ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម ផ្ដល់នូវ គោលការណ៍ណែនាំជាគន្លឹះសំខាន់ៗ ក្នុងការពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ ការថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ ប្រទេសជាតិប្រកបដោយចីរភាព

34

 

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើក ទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថៃ្ងព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២។

សម្តេចក្រឡាហោ បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងមាន សមត្ថកិច្ចនានា និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅ លើកកម្ពស់ជីវភាពរស់នៅ ការបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងការខិតខំចូលរួម ក្នុងការដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩ ការដោះស្រាយក្តីកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅមូលដ្ឋានបានជាបន្ត បន្ទាប់ ជាពិសេសការចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលក្នុង ការប្រយុទ្ធការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងចូលរួមជំរុញ និងគាំទ្រដល់ដំណើរការ ចាក់វ៉ាក់សាំងជូនមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ ផ្អែកតាមយុទ្ធសាស្ត្រចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ បង្កលក្ខណសម្បត្តិដល់ការបើកប្រទេសដំណើរការពេញលេញលើគ្រប់វិស័យ ហើយក្រសួង ស្ថាប័ន និងរដ្ឋបាលសាធារណៈគ្រប់ថ្នាក់ក៏បានធ្វើសកម្មភាពពេញលេញទៅតាមគន្លង ប្រក្រតីភាពថ្មី ចាប់តាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ននេះ។

មកដល់ឆ្នាំ២០២២នេះ ស្ថានភាពនៃជំងឺកូវីដ-១៩ នៅតែបន្តឆ្លងរាលដាលគួរឲ្យ ព្រួយបារម្ភ ជាពិសេសមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង បាននិងកំពុងតែឆ្លង រីករាលដាលក្នុងសហគមន៍នៅក្នុងរាជធានីភ្នំពេញ និងខេត្តនានាផងដែរ។ ប៉ុន្តែទោះជាយ៉ាង ណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំ ដាក់ចេញនូវគោលការណ៍ និងវិធានការនានាជាមួយការគាំទ្រ ការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន
រដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋ រួមគ្នាដើម្បីគ្រប់គ្រង ឆ្លើយតបចំពោះជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ជាពិសេសការស្វះស្វែងរកវ៉ាក់សាំងសម្រាប់ ចាក់ជូនប្រជាពលរដ្ឋ រួមនឹងការចាក់ដូសជំរុញដើម្បីបង្កើនភាពស៊ាំដ៏រឹងមាំក្នុងសហគមន៍ សំដៅបន្ថយករណីឆ្លង និងឈឺធ្ងន់ ឈានទៅរកការកាត់ផ្ដាច់ខ្សែចម្លងនៅក្នុងសហគមន៍។

ទន្ទឹមនឹងវិបត្តិសុខភាពសាធារណៈអូសបន្លាយដោយសារជំងឺកូវីដ-១៩ ការប្រកួតប្រជែង ក្នុងចំណោមប្រទេសមហាអំណាច ដើម្បីដណ្តើមភូមិសាស្ត្រនយោបាយ យោធា សេដ្ឋកិច្ច បច្ចេកវិទ្យាមានលក្ខណៈ កាន់តែតានតឹង ស្មុគស្មាញ និងគ្រោះថ្នាក់សម្រាប់ពិភពលោក។ ដើម្បីបម្រើឲ្យសកម្មភាពប្រកួតប្រជែងដ៏ស្រួចស្រាល់ខាងលើនេះ មហាអំណាចមួយចំនួនបាន បន្តបង្កើនសកម្មភាពជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋតូចៗ និងក្រីក្រ ដើម្បីបម្រើផល ប្រយោជន៍របស់ខ្លួន។ ស្របពេលដែលទទួលរងសម្ពាធពីសភាពការណ៍សកលទាំងនេះ នៅក្នុង ផ្ទៃក្នុងកម្ពុជា ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិនៅក្នុងនិងក្រៅប្រទេស បានបន្ត ខិតខំរិះរកឧបាយកលធ្វើសកម្មភាពខុសច្បាប់ ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលក្នុងគោលបំណង ដណ្ដើមអំណាច ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើរដ្ឋធម្មនុញ្ញ និងគោលការណ៍ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

ផ្អែកលើបញ្ហាប្រឈមជាសកលខាងលើនេះ និងផ្អែកតាមទិសដៅការងារឆ្នាំ២០២២ ដែលបានធ្វើការឯកភាពគ្នាក្នុងសន្និបាតនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចក្រឡាហោម សូមផ្ដល់នូវ គោលការណ៍ណែនាំជាគន្លឹះសំខាន់ៗ ដូចខាងក្រោម ៖ ការពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ ការថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ ប្រទេសជាតិប្រកបដោយចីរភាព មានការចូលរួម និងបរិយាប័ន្ន ព្រមទាំងមានភាពសុខដុម នៅក្នុងសង្គម។ លើមូលដ្ឋាននេះ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ន រដ្ឋបាលរាជធានីភ្នំពេញ ត្រូវ៖

