ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​កម្ពុជាមានសន្ទុះយ៉ាងខ្លាំងលើការអភិវឌ្ឍ ក្រោយឆ្លងកាត់ភ្លើងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ

67


ក្នុងឱកាសដឹក​នាំ​ក្រុម​ការ​ងារ​​ពិនិត្យ​ដំណើរ​ការ​សាង​សង់ ​វិមាន​ឈ្នះ-ឈ្នះ សម្តេចពិជ័យសេនា​ទៀ បាញ់ បានមានប្រសាសន៍ថា ទម្រាំទទួលបាននូវការរីកចម្រើន លើគ្រប់វិស័យដូចពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា បានឆ្លងកាត់ភ្លើងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ រាប់ទសវត្សរ៍ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្លាប់ និងព្រាត់ប្រាសប្រពន្ធ កូន ក្រុមគ្រួសារ យ៉ាងសោកសម្រែងក្រៃលែង។ ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជាមានសន្ទុះយ៉ាងខ្លាំងលើការអភិវឌ្ឍ ។ សម្តេចពិជ័យសេនា បានបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី មិនបានផ្តល់ផលប្រយោជន៍អ្វី សម្រាប់ប្រជាពលរដ្ឋខ្មែរ គឺមានតែដើរញុះញង់ ឱ្យបរទេសកាត់ជំនួយពីកម្ពុជា។

សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ សាង​សង់​វិមាន​ឈ្នះ-ឈ្នះ ​នៅ​​ថ្ងៃ​ទី៣​​ ខែកញ្ញា​ ឆ្នាំ​២០១៨​នេះ ​បាន​ដឹក​នាំ​ក្រុម​ការ​ងារ​សាង​សង់​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​​បើក​កិច្ច​ប្រជុំ ​និង​ដាំ​ដើម​ឈើ​មាន​តម្លៃ​ នៅ​ក្នុង​បរិវេណ​វិមាន​ឈ្នះ-ឈ្នះ​ ស្ថិត​នៅ​សង្កាត់​បាក់​ខែង​ ខណ្ឌ​ជ្រោយ​ចង្វារ​ រាជ​ធានី​ភ្នំពេញ​។​

វិមាន​ឈ្នះ-ឈ្នះ​ ដែល​ជា​និម្មិត​រូប ​នៃ​សុខ​សន្តិភាព​កម្ពុជា ​ហើយ​កំពុង​សាង​សង់ ​នៅ​ខណ្ឌ​ជ្រោយ​ចង្វារ​ រាជ​ធានី​ភ្នំពេញ ​ដោយ​គ្រោង​នឹង​សម្ពោធ​ជា​ផ្លូវ​ការ​ នៅ​ថ្ងៃ​ទី​២៩ ​ខែ​ធ្នូ ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ​ចំ​នឹង​ថ្ងៃ​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា ​ប្រារព្ធ​ពិធី​ខួប​២០​ឆ្នាំ​ នៃ​គោល​នយោបាយ​ឈ្នះ-ឈ្នះ​(ឆ្នាំ​១៩៩៨​-​ឆ្នាំ​២០១៨)​ផ​ង​ដែរ​។​ រហូត​មក​ដល់​​ពេល​​នេះ​​ វិមាន​​ឈ្នះ-ឈ្នះ​ បាន​សាង​សង់​ផ្នែក​តួ​វិមាន​ជិត​រួច​រាល់​ហើយ​។​ ពិធី​សម្ពោធ​នឹង​ត្រូវ​ធ្វើ​ឡើង​ក្រោម​អធិបតី​ភាព​ សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ​នាយក​រដ្ឋមន្រ្តី​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។​

