ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងឧស្សាហកម្ម ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនទីបង្ហាញផ្លូវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា ២០៣០»

58

 

ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម នៅថ្ងៃទី១៩ សីហា ២០២១ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល នៃពិធីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនទីបង្ហាញផ្លូវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា ២០៣០»។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន.) បានរៀបចំពិធីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ ផែនទីបង្ហាញផ្លូវ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍(វ.ប.ន. ) កម្ពុជា២០៣០” តាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧ.វ.ប.ន. និង លោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាលេខាប្រតិបត្តិនៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច (ESCAP) ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អ្នកឱកញ៉ា លោក លោកស្រី មកពីក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួង-ស្ថាប័ន សាកលវិទ្យាល័យ មជ្ឈមណ្ឌលស្រាវជ្រាវ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ សរុបប្រមាណ៣៣០រូប ។

លោកជំទាវ Armida Salsiah Alisjahbana បានសាទរ ការដាក់ឱ្យប្រើប្រាស់ ផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០ និងបានលើកឡើងថា ផែនទីបង្ហាញផ្លូវនេះជាមគ្គទ្ទេសក៍ដល់មន្រ្តីរាជរដ្ឋាភិបាល និងតួអង្គពាក់ព័ន្ធសំខាន់ៗផ្សេងទៀត អំពីសកម្មភាពសំខាន់ៗ ដែលជាតម្រូវការចាំបាច់ ដើម្បីពង្រឹងសមត្ថភាព វ.ប.ន. ជាតិ។

លោកជំទាវ បានមានប្រសាសន៍ពីសក្តានុពល វ.ប.ន. ដើម្បីសម្រចគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព និងបរិយាប័ន្ន និងបន្ថែមទៀតថា ការអនុវត្តគោល នយោបាយបានជោគជ័យ លុះត្រាតែមានការចូលរួមយ៉ាងសកម្ម ពីតួអង្គពាក់ព័ន្ធដូចជាស្ថាប័នអប់រំ និងស្រាវជ្រាវ វិស័យឯកជន ធុរកិច្ចថ្មី និងដៃគូអភិវឌ្ឍន៍។

នៅក្នុងសុន្ទរកថាបើកអង្គពិធីនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែងរបស់ អគ្គនាយកដ្ឋាន វ.ប.ន. ដែលបានកសាង ផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០ ក្រោមការគាំទ្រប្រឹក្សាយោបល់ពី ESCAP និងការចូលរួមចំណែកពីស្ថាប័នពាក់ព័ន្ធ ក្នុងដំណើរការកសាងឯកសារយុទ្ធសាស្រ្ត សម្រាប់ព្រះរាជាណាចក្រកម្ពុជានេះឡើង។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃវិស័យ វ.ប.ន. ដែលជាកម្លាំងចលករ និងជាពិសេសជាក្បាលម៉ាស៊ីន នៃការអភិវឌ្ឍជាតិ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកឡើងថា ផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០ ជាឯកសារគោលនយោបាយ យុទ្ធសាស្រ្តដ៏មានសារៈសំខាន់ ក្នុងការជួយតម្រង់ទិសក្រសួង-ស្ថាប័នក្នុងការអនុវត្ត គោលនយោបាយ ក្រោមការសម្របសម្រួលពីក្រសួង ឧ.វ.ប.ន. និងដើម្បីសម្រេចបានចក្ខុវិស័យរាជរដ្ឋាភិបាលក្នុងការប្រែក្លាយទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០ តួអង្គពាក់ព័ន្ធនានា ត្រូវតែឆ្លើយតបឱ្យទាន់សភាពការណ៍ និងធ្វើការរួមគ្នាក្នុងការអនុវត្តផែនទីបង្ហាញផ្លូវ វ.ប.ន. នេះឱ្យមានប្រសិទ្ធិភាពខ្ពស់។

ជាចុងបញ្ចាប់ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់តំណាងក្រសួង-ស្ថាប័ន សាកលវិទ្យាល័យ គ្រឹះស្ថានស្រាវជ្រាវ វិស័យឯកជន ដៃគូអភិវឌ្ឍ និងជាពិសេសដល់ លោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិនៃ ESCAP និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០ នេះ។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អគ្គនាយក នៃអគ្គនាយកដ្ឋាន វ.ប.ន. បានធ្វើបទបង្ហាញ ពីសាវតារនៃផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០ និងលោកបណ្ឌិត ស្រ៊ុន បញ្ញារិទ្ឋិប្រធាននាយកដ្ឋានគោលនយោបាយ វ.ប.ន. បានធ្វើបទបង្ហាញលម្អិតពីសសរស្តម្ភទាំង ៥ រួមមាន៖ ១.អភិបាលកិច្ច ២.ការអប់រំ ៣.ការស្រាវជ្រាវ ៤.កិច្ចសហការ និង៥.ប្រព័ន្ធអេកូឡូស៊ី ព្រមទាំងគោលដៅគោលនយោបាយ និងលិខិតូបករណ៍ក្នុងផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០ ៕

អត្ថបទដែលជាប់ទាក់ទង