– បន្តចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យ បូរណភាព ទឹកដី អធិបតេយ្យភាពជាតិ ត្រូវការពារសន្តិសុខជាតិឲ្យបានរឹងមាំ សំដៅធានានូវប្រក្រតីភាពនៃស្ថាប័នជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ បន្តជំរុញ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារនិងលើកស្ទួយសិទ្ធិសេរីភាពគ្រប់បែបយ៉ាង របស់ប្រជាពលរដ្ឋ និងការពង្រឹងនីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន

– បង្កើនការគ្រប់គ្រងសភាពការណ៍នៅមូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់រាល់សកម្មភាព នានារបស់ក្រុមប្រឆាំងជ្រុលនិយម ដែលប្រឌិត បំផុសបំផុល ញុះញង់ ប៉ុនប៉ងបង្កឲ្យមាន ភាពចលាចលវឹកវរក្នុងសង្គម

– ត្រូវយកចិត្តទុកដាក់គ្រប់គ្រង សម្របសម្រួល និងដោះស្រាយជម្លោះ និងការទាមទារ តវានានាដោយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់ និងត្រូវជៀសវាងជាដាច់ខាតនូវអំពើហិង្សា តាមគ្រប់រូបភាព។

ឆ្នាំ២០២២ ប្រទេសកម្ពុជានឹងមានព្រឹត្តិការណ៍ធំៗចំនួន២ គឺ ការទទួលតួនាទីជា ប្រធានប្តូរវេនរបស់អាស៊ាន និងការរៀបចំដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។ ហេតុនេះ អាជ្ញាធរ និងកងកម្លាំង មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់អនុវត្តនូវវិធានការសំខាន់ៗមួយចំនួន ដូចខាងក្រោម៖

–ត្រូវលើកកម្ពស់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីចូលរួមបន្ត បរិយាកាសល្អប្រសើរជាទូទៅដល់ការរៀបចំកិច្ចប្រជុំ និងការរៀបចំព្រឹត្តិការណ៍នានាក្នុង ពេលដែលកម្ពុជាទទួលធ្វើជាប្រធានប្តូរវេនរបស់អាស៊ាន។ ទន្ទឹមនេះ ត្រូវផ្ដល់នូវការគាំទ្រ និងសហការជាមួយ គ.ជ.ប ចាត់ចែងអនុវត្តកិច្ចការនានាស្របតាមច្បាប់តម្រូវ ដើម្បីធានាឲ្យ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅប្រកប ដោយសុវត្ថិភាព មានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។

– ត្រូវបង្កើនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឲ្យបាន ល្អប្រសើរគ្រប់មូលដ្ឋាន ជាពិសេសត្រូវបង្កើនកិច្ចសហការក្នុងចំណោមកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរ និងបំផុសឲ្យមានការចូលរួមពីប្រជាពលរដ្ឋចូលរួមអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបសកម្មភាពលួច ឆក់ ប្លន់ ល្បែងស៊ីសង ខុសច្បាប់ ក្រុមក្មេងទំនើងគ្រប់មូលដ្ឋាន ទូទាំងរាជធានីភ្នំពេញ

– ត្រូវបង្កើនការអប់រំណែនាំដល់ម្ចាស់រោងចក្រ សហគ្រាស ស្ថានីយ៍ប្រេង កន្លែងលក់ ហ្គាស និងអាជីវកម្មដ្ឋាននានា ព្រមទាំងប្រជាពលរដ្ឋ ឲ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុង ការបង្ការគ្រោះអគ្គិភ័យ។ ទន្ទឹមនេះ ត្រូវសហការជាមួយម្ចាស់ទីតាំងទាំងនោះរៀបចំឲ្យមាន ក្រុមពន្លត់អគ្គិភ័យកាតព្វកិច្ច និងការរៀបចំក្រុមបង្ការ និងពន្លត់អគ្គិភ័យស្ម័គ្រចិត្តនៅតាម សង្កាត់ ដែលមានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាសេនាធិការ ស្របតាមស្មារតីន ប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីការបង្កើត និងការគ្រប់គ្រងក្រុមបង្ការ និងពន្លត់អគ្គិភ័យ កាតព្វកិច្ច និងក្រុមបង្ការ និងពន្លត់អគ្គិភ័យស្ម័គ្រចិត្ត ដោយត្រូវផ្តល់នូវការបណ្តុះបណ្តាល និងបំពាក់ឧបករណ៍ពន្លត់អគ្គិភ័យឲ្យបានសមស្របទៅនឹងទំហំទីតាំង និងហានិភ័យនៃគ្រោះ អគ្គិភ័យដែលអាចកើតមាន។ ជាមួយគ្នានេះ កងកម្លាំងពន្លត់អគ្គិភ័យត្រូវត្រួតពិនិត្