ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា នាថ្ងៃទី ២៣-២៤ ខែកុម្ភៈ

323

 

ភ្នំពេញ ៖ លោក ដាតុ ស្រ៉ី អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប (Dato’ Sri Ismail Sabri bin Yaakob) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២២។

បើតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា លោក ដាតុ ស៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងអំឡុងពេលទស្សនកិច្ច ឯកឧត្តម ដាតុ ស៊ី អ៊ីស្មាអែល សាប៊ី ប៊ីន យ៉ាកុប នឹងអញ្ជើញ ចូលថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ ឯកឧត្តមនាយករដ្ឋមន្ត្រី ក៏នឹង អញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានិង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ឯកឧត្តម ដាតុ ស៊ី អ៊ីស្មាអែល សាប៊ី ប៊ីន យ៉ាកុប នឹងមានជំនួបពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន វិស័យ ពាណិជ្ជកម្មនិងការវិនិយោគ សេដ្ឋកិច្ច-សង្គម ការពារជាតិនិងសន្តិសុខ និងការស្ដារសង្គម-សេដ្ឋកិច្ច ឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ នាយករដ្ឋមន្ត្រីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម ផងដែរ។ នៅចុងបញ្ចប់នៃជំនួប នាយករដ្ឋមន្ត្រី ទាំងពីរ នឹងអញ្ជើញធ្វើសន្និសីទកាសែតរួមគ្នា។

ឯកឧត្តម ដាតុ ស៊ី អ៊ីស្មាអែល សាប៊ី ប៊ីន យ៉ាកុប ក៏នឹងអញ្ជើញដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌប ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។

ខណៈឆ្នាំ២០២២ ជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ដាតុ ស៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នឹងក្លាយជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់រវាងកម្ពុជា និងម៉ាឡេស៊ី ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និង ពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕

PUTRAJAYA, 28 April — Menteri Kanan (Kluster Keselamatan) Datuk Seri Ismail Sabri Yaakob pada sidang media harian berkenaan Perintah Kawalan Pergerakan (PKP) di Perdana Putra hari ini.
— fotoBERNAMA (2020) HAK CIPTA TERPELIHARA
អត្ថបទដែលជាប់ទាក់ទង