ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឈ្មោះកីឡាករ ២៨នាក់ ដែលជាប់ក្នុងការ ធ្វើតេស្តត្រៀមព្រឹត្តិការណ៍ AFF U23 Championship 2022

79

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញបញ្ជីឈ្មោះផ្លូវការកីឡាករ ២៨នាក់ ចុងក្រោយនៃក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជាដែលជាប់ក្នុងការធ្វើតេស្តសម្រាប់ចូលរួមប្រកួតពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍អាយុក្រោម ២៣ឆ្នាំ AFF U23 Championship 2022 នៅកម្ពុជាហើយកាលពីរសៀលថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២២ម្សិលម៉ិញនេះ។

កីឡាករ ២៨នាក់ចុងក្រោយ ដែលឆ្លងផុតការធ្វើតេស្ដ២ដំណាក់កាល នេះ រួមមានកីឡាករក្លិបបឹងកេត ៧នាក់ (ហ៊ុល គឹមហ៊ុយ, កយ សាលីម, សៀង ចន្ធា, សឿត ណាវ៉ា, តាំង ប៊ុនឆៃ, លឹម អារុណរ៉េយមិន និងសាន គឹមហេង)។ វិសាខា ៦នាក់ (វីរៈ ដារ៉ា, ទេស សម្បត្តិ, ឡេង ណូរ៉ា, សារ ទី, រដ្ឋ វីរៈ និង គី រីណា)។ ព្រៃវែង ៤នាក់ (ចាន់ សារ៉ាពេជ្រ, ស រតនា, ស៊ិន សុវណ្ណមករា និងអាត អូនតូច)។ ភ្នំពេញក្រោន ៣នាក់ (យ៉ើ សាហ្វី, សឿត បារាំង និងជួន ចាន់ចាវ)។ ព្រះខ័នរាជស្វាយរៀង ៣នាក់ (មិន រតនៈ, នី សុខរី និង អ៊ាន ពិសី)។ កងយោធពលខេមរភូមិន្ទ ៣នាក់ (ណារ៉ុង កក្កដា និង ញាណ សុស៊ីដាន)។ អគ្គិសនីកម្ពុជា ២នាក់ (ណុប ដេវីត និងឈឿង វិស៊ីនុ) និងអង្គរថាយហ្គឺរម្នាក់ (ម៉ៅ ពិសិដ្ឋ)។

កីឡាករដ៏សំខាន់មួយរូប ដែលតែងជាប់ និងជួយក្រុមជម្រើសជាតិកន្លងមក គឺកីឡាករ លឹម ពិសុទ្ធបានអវត្តមានដោយសារខ្សែប្រយុទ្ធវ័យក្មេងរូបនេះ មានបញ្ហារបួសអំឡុងពេលហ្វឹកហាត់ រូបគេមិនអាចជួយក្រុម កម្ពុជា ក្នុងបេសកកម្មប្រកួត AFF U23 Championship 2022 នាដើមសប្ដាហ៍ក្រោយនេះបាន។ ហេតុនេះលោក Keisuke Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា សម្រេចឲ្យកីឡាកររូបនេះ សម្រាកព្យាបាលរបួស ជៀសវាងនាំឲ្យមានរបួសរ៉ាំរ៉ៃបង្ករភាពធ្ងន់ធ្ងរ និងប៉ះពាល់ដល់អាជីពគេនាថ្ងៃក្រោយ។
កម្ពុជាបានទទួលសិទ្ធិធ្វើម្ចាស់ផ្ទះការប្រកួតពានរង្វាន់ AFF U23 Championship 2022 ចាប់ពីថ្ងៃទី១៤ស្អែកនេះដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយប្រើប្រាស់ទីលានប្រកួតចំនួន២ គឺពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍។ ក្រុម កម្ពុជា ស្ថិតក្នុងពូល A ជាមួយទីម័រខាងកើត ហ្វីលីពីន និងព្រុយណេ ខណៈការប្រកួតបើកឆាក កម្ពុជាត្រូវជួបព្រុយណេមុនគេ នាថ្ងៃទី១៤ ខែកុម្ភៈតែម្ដង ។

រីឯពូល B នៅសល់បេក្ខភាពប្រកួតប្រជែង ៣ក្រុមប៉ុណ្ណោះ បន្ទាប់ពីឥណ្ឌូនេស៊ី រួមមានក្រុមម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ គ្រាដែលពូល C មាន ៣ក្រុមដូចគ្នា រួមមាន ថៃ វៀតណាម និងសិង្ហបុរី៕

អត្ថបទដែលជាប់ទាក់ទង