សូមរំលឹក​ថា​៖​ វិមាន​ឈ្នះ-ឈ្នះ​នេះ ​បាន​ចាប់​ផ្តើម​សាង​សង់​ឡើង​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​ លើ​ទំហំ​ដី​៨​ហិច​តា​។​​ យ៉ាង​ណា​ក៏​ដោយ​ គេ​មិន​បាន​បញ្ជាក់​ថា ​ការ​ចំណាយ​នូវ​ការ​សាង​សង់​ អស់​ថវិកា​ប៉ុន្មាន​នោះ​ឡើយ​។​ ការ​សាង​សង់​វិមាន​ឈ្នះ-ឈ្នះ​នេះ ​គឺ​ដើម្បី​រំឭក​ដល់​គុណូបការៈ​ របស់​បុព្វ​បុរស​ខ្មែរ​គ្រប់​សម័យ​កាល ​ដែល​បាន​លះ​បង់​ជីវិត​ក្នុង​បុព្វ​ហេតុ​ជាតិ​មាតុ​ភូមិ​។​ ម្យ៉ាង​ទៀត​វិមាន​នេះ ​ក៏​ជា​និម្មិត​រូប​ នៃ​សុខ​សន្តិភាព ​ដែល​កម្ពុជា​ទទួល​បាន​ក្រោយ​ពី​បញ្ចប់​សង្គ្រាម​ស៊ីវិល​ដ៏​រ៉ាំរ៉ៃ​ ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​។​ ជាង​នេះ​ទៀត​វិមាន​នេះ​ នឹង​ក្លាយ​ជា​កេរ​មរតក​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ​ផង​ដែរ​។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ទណ្ឌិត សម រង្ស៊ី មិនបានផ្តល់ផលប្រយោជន៍អ្វី សម្រាប់ប្រជាពលរដ្ឋខ្មែរបន្តិចណាសោះឡើយ គឺទណ្ឌិតរូបនេះ តែងតែគិតដើរញុះញង់ ឱ្យបរទេសកាត់ជំនួយពីកម្ពុជាទៅវិញ។ ដែលផ្ទុយពីបរទេសមួយចំនួន នាំគ្នាកោតសសើរពីភាពរីកចម្រើន របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

រដ្ឋមន្ត្រីការពារជាតិរូបនេះ បានថ្លែងថា ទណ្ឌិត សម រង្ស៊ី យើងមិនអាចយកជាការអត់កើតនោះទេ គឺសម្តីរបស់គាត់ មិនថានិយាយអីនេះទេ។ ខ្ញុំស្គាល់ សម រង្ស៊ី មក ហាក់បីដូចជាមកមិនដែលមានអ្វី ជាការវិជ្ជមាន ចំពោះព្រះរាជណាចក្រកម្ពុជាយើង ដែលដើរវាឆ្ងាយម្លឹងៗ គេមិនដែលទទួលស្គាល់ ផ្ទុយស្រឡះពីអ្នកដ៏ទៃមួយចំនួន និងជនបរទេសទៀតគេទទួលស្គាល់ជាអច្ឆរិយមួយ។

សម្តេចពិជ័យសេនា​ទៀ បាញ់ បានបន្តថា ទម្រាំទទួលបាននូវការរីកចម្រើនលើគ្រប់វិស័យដូចពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា បានឆ្លងកាត់ភ្លើងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ រាប់ទសវត្សរ៍ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្លាប់ និងព្រាត់ប្រាសប្រពន្ធ កូន ក្រុមគ្រួសារ យ៉ាងសោកសម្រេងក្រៃលែង។ ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជាមានសន្ទុះយ៉ាងខ្លាំងលើការអភិវឌ្ឍទាំងសេដ្ឋកិច្ច នយោបាយ ជាពិសេសគោល នយោបាយឈ្នះ-ឈ្នះ ដ៏ថ្មីសន្លាងរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបង្កើតឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់ជាគណបក្ស ចំនួន១៥ ដែលមិនបានទទួលអាសនៈ ក្នុងការចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតីកាលទី៦នេះ។

សម្តេចរដ្ឋមន្ត្រីការពារជាតិ បានបញ្ជាក់ថា នយោបាយឈ្នះ-ឈ្នះនេះ បាននាំមកនូវភាពសុខដុមរមនា ដល់ប្រជាពលរដ្ឋកម្ពុជា នាំមកនូវឯកភាពជាតិ ជាពិសេសបានបិទបញ្ចប់ទាំងស្រុង នូវទំនាស់រវាងខ្មែរ និងខ្មែរ ឱ្យមករស់នៅក្នុងភាពសប្បាយរីករាយ មិនភ័យខ្លាចដូចពីអតីតកាលឡើយ៕

អត្ថបទដែលជាប់ទាក់ទង