ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត បើកឆ្លងផ្លូវជ្រុលទៅបុកម៉ូតូ បណ្ដាលឲ្យយុវជនម្នាក់ស្លាប់

392

 

ភ្នំពេញ ÷ បុរសម្នាក់បើករថយន្តford ពាក់ផ្លាកលេខនគរបាល បានបើកបត់ឆ្លងផ្លូវ ជ្រុលទៅបុកយុវជនម្នាក់ជិះម៉ូតូចំពីមុខ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ កាលពីវេលា ម៉ោង១០ និង ៣០ នាទីយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ នៅសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះជិន រ៉ាវី ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបរ ជាងពិតាន បច្ចុប្បន្នស្នាក់នៅភូមិធំ ស្រុកគៀនស្វាយ ខេត្តកណ្ដាល និងមានស្រុកកំណើត នៅស្រុកព្រះស្តេច ខេត្តព្រៃវែង។

យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេឃើញ យុវជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅពាក់ផ្លាកលេខព្រៃវែង 1K-3828 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកេីតហេតុ ស្រាប់តែមានបុរសម្នាក់ បានបើករថយន្តម៉ាក ford ពណ៌សពាក់ផ្លាកលេខនគរបាល 2-0601 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅបញ្រ្ចាសគ្នា ពីលិចទៅកើត ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងឆ្លងកាត់ផ្លូវទៅផ្លូវម្ខាងទៀត ខណៈពេលនោះដែរ បានរេចង្កូតរថយន្តជ្រុលទៅបុកចំពីមុខម៉ូតូ ពេញទំហឹងបណ្តាលឲ្យម៉ូតូដួលបោកក្បាល នៅនឹងថ្នល់បាត់បង់ជីវិតភ្លាមៗនៅកន្លែង ចំណែកឯអ្នកបើករថយន្តបង្ក ត្រូវបានប្រជាពលរដ្ឋនាំគ្នាឃាត់ទុក ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ យកទៅធ្វើការសាកសួរនាំ។

ក្រោយកើតហេតុ សមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ចុះមកវាស់វែង យករថយន្តបង្កនិងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង