ពលរដ្ឋទីទ័លក្រ២៥គ្រួសារ នៅទួលទំពូងទី២ បានទទួលអំណោយកាកបាទក្រហមកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី១៩ខែសីហាឆ្នាំ២០២១នេះ លោកថេង សុថុល អភិបាលខណ្ឌចំការមន និង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ដែលអមដំណើរដោយអស់លោក លោកស្រីជាអភិបាលរងខណ្ឌ នាយករដ្ឋបាលខណ្ឌ និង ប្រធានការិយាល័យនីមួយៗ ចំណុះអោយសាលាខណ្ឌចំការមន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រក្រី ជួបលំបាកផ្នែកជីវភាពប្រចាំថ្ងៃ នាសម័យកូវីដ១៩នេះប្រមាណ ២៥គ្រួសារ ដែលរស់នៅក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមននៃរាជធានីភ្នំពេញ។
ចំពោះអំណោយចែកជូនប្រជាពលរដ្ឋទីទ័លក្រទាំង២៥គ្រួសារនាឱកាសនោះក្នុង ០១គ្រួសារ ៗទទួលបានអង្ករ, មី, ទឹកស៊ីអ៉ីវ, ទឹកត្រី, ម៉ាស និង ថវិកាមួយចំនួនផងដែរ។
ឆ្លៀតក្នុងឱកាសនោះផងដែរលោកថេង សុថុល ប្រធានអនុសាខាកាកបាកក្រហមកម្ពុជាខណ្ឌចំការមន បានមានមតិលើកឡើង ដោយពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់បងប្អូន ពូ មីង និង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឳ្យចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការ «៣ការពារ និង៣កុំ» ដើម្បីបញ្ជៀសនូវការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មី ដែលតា (Delta) ដែលកំពុងតែឆ្លងចូល ក្នុងសហគមន៍នៅក្នុងប្រទេសកម្ពុជាយើង និយាយជារួម និងនិយាយដោយឡែក នៅរាជធានីភ្នំពេញនេះផងដែរ៕