ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចោរគាស់យកផ្លាកលេខអស់ ៧ផ្លាកលេខ នៅក្នុងបុរី ឌីអរ រេស៊ីដេន កម្លាំងនគរបាលចុះស្រាវជ្រាវ និងតាមចាប់ក្រុមចោរ

325

 

ភ្នំពេញ ៖ ក្រោយពីទទួលបណ្ដឹងពីម្ចាស់រថយន្ត៧នាក់ ដែលត្រូវចោរគាស់យកផ្លាកលេខទៅបាត់អស់នោះនៅវេលាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ កម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ រួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ដឹកនាំដោយលោកលោក ម៉ន វុធី អធិការនគរបាលខណ្ឌ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅធ្វើការស្រាវជ្រាវលើករណីនេះដល់ទីតាំងកន្លែងដែលកើតនៅក្នុងបុរី «ឌីអរ រេស៊ីដេន» (Dr residence) ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី២។

លោក ម៉ន វុធី បានភ្នាក់ងារព័ត៌មានថា ពិតជាមានករណីចោរលួចដោះផ្លាកលេខរថយន្តជិត១០គ្រឿងក្នុងពេលតែ១យប់មែន។ នៅពេលទទួលបានព័ត៌មាន និងមានពាក្យបណ្ដឹងពីជនរងគ្រោះដែលជាម្ចាស់រថយន្ត លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវដោយផ្ទាល់ ដោយសហការពីកងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ។

លោកអធិការ បានប្រាប់ឲ្យដឹងបន្តទៀត ទោះបីជាបែបណាកម្លាំងនគរបាល នឹងខិតខំស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីកំណត់មុខសញ្ញាព្រមទាំងតាមចាប់ខ្លួនក្រុមចោរទាំងនោះឲ្យខានតែបាននៅក្នុងពេលឆាប់ៗនេះ ដោយមិនទុកឲ្យរួចខ្លួនដោយស្រួលៗ ហើយដើរធ្វើសកម្មភាពបែបនេះបន្តទៀតនោះឡើយ។

សូមរម្លឹកថា ជនរងគ្រោះជាច្រើនគ្រួសារដែលរស់នៅក្នុងបុរី «ឌីអរ រេស៊ីដេន» (Dr residence) ដែលស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានប្រាប់ថា រថយន្តរបស់ពួកគាត់ត្រូវបានក្រុមចោរលូចគាស់យកផ្លាកលេខអស់៧គ្រឿង ក្នុងពេលតែមួយ។

ប្រជាជនរងគ្រោះបានឲ្យដឹង នៅព្រលប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះថា ក្នុងនោះមានរថយន្ត Lexus 470 ១គ្រឿង, រថយន្ត Lexus 330 ១គ្រឿង, រថយន្តព្រូស៣គ្រឿង, រថយន្តតាកូម៉ា១គ្រឿង និងរថយន្តមិនស្គាល់ម៉ាក១គ្រឿងទៀត ត្រូវបានក្រុមចោរចូលលួចគាស់យកផ្លាកលេខរថយន្ត មិនដឹងតាំងពីពេលណានោះទេ ខណៈព្រឹកឡើងទើបប្រជាពលរដ្ឋនាំគ្នាផ្អើលឆោឡោ រឿងបាត់ផ្លាកលេខរថយន្តតែម្តង។

ជនរងគ្រោះ បានបញ្ជាក់ថា រថយន្តពួកគេក្រុមចោរ បានគាស់យកផ្លាកលេខទាំងខាងមុខទាំងខាងក្រោយ ដោយរថយន្តទាំងនោះបានចតទុកនៅពីមុខផ្ទះ របស់ពួកគាត់ជារៀងរាល់ថ្ងៃ ហើយនៅក្នុង «បុរី ឌីអរេស៊ីដេន» នេះគឺមិនមានសន្តិសុខយាមកាមអ្វីនោះឡើយ ដែលជាហេតុធ្វើក្រុមចោរទាំងនោះឆ្លៀតឱកាស លួចគាស់យកផ្លាកលេខរថយន្ត របស់ប្រជាពលរដ្ឋទៅបាត់ដោយងាយស្រួលបែបនេះ។

ជនរងគ្រោះបានពោលពាក្យ ទាំងទឹកមុខមិនរីករាយថា គាត់ពិតជាមានការសោកស្តាយខ្លាំងណាស់ ព្រោះពេលនេះសមត្ថកិច្ចកំពុងរឹតបន្តឹង ទៅលើរថយន្តអត់ពន្ធ ហើយរថយន្តដែលអត់ផ្លាកលេខ គឺមិនអាចបានធ្វើដំណើរចរាចរណ៍ នៅតាមដងផ្លូវបានទេ លុះត្រាណាតែយើងស្នើសុំធ្វើផ្លាកលេខថ្មីជាមុនសិន៕

អត្ថបទដែលជាប់ទាក់ទង