ឪពុកដឹកកូន២នាក់ ជិះម៉ូតូទាក់ដៃចង្កូតរថយន្ត រអិលកូនធ្លាក់ ត្រូវរថយន្តកិនស្លាប់ម្នាក់
ភ្នំពេញ ÷ កុមារីម្នាក់អាយុ២ខួប ត្រូវបានបាត់បង់ជីវិតភ្លាមៗ ចំណែកឯកុមារ៉ាត្រូវជាបង មិនមានរងរបួសនោះទេ បន្ទាប់ពីឪពុកបានដឹកទៅលេងផ្ទះលោកយាយ រួចបានដឹកត្រឡប់ទៅផ្ទះវិញ ស្រាប់តែជិះម៉ូតូទៅទាក់ដៃចង្កូត ជាមួយនឹងរថយន្តធ្លាក់កូនចូលក្រោមកង់រថយន្ត កិនបែកខួរស្លាប់កាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពក្មេងមានឈ្មោះមរកត ភេទស្រី អាយុ២ខួប មានទីលំនៅ ក្នុងសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ។
យោងតាមប្រភពព័ត៌មានពីឪពុកកុមារីរងគ្រោះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួន បានជិះម៉ូតូម៉ាកហុងដាស្គុបពី ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ1HR-7820 បានជិះឌុបកូន២នាក់ ទៅលេងផ្ទះម្តាយបង្កើត ត្រូវជាលោកយាយក្មេងទាំង២នាក់ នៅម្តុំបឹងទំពុន ក្រោយមកឪពុកក្មេងរងគ្រោះ គាត់ក៏បានដឹកកូនត្រឡប់មកផ្ទះវិញ ស្របពេលមេឃកំពុងតែភ្លៀងធ្លាក់ខ្លាំង គាត់បានជិះម៉ូតូតាមផ្លូវ៣៧១ ក្នុងទិសដៅពីត្បូងមកជើង ខណៈមកដល់ចំណុចកើតហតុ ស្រាប់តែជិះទៅទាក់ដៃចង្កូត ជាមួយនឹងរថយន្តមិនចាំម៉ាក បណ្តាលឲ្យរអិលកុម៉ារីរងគ្រោះ អង្គុយនៅខាងមុខ ធ្លាក់ចូលក្រោមកង់រថយន្តមិនចាំម៉ាក កិនបែកខួរស្លាប់ភ្លាមៗ ចំណែករថយន្តបង្កបានបើកទៅមុខរត់គេចខ្លួនបាត់ស្រមោល៕