ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បង្ក្រាបរថយន្ត២០គ្រឿង ដែលអត់ពន្ធ និងពាក់ស្លាកលេខក្លែងក្លាយ នៅខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី

103

 

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានសហការជាមួយកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបរថយន្ត២០គ្រឿងដែលអត់ពន្ធ និងពាក់ស្លាកលេខក្លែងក្លាយនៅខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី។

ការចុះបង្ក្រាបនេះធ្វើឡើងតាមអនុសាសន៍របស់លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើករណីផុតសុពលភាព នៃការបន្ធូរបន្ថយប្រាក់ពន្ធនាំចូល១០% ចំពោះរថយន្តចង្កូតឆ្វេង ដែលមានស្រាប់នៅក្នុងស្រុក និងដោយមានការចង្អុលបង្ហាញ ពីលោកអគ្គនាយករង និងជាប្រធាននាយកដ្ឋាន បង្ការនិងបង្រ្កាបបទល្មើស។

លោក ព្រាប គារ៉ាត ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះបង្ក្រាបលើរថយន្តចង្កូតឆ្វេង អត់ពន្ធនៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ដោយបានសហការជាមួយ មន្ត្រីកងរាជអាវុធហត្ថ និងមន្ត្រីស្នងការរដ្ឋាន នគរបាលក្នុងខេត្តនីមួយៗ ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញាទាំងបីខេត្តផងដែរ។

ជាលទ្ធផលរយៈពេលបួនថ្ងៃមន្ត្រីគយតំបន់៦ បង្ក្រាបបានរថយន្តអត់ពន្ធ ពាក់ស្លាកលេខក្លែងក្លាយ រួមមាន៖ ខេត្តត្បូងឃ្មុំ មានរថយន្ត Lexus RX 330 ចំនួន៤គ្រឿង រថយន្តLexus RX 400H ចំនួន២គ្រឿង និងរថយន្តLexus RX 350 ចំនួន១គ្រឿង។ ខេត្តក្រចេះ មានរថយន្ត Lexus RX 330 ចំនួន៤គ្រឿង។ ខេត្តមណ្ឌលគិរី មានរថយន្ត Lexus RX 330 ចំនួន៥គ្រឿង និងរថយន្ត Lexus RX 400H ចំនួន៤គ្រឿង។ សរុបទាំងអស់មានរថយន្តចំនួន២០គ្រឿង។

បច្ចុប្បន្នរថយន្តអត់ពន្ធទាំងម្ភៃគ្រឿងនេះ បាននាំយកមករក្សាទុកជាបណ្ដោះអាសន្ននៅ ទីតាំងគយចល័តតំបន់៦ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីធ្វើកំណត់ហេតុ បង់ពន្ធទៅតាមនីតិវិធីច្បាប់គយ៕

អត្ថបទដែលជាប់ទាក់ទង