អាវុធហត្ថស្រុកកូនមុំ ចាប់ជនសង្ស័យ ៤នាក់ ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន
រតនគិរី៖ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកូនមុំ បានបើកប្រតិបត្តិការ បង្រ្កាបឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់ ដែលជួញដូរនិងប្រើប្រាស់គ្រឿងញៀន។
ថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១៨ លោកវរសេនីយ៍ទោ គិន វណ្ណា ប្រធានមន្ទីយុត្តិធម៌នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកូនមុំ ដោយមានការសម្របសម្រួលពី លោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី កម្លាំងបានចុះបង្ក្រាបករណីគ្រឿងញៀន ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់ ឈ្លោះ សុខ សុខុម ហៅម៉េង ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ, ឈ្មោះ ទៀង ប្រាសាទ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ, ឈ្មោះ អ៊ិត ផល្លី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ជនសង្ស័យទាំងបីមានលំនៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី និងឈ្មោះ ឃិន ផលលឿន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ មានទីលំនៅក្នុងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។
កម្លាំងបានចាប់យកវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា ចំនួន ៦ថង់(ធំ២ តូច៤)ទម្ងន់ ២២៤,៧៨ ក្រាមថ្លឹងទាំងសំបកថង់, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ១គ្រឿង, ទូរស័ព្ទចំនួន ២, លោហធាតុពណ៌លឿងរួមមានខ្សែក ចំនួន៣ខ្សែ បន្តោងចំនួន ៤បន្តោង,កងដៃចំនួន១០, ខ្សែដៃចំនួន២ ខ្សែស ចិញ្ចៀនចំនួន៤, ក្រវិលចំនួន ១ គូរ, ប្រាក់រៀល ចំនួន ៥០០.០០០រៀល ។
បច្ចុប្បន្នការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តកំពុងកសាង សំណុំរឿងតាមនីតិវិធី ៕