ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេជ្ជបណ្ឌិត ឱ វណ្ណឌីន ទទូចដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងយុវវ័យទាំងឡាយ ចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ អូមីក្រុង

176

ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ទទូចដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងយុវវ័យទាំងឡាយចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ អូមីក្រុង, សូមនាំគ្នាប្រើប្រាស់ថ្ងៃដ៏សំខាន់របស់លោកអ្នក ជួយដល់អ្នកជាទីស្រឡាញ់ទាំងឡាយទាំងក្តីស្រឡាញ់ ផ្ទាល់ខ្លួន ក្តីស្រឡាញ់ក្រុមគ្រួសារខ្លួន។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានផ្ញើសារក្រើនរំលឹកដោយអនុវត្តជាចាំបាច់ នូវ ៣ការពារ និង៣កុំ និងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឫដូសជំរុញ​ ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ប្រភេទ​អូ​មី​ក្រុង​ ពីពេលនេះតទៅ។

លោកជំទាវវេជ្ជបណ្ឌិត បានថ្លែងថា ខ្ញុំសូមធ្វើការអំពាវនាវដ៏ទទូចដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងយុវវ័យទាំងឡាយចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ អូមីក្រុង ពី ពេលនេះតទៅ ។ តើយើងត្រូវធ្វើអ្វីខ្លះដើម្បីបង្ហាញពីក្តីស្រឡាញ់របស់យើងជូនចំពោះមនុស្សជាទីស្រឡាញ់ នៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩?

ការឆ្លងរាតត្បាត និងការបំប្លែងខ្លួននៃវីរុសកូវីដ-១៩ នៅតែជាកង្វល់របស់បណ្តាប្រទេសនៅលើពិភពលោក ក្នុងនោះក៏មានប្រទេសកម្ពុជា ផងដែរ។ ជាក់ស្ដែង គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ មានមនុស្សជិត ៤រយលាននាក់ ដែលបានឆ្លងវីរុសកូវីដ-១៩ និងមនុស្សជាង ៥លាន នាក់ដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ ហើយកម្ពុជា ក៏មានអ្នកឆ្លងសរុបចំនួន ១២៣,០៤២ នាក់ និងស្លាប់ចំនួន ៣,០១៥ នាក់ដែរ។ ដូច្នេះបុគ្គលគ្រប់រូបចាំបាច់ត្រូវបន្តការពារខ្លួនពីការចម្លងវីរុសដ៏កាចសាហាវនេះ ជាពិសេសគឺមនុស្សជាទីស្រឡាញ់របស់ខ្លួន ដោយ មិនត្រូវមើលរំលងពីលទ្ធភាពនៃការវាយលុកដ៏ខ្លាំងក្លារបស់សត្រូវអត់ស្រមោល អូមីក្រុង នាពេលនេះឱ្យសោះបើទោះបីជាវាមានសភាពឈឺ ស្រាលជាង ដែលតា ក៏ដោយតែ អូមីក្រុង ក៏អាចធ្វើឱ្យមនុស្សស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់នៅតាមបណ្តាប្រទេសមួយចំនួននៅលើសាកល លោករួចហើយដែរ។

ថ្ងៃនៃក្តីស្រឡាញ់ ១៤ កុម្ភៈ មិនមែនជាទំនៀមទម្លាប់ប្រពៃណីយជាតិខ្មែរយើងនោះទេ តែបងប្អូនប្រជាពលរដ្ឋជាពិសេសយុវវ័យរបស់ យើងមួយចំនួនបានប្រើប្រាស់ថ្ងៃនេះ ធ្វើការជួបជុំគ្នាពិសារអាហារជាមួយគ្នា ដើម្បីបង្ហាញនូវក្តីស្រឡាញ់របស់ខ្លួនជូនទៅបុគ្គលណាម្នាក់ ឬច្រើន នាក់ដែលខ្លួនស្រឡាញ់។ នៅក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩ ជាពិសេស អូមីក្រុង សូមបងប្អូន និងយុវវ័យទាំងអស់ កុំភ្លេចខ្លួនឱ្យសោះ ថា អូមីក្រុង កំពុងតែចរាចរយ៉ាងសកម្មនៅក្នុងសហគមន៍យើងហើយៗ យើងទាំងអស់គ្នាក៏មិនត្រូវព្រងើយកន្តើយមិនអើពើទៅនឹងការទប់ស្កាត់ ការឆ្លងរាតត្បាតជំងឺដ៏កាចសាហាវនេះដែរ។ យើងត្រូវបង្កើននូវសកម្មភាពចូលរួមអនុវត្តន៍វិធានការ ៣ការពារ (ពាក់ម៉ាស់ លាងដៃ រក្សាគម្លាត សុវត្ថិភាពបុគ្គល) ៣កុំ (កុំទៅកន្លែងដែលមានមនុស្សច្រើន កុំទៅកន្លែងដែលបិទជិត កុំចាប់ដៃគ្នាឫកៀកគ្នា) និងនាំមនុស្សជាទីស្រឡាញ់របស់ ខ្លួន ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសដូសទី៣ ឫដូសជំរុញ ឱ្យបានគ្រប់ៗគ្នាជាចាំបាច់ ដើម្បីផ្តល់នូវក្តីស្រឡាញ់ពិតៗ ជូនដល់ពួកគាត់ នា ពេលនេះព្រោះវ៉ាក់សាំងកូវីដ-១៩ រួមជាមួយនឹងការនាំគ្នាអនុវត្តន៍ឱ្យបានត្រឹមត្រូវនូវវិធានការ ៣ការពារ និង៣កុំ គឺពិតជាជួយសង្គ្រោះអាយុជីវិត មនុស្សជាទីស្រឡាញ់របស់លោកអ្នក។ សូមនាំគ្នាប្រើប្រាស់ថ្ងៃដ៏សំខាន់របស់លោកអ្នក ជួយដល់អ្នកជាទីស្រឡាញ់ទាំងឡាយទាំងក្តីស្រឡាញ់ ផ្ទាល់ខ្លួន ក្តីស្រឡាញ់ក្រុមគ្រួសារខ្លួន និងផ្តល់នូវការការពារសុខភាពពីជំងឺកូវីដ-១៩ នៅក្នុងសហគមន៍យើងឱ្យគ្រប់ៗគ្នា សំដៅកាត់បន្ថយការ ឆ្លងរាលដាលជំងឺកូវីដ-១៩ និងបន្តការរស់នៅធម្មតាក្នុងប្រក្រតីភាពថ្មីរបស់យើងបានយូរអង្វែងនិរន្តន៍តទៅ។ សូមកុំឱ្យមានការស្តាយក្រោយ ដោយសារការធ្វេសប្រហែសរបស់យើង ចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ទាំងអស់គ្នាពីពេលឥឡូវនេះតទៅ។
សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានសេចក្តីសុខ សុខភាពល្អ ចៀសផុតនូវជំងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង