មោះ កូ សុផល ក៏បានសងលុយចំនួន២០០ដុល្លារ ទៅអោយឈ្មោះ សេង ម៉ៅ គ្រប់ចំនួន ។ លុះនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៧និង០០នាទី ស្រាប់តែឈ្មោះ កូ សុភា ត្រូវជាប្អូនឈ្មោះ កូ សុផល និងឈ្មោះ អាត គីមហ៊ បានជិះរ៉ឺម៉កកង់បី មកផ្ទះជនរងគ្រោះ ដោយមានកាន់ដាវនឹងដៃចំនួន០៣ដើម ហើយបានស្រែកគំរាមចង់កាប់សម្លាប់មកលើឈ្មោះ សេង ម៉ៅ និងប្រពន្ធ បណ្ដាលឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ក៏ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ ។
ក្រោយពេលទទួលបានពាក្យបណ្ដឹងពីខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ សហការជាមួយកម្លាំងប្រជាការពារ បានចុះទៅដល់កន្លែងកើតហេតុ រួចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ អាត គីមហ៊ រួមនឹងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការនីតិវិធី រីឯជនសង្ស័យឈ្មោះ កូ សុភា បានគេចខ្លួនបាត់ ៕