ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោក ចុះពិនិត្យការរៀបចំសម្អាតបរិស្ថាន អនាម័យ នៅវិទ្យាល័យទឹកល្អក់ និងវិទ្យាល័យសន្ធរម៉ុក ដើម្បីត្រៀមបើកការសិក្សាឡើងវិញ នាពេលខាងមុខនេះ

37

 

ភ្នំពេញ៖លោកជា ពិសី អភិបាលខណ្ឌទួលគោក កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំ លោក លោកស្រី អភិបាលរង នាយក-នាយករងរដ្ឋបាល និងមន្ត្រីអមដំណើរ ចុះពិនិត្យការរៀបចំសម្អាតបរិស្ថាន អនាម័យ នៅវិទ្យាល័យទឹកល្អក់ និងវិទ្យាល័យសន្ធរម៉ុក ដើម្បីត្រៀមបើកសាលារៀនឡើងវិញ នាពេលខាងមុខនេះ បន្ទាប់ពីបានបិទការសិក្សាផ្ទាល់នៅសាលារៀនជាបណ្ដោះអាសន្ន និងបានផ្លាស់ប្ដូរកម្មវិធីសិក្សាតាមប្រព័ន្ធអនឡាញវិញ ដោយសារតែក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ក្នុងឱកាសនោះលោកអភិបាលខណ្ឌ បានមានប្រសាសន៍ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ដល់ កុមារ និងយុវវ័យ មានអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំដែលដាក់ចេញដោយ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បាននិងកំពុងបន្តការចាក់ដូសទី២ នាពេលបច្ចប្បន្ននេះ ដែលបានបង្ហាញលទ្ធផលល្អ នឹងឈានដល់ការបើកសាលារៀនឡើងវិញ នាពេលឆាប់ៗខាងមុខ។ ឯកឧត្តមអភិបាលខណ្ឌ បានបន្តទៀតថា វិស័យអប់រំជាវិស័យស្នូល ក្នុងការកសាង និងអភិវឌ្ឍន៍ធនធានមនុស្ស របស់ប្រទេស ដូចច្នេះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ បានយកចិត្តទុកដាក់យ៉ាងក្រៃលែង និងកំពុងជម្រុញការចាក់វ៉ាក់សាំងជូនដល់ កុមារ និងយុវវ័យ អោយបានគ្រប់ៗគ្នា ស្របដែល ការចាក់វ៉ាក់សាំងដល់ មនុស្សពេញវ័យ នៅទូទាំងប្រទេសកំពុងនឹងអាចឈានដល់ការសម្រេចបានលទ្ធផលជិត១០០% និងកំពុងត្រៀមចាក់ដូសជម្រុញ ឬដូសទី៣ ជូនដល់ មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទូទៅនាពេលខាងមុខនេះបន្ថែមទៀត សំដៅដល់ការកាត់បន្ថយអត្រាឆ្លង និងស្លាប់ដោយសារជម្ងឺកូវីដ១៩ ជាពិសេស មេរោគបម្លែងថ្មីដែលតា ដែលកំពុងចរាចរណ៍នៅក្នុងសហគមន៍។
លោកអភិបាលខណ្ឌ បានណែនាំបន្ថែមដល់ លោកនាយកវិទ្យាល័យទាំង២ ត្រូវយកចិត្តទុកដាក់បំផុតទៅលើ ការអនុវត្តវិធានការ ៣ ការពារ និង៣ កុំ ដើម្បីទប់ស្កាត់ជម្ងឺកូវីដ១៩ ជាពិសេស ការសម្អាតបរិស្ថាន អនាម័យនៅក្នុងបរិវេណសាលា ដែលជាកត្តាសំខាន់សម្រាប់សុខុមាលភាពជុំវិញខ្លួន។នាពេលនោះដែរលោកអភិបាលខណ្ឌ បានឧបត្ថម្ភដល់ វិទ្យាល័យទាំងពីរនូវ ម៉ាស់ចំនួន ២,០០០ ម៉ាស់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង