ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រឡងបាក់ឌុបឆ្នាំនេះ បើមានបេក្ខជនណាក្តៅខ្លួន ក៏នៅតែអនុញ្ញាតឲ្យប្រឡងដដែល គ្រាន់តែដាក់ឲ្យនៅដាច់ដោយឡែកពីគេឯង

317

 

ភ្នំពេញ ៖ ក្នុងបរិបទកូវីដ-១៩ ដែលបាននិងកំពុងរីករាលដាលនូវឡើយ ប៉ុន្តែឆ្នាំនេះការប្រលងបាក់ឌុបនឹងដំណើរការ ការប្រឡងដូចបណ្ដាលឆ្នាំកន្លងទៅដដែល ហើយក្នុងការប្រឡងបាក់ឌុបឆ្នាំនេះ បើបេក្ខជន ក្តៅខ្លួន  បេក្ខជនរូបនោះ នៅតែអនុញ្ញាតឲ្យមានការប្រឡងដដែល ពោលគឺគ្រាន់តែដាក់ពួកគាត់ ឲ្យនៅដាច់ដោយឡែកពីគេឯងប៉ុណ្ណោះ។

នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំមួយនៅសាលារាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈក្នុងការប្រឡងបាក់ឌុប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ និង២៨ ធ្នូខាងមុខនេះ។

កិច្ចប្រជុំនេះ បានធ្វើឡើងនាល្ងាចថ្ងៃទី២៤ខែធ្នូឆ្នាំ ២០២១ នេះ ក្រោមវត្តមានលោកនួន ផារ័ត្ន ,លោកកើត ឆែអភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ លោកឃាងសេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយនិងលោកជា ជាតិអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ព្រមទាំងមានការចូលរួមពីអាជ្ញាធរខណ្ឌចំនួន ១០នៅក្នុងរាជធានីភ្នំពេញ។

លោកនួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះគឺអនុវត្ត មិនខុសពីឆ្នាំមុននោះទេ។ ប៉ុន្តែអ្វីដែលខុសប្លែកគឺដោយសារឆ្នាំនេះមានការរីករាលដាលជម្ងឺកូវីដ-១៩ ការប្រឡងគឺស្ថិតនៅ ក្នុងកិច្ចការពារខ្លួនពីជំងឺកូវីដ-១៩ បន្ថែមពីលើនេះ លោកក៏បានជំរុញឲ្យ កងកម្លាំងប៉ូលិស ,កងរាជអាវុធហត្ ថនិងអាជ្ញាធរខណ្ឌទាំងអស់ត្រូវរៀបចំ
សណ្ដាប់ធ្នាប់ទាំងក្នុង និងក្រៅបរិវេណសាលារៀនឲ្យបានល្អប្រសើរ ជៀសវាងឲ្យបាននូវ ការកកស្ទះចរាចរណ៍ ។ លោកក៏បានជំរុញឲ្យអាជ្ញាធរ សហការជាមួយមន្ទីរអប់រំយុវជននិងកីឡា ដើម្បីធានាសុវត្ថិភាព នៃការប្រឡងនេះ ទទួលបាននូវភាពជោគជ័យ។ បន្ថែមពីនេះត្រូវបង្កើតឲ្យមាន គណៈកម្មការទីបញ្ជាការស្រាលមួយ ដើម្បីទទួលព័ត៌មានក៏ដូចជា ធ្វើអន្តរាគមន៍ ទៅលើអ្វីផ្សេងៗដែលកើតមាន និងធ្វើការហាមដាច់ខាត ចំពោះការបើកអាជីវកម្មនៅក្បែរសាលា ពាក់ព័ន្ធនឹងការថតចម្លងឯកសារនានា។

លោកនួន ផារ័ត្ន បានបញ្ជាក់ផងដែរថា សម្រាប់បេក្ខជនដែលចូលប្រឡង បើមានការបញ្ហាសុខភាព ក្តៅខ្លួនខ្លាំង ក៏យើងមិនឲ្យពួកគាត់ ធ្លាក់ដោយស្វ័យប្រវត្តិនោះដែរ គឺយើងរក្សាបេក្ខជននោះអោយ នៅប្រឡងដដែល ដោយយើងគ្រាន់តែដាក់ ពួកគាត់ឲ្យនៅដាច់ដោយឡែកពីគេឯង។

លោកហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ នឹងចាប់ផ្ដើមប្រឡង នៅថ្ងៃចន្ទទី២៧ និង២៨ធ្នូឆ្នាំ២០២១ នៅមណ្ឌលប្រលងចំនួន ២៨ មណ្ឌល មាន៨៤០បន្ទប់ និងមានបេក្ខជនប្រលងចំនួន២០៧២៥៤នាក់ ។ ចំពោះទីតាំងផ្ញើយានយន្តរបស់បេក្ខជនប្រឡងទាំង២៨មណ្ឌល គឺមិនអនុញ្ញាតឲ្យយកលុយថ្លៃផ្ញើយានយន្តនោះទេ ដោយរដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់ថវិកាចំនួន ១លានរៀល សម្រាប់មួយមណ្ឌល ដើម្បីសម្រួលលើកិច្ចការផ្ញើយានយន្តនេះ ដោយមិនយកប្រាក់ពីបេក្ខជន៕

អត្ថបទដែលជាប់ទាក់ទង