កម្ពុជា កំពុងរក្សាសត្វត្រយង្ស ដែលកម្រស្ទើរផុតពូជ លើពិភពលោក នៅដែនជម្រក់អភិរក្ស ខេត្ដរតនគិរី
ភ្នំពេញ៖ សត្វត្រយងយក្ស គឺជាប្រភេទបក្សីដែលជិតផុតពូជបំផុតមួយនៅលើពិភពលោក ហើយបក្សីប្រភេទនេះ ក៏ជានិមិត្តរូបបក្សីតំណាងអត្តសញ្ញាជាតិរបស់កម្ពុជាផងដែរ។ ដោយឡែក នៅដែនជម្រកសត្វព្រៃលំផាត់ ខេត្ដរតនគិរី បាននិងកំពុងគាំទ្រដល់ការរស់ នៅរបស់សត្វត្រយងយក្សរបស់កម្ពុជានេះផងដែរ។ នេះបើតាមការផ្សព្វផ្សាយរបស់ គម្រោងនៅកម្ពុជារបស់អង្គការសត្វស្លាបអន្តរជាតិ (Birdlife International Cambodia Program) នៅថ្ងៃនេះ ។
ជារៀងរាល់ឆ្នាំក្រុមការងាររបស់អង្គការសត្វ ស្លាបអន្តរជាតិ នៅដែនជម្រកសត្វព្រៃលំផាត់ បាននិងកំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងស្វែងរក និងអភិរក្ស និងកំណត់ទីតាំងពងកូនរបស់បក្សីត្រយងយក្សនេះ ដើម្បីងាយស្រួលក្នុងការការ ពារក៏ដូចជា ការរៀបចំផែនការសម្រាប់សកម្មភាពនាពេលខាងមុខ។ ដោយហេតុថាសត្វនេះពងកូននារដូវវស្សា ដូច្នេះការសិក្សាស្វែងរកមានការលំបាកខ្លាំង និងទាមទារការប្រឹងប្រែងខ្ពស់ ។ ប៉ុន្តែជាលទ្ធផលសំរាប់រដូវកាលពងកូន ឆ្នាំ២០២១នេះ បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេល៣ខែកន្លងមក សំបុកសត្វត្រយងយក្ស ចំនួន ១០សំបុក ត្រូវបានរកឃើញ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្ដរតនគិរី ហើយសំបុក មួយចំនួនត្រូវបានញាស់ និងមួយចំនួនទៀតកំពុងក្រាបពងផងដែរ ក្រោមការតាមដាន និងការពារយ៉ាងយកចិត្តទុកដាក់ពីបុគ្គលិកទីវាលរបស់អង្គ ការ។
រដូវពងកូនឆ្នាំនេះនឹងបញ្ចប់នៅខែវិច្ឆិកា ហើយ ក្រុមការងារសង្ឃឹម ថាសំបុកសត្វនេះអាចរកឃើញច្រើនថែមទៀត និងទទួលបានតាមដាន និងការពារពីក្រុមការងារ។ ខណៈក្រុមការងារធ្វើការស្រាវជ្រាវ និងអភិរក្សបក្សីកម្រនេះយ៉ាងលំបាក អង្គការ BirdLife និងអង្គការជីវិតធម្មជាតិនៅកម្ពុជា សំណូមពរដល់ប្រជាសហគមន៍ អាជ្ញាធរមូលដ្ឋាន សូមចូលរួមថែរក្សារការពារបក្សីជាតិយើងទាំងអស់គ្នា ដោយទប់ស្កាត់ និងមិនទន្រ្ទានដីដែលធ្វើឱ្យបាត់បង់ទីជម្រក មិនយកពងកូន និងមិនបង្កការរំខានដល់ការរស់នៅរបស់ត្រយងយក្សជាដើម។
សូមបញ្ជាក់ថា តាមរយៈអនុក្រឹត្យចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ព្រះរាជាណាចក្រកម្ពុជា បានសម្រេចយក ត្រី ល្មូន ដើមឈើ ផ្លែឈើ បក្សី សត្វព្រៃ និងផ្កា ជាតំណាងឱ្យអត្តសញ្ញាណជាតិខ្មែរ ក្នុងនោះ ត្រយ៉ងយក្ស ត្រូវបានជ្រើសរើសតំណាងឱ្យបក្សី (មរត៌កធម្មជាតិ)៕ . សំរិត