លោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វល្មិចឬអណ្តើកសមុទ្រ មួយក្បាលទៀត ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ
ខេត្តព្រះសីហនុ-នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បាននាំយកសត្វល្មិចឬអណ្តើកសមុទ្រមួយក្បាលទៀតហើយទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែងសត្វល្មិចឬអណ្តើកសមុទ្រលើកទី១២៧។
គ្រប់ពេលដែលនាំយកទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វល្មិចឬអណ្តើកសមុទ្រដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ហើយសៀលដែលកឹបលើសត្វល្មិចឬអណ្តើកសមុទ្រមួយនេះគឺ KH0387។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ការកឹបសៀលសម្គាល់បែបនេះមានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ដោយសារថាប្រសិនបើមានការនេសាទបានសត្វល្មិចឬអណ្តើកសមុទ្រដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទនៅក្នុងប្រទេសយើងឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។
សូមបញ្ជាក់ផងដែរថា មានអ្នកនេសាទភាគច្រើនពេលនេសាទបានសត្វល្មិចឬអណ្តើកសមុទ្រ បាននាំយកមកប្រគល់ជូនលោកឧកញ៉ា ទៀ វិចិត្រ ជាបន្តបន្ទាប់ដើម្បីព្រលែងក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៍បានថ្លែងអំណរគុណដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារអភិរក្សសត្វសមុទ្រកម្រជាសកល ៕