ក្រសួងប្រៃសណីយ៍ ចេញប្រកាសព័ត៌មាន ជុំវិញករណីខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយស្រី ឃាត់រថយន្តដឹកបញ្ញើប្រៃសណីយ៍ របស់ក្រុមហ៊ុនវីរៈប៊ុនថាំ
ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៩ ខែសីហានេះ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញករណីខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយស្រី ឃាត់រថយន្តដឹកបញ្ញើប្រៃសណីយ៍ របស់ក្រុមហ៊ុនវីរៈប៊ុនថាំ។
ក្រសួងបញ្ជាក់ថា ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ មានការចែកផ្សាយព័ត៌មានតាមបណ្តាញសង្គម និងសារព័ត៌មាននានា អំពីករណីខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយស្រី ឃាត់រថយន្តដឹកបញ្ញើប្រៃសណីយ៍របស់ក្រុមហ៊ុនវីរៈប៊ុនថាំ ១គ្រឿង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ដើម្បីផាកពិន័យទៅតាមច្បាប់រដ្ឋបាលព្រៃឈើ ក្រោយពីបានឆែកឃើញ មានការដឹកបញ្ញើសត្វតុកកែងាប់ចំនួនពីរកេសស្នោ ដែលមានចំនួន៩៨៩ក្បាល ត្រូវជា៦៦គីឡូក្រាម។
ក្នុងករណីនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានតាមដានយ៉ាងយកចិត្តទុកដាក់ អាស្រ័យដោយក្រុមហ៊ុនវីរៈប៊ុនថាំ គឺជាក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណ សេវាបញ្ញើប្រៃសណីយ៍ ដែលចេញដោយក្រសួង។
ក្រសួងបានកត់សម្គាល់ឃើញថា ក្រៅពីរថយន្តនិងបញ្ញើទាំងពីរកេសខាងលើ ដែលបានឃាត់ទុក បញ្ញើប្រៃសណីយ៍ដទៃទៀត ដែលបានដឹកតាមរថយន្តជាមួយគ្នានេះ ត្រូវបានប្រគល់ជូនក្រុមហ៊ុនវីរៈប៊ុនថាំ ដើម្បីបន្តដឹកជញ្ជូនទៅដល់គោលដៅ។
ក្រសួងបានណែនាំដល់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តសៀមរាម និងខេត្តព្រះវិហារ ឱ្យសហការយ៉ាងជិតស្និទ្ធ ជាមួយខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយស្រី និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចូលរួមដោះស្រាយបញ្ហា ដែលនៅសេសសល់ស្របតាមច្បាប់ជាធរមាន៕