ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថា បើកពិធីអន្តរសាសនា ប្រឆាំងការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលកូវីដ១៩ ឆ្នាំ២០២១

84

 

ភ្នំពេញ ៖ នៅល្ងាច ថ្ងៃសុក្រទី២០ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលកូវីដ១៩ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

ក្នុងសុន្ទរកថាថ្លែបើកម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលកូវីដ១៩នាថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានច្រានចោលការចោទប្រកាន់នេះ។ សម្តេចតេជោ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «ការដាក់ប្រជាពលរដ្ឋ ឬ អ្នកត្រឡប់មកពីតំបន់ មានហានិភ័យឱ្យស្ថិតក្នុងការធ្វើចត្តាឡីស័ក ឬ ការបិទខ្ទប់តំបន់ដែលមានអត្រាឆ្លង ឬចរន្តនៃការឆ្លងខ្ពស់ ឬផ្លាកការឆ្លងដែនខុសច្បាប់ នៅក្នុងដំណាក់កាល នៃការរឹតបន្ដឹងវិធានការការពារសុវត្ថិភាព មិនមានន័យថា ជាការបិទសិទ្ធិសេរីភាព ឬការរើសអើង ដូចក្រុមជនអគតិបង្កបញ្ហាមួយក្រុម ដែលមាននិន្នាការ ប្រឆាំងផ្កាប់មុខ បាននិងកំពុងតែឃោសនាមួលបង្កាច់បំបាក់ស្មារតីប្រជាពលរដ្ឋ ប៉ុន្តែនេះគឺជាវិធានការការពារ សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវកិច្ចការពារ ចៀសផុតពីការឆ្លងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព»។

មកដល់ពេលបច្ចុប្បន្ននេះ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបជិត ៩ម៉ឺននាក់។ ក្នុងនោះស្លាប់ ១,៧៦២នាក់ ហើយអ្នកជំងឺជិត ៣នាក់ទៀត កំពុងសម្រាកនៅតាមមណ្ឌលព្យាបាល និងមន្ទីរពេទ្យ។

រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តការប្រយុទ្ធយ៉ាងស្រួចស្រាវ ជាមួយមេរោគឆ្លងសកលមួយនេះ តាមរយៈអនុវត្តតាមវិធានរបស់សុខាភិបាល ជាពិសេសការរៀបចំឱ្យពលករមកពីប្រទេសថៃ ធ្វើចត្តាឡីស័កនៅតាមព្រំដែន ដើម្បីទប់ស្កាត់ចរន្តការឆ្លងមេរោគដែលតាចូលទៅក្នុងសហគមន៍។

ក្រៅតែពីអនុវត្តតាមវិធានការពារហើយនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រឹងប្រែងពន្លឿនការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ ដែលជាចំណែកមួយដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។ មកដល់ពេលនេះកម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង បានជាង ៩លាននាក់, យុវវ័យ និងក្មេង អាយុចាប់ពី ១២ឆ្នាំ ទៅ ១៧ឆ្នាំ បានជិត ៨០ម៉ឺននាក់។ ចំនួនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់នេះ គឺសម្រេចបាន១០០ភាគរយ តាមផែនការដែលរាជរដ្ឋាភិបាលបានកំណត់ហើយ។

តាមរយៈលទ្ធផលដែលកម្ពុជាសម្រេចបាន ធ្វើឱ្យមានការគាំទ្រខ្លាំងពីអង្គការសុខភាពពិភពលោក និងអង្គការអភិវឌ្ឍន៍អន្តរជាតិនានា។ អង្គអន្តរជាតិទាំងនោះ បានចាត់ទុកលទ្ធផលនេះ ជាការសម្រេចបាននូវសកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ដ៏ល្អប្រសើរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងគូសបញ្ជាក់ថា «បន្ទាប់ពីការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ ឋជិតសម្រេចបានតាមផែនការជាស្ថាពរ រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តសម្រេចឱ្យបាននូវគោលដៅចាក់វ៉ាក់សាំងជូនកុមារ យុវវ័យ អាយុចាប់ពី ១២ឆ្នាំ និងក្រោម ១៨ឆ្នាំ ឱ្យបានមុនដំណាច់ឆ្នាំ២០២១ ដើម្បីបង្កើតភាពសុាំ កាត់បន្ថយការចម្លងចូលក្នុងសហគមន៍ ធ្វើឱ្យប្រជាជនយើង មានជីវភាពប្រក្រតីឡើងវិញ ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ»។

ក្នុងនាមរាជរដ្ឋាភិបាល សម្តេចសូមថ្លែងនូវអំណរគុណចំពោះស្មារតីសាមគ្គីភាព និងការជួយគ្នាក្នុងគ្រាលំបាក នៃបណ្តាប្រទេសជាមិត្តដែលបានផ្តល់វ៉ាក់សាំងទាន់ពេលវេលា ជាពិសេសសាធារណរដ្ឋប្រជាមានិតចិនដែល ជាប្រទេសឈានមុខក្នុងការផ្ដល់វ៉ាក់សាំង ទាំងជំនួយមនុស្សធម៌ ទាំងតាមការបញ្ជាទិញ ក៏ដូចជាប្រទេសជប៉ុន ប្រទេសអង់គ្លេស_ប្រទេសអាមេរិកដែលធ្វើឱ្យកម្មវិធីចាក់វ៉ាក់សាំងប្រព្រឹត្តទៅលឿនជាងការគ្រោងទុក។

សម្តេចតេជោ ក៏បានថ្លែងអំណរគុណ ដល់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ជាពិសេសអង្គការសុខភាពពិភពលោក (WHO), អាយអូអឹម (IOM), យូអិនអេហ្វភីអេ (UNFPA), យូនីសេហ្វ (UNICEF), អង្គការហ្វាវ (FAO), យូអិនឌីភី (UNDP) និងអង្គការដៃគូអភិវឌ្ឍអន្តរជាតិ និងស្ថានតំណាងពីបញ្ហាប្រទេសនានាក្នុងសកលលោក ព្រមទាំងវិនិយោគិនបរទេស និងក្នុងស្រុក ដែលតែងតែនៅជាមួយកម្ពុជា សហការជួយដោះស្រាយក្នុង ស្ថានភាពដ៏លំបាកនេះ។

សម្តេចសូមថ្លែងអំណរគុណថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ក្រសួងស្ថាប័ន អង្គភាព-ក្រុមគ្រូពេទ្យ ទាំងស៊ីវិល ទាំងកងកម្លាំងការពារជាតិ កម្លាំងនគរបាល គ្រូពេទ្យស្ម័គ្រចិត្ត អាជ្ញាធរសមត្ថកិច្ច គ្រប់ផ្នែក និងមន្ត្រីជួរមុខ តាមបញ្ហាខេត្តជាប់ព្រំដែន អ្នកបម្រើការតាមមណ្លចត្តាឡីស័ក តាមមន្ទីរព្យាបាល នៅសហគមន៍ ក៏ដូចជាអង្គការមិនមែនរដ្ឋាភិបាល គ្រប់និកាយសាសនា វិស័យឯកជន និងសប្បុរសជន ដែល បានលះបង់កម្លាំងកាយចិត្ត ធនធានសម្ភារៈ និងថវិកា ដើម្បីជួយជ្រោមជ្រែងរាជរដ្ឋាភិបាលដោះស្រាយគ្រប់ បញ្ហា និងគ្រប់ដំណាក់កាល ។

សម្តេចក៏សូមថ្លែងអំណរគុណចំពោះគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ថ្នាក់ដឹកនាំសាសនា អង្គការការីតាសកម្ពុជា និងអន្តរជាតិ បញ្ហាអង្គការជាដៃគូដែលបានចូលរួមគាំទ្រវេទិកាជាតិ អន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលក្ខវិដ ១៩៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

ខាងក្រោមនេះ គឺជាសុន្ទរកថាទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីបើកអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលកូវីដ១៩ ឆ្នាំ២០២១៖

 

 

អត្ថបទដែលជាប់ទាក់ទង