អគ្គស្នងការរង និងនាយកដ្ឋានអង្គរក្ស ជួបប្រជុំពិភាក្សាការងារជាមួយអគ្គរដ្ឋទូត និងអនុព័ន្ធយោធាស្ថានទូតម៉ាឡេស៊ី ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូននាយករដ្ឋមន្ត្រីម៉ាឡេស៊ី មកធ្វើទស្សនៈកិច្ចផ្លូវការនៅកម្ពុជា
ភ្នំពេញ ៖ នៅនាយកដ្ឋានអង្គរក្ស នាព្រឹកថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស បានធ្វើការជួបប្រជុំពិភាក្សាជាមួយលោក Khairul Kamaludin អគ្គរដ្ឋទូតរងនៃស្ថានទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក Hazmi Abd Hamid អនុព័ន្ធយោធាស្ថានទូត ព្រមទាំងមន្ត្រីស្ថានទូតមួយចំនួនទៀត អំពីការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសម៉ាឡេស៊ី ដែលដឹកនាំដោយលោក Dato Sri Ismail Bin YAAKOB នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលនឹងត្រូវមកធ្វើទស្សនៈកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ ។
តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ដាតុ ស៊្រី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២២។
ក្នុងអំឡុងពេលទស្សនកិច្ច ឯកឧត្តម ដាតុ ស៊្រី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នឹងអញ្ជើញចូលថ្វាយ បង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញ ចូលជួបសម្ដែងការគួរសមចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានិង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ឯកឧត្តម ដាតុ ស៊្រី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នឹងមានជំនួបពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន វិស័យពាណិជ្ជកម្ម និងការវិនិយោគ សេដ្ឋកិច្ច-សង្គម ការពារជាតិនិងសន្តិសុខ និងការស្តារសង្គម -សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ នាយករដ្ឋមន្រ្តីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម ផងដែរ។ នៅចុងបញ្ចប់នៃជំនួប នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញធ្វើសន្និសីទកាសែតរួមគ្នា។
ឯកឧត្តម ដាតុ ស៊្រី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប ក៏នឹងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅ វិមានឯករាជ្យ និងនៅមណ្ឌប ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។
ខណៈឆ្នាំ២០២២ ជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ដាតុ ស៊្រី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នឹងក្លាយជាព្រឹត្តិការណ៍ ដ៏មានសារសំខាន់ ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អដែលមាន ស្រាប់រវាងកម្ពុជា និងម៉ាឡេស៊ី ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ ទៅវិញទៅមកនៃប្រទេសទាំងពីរ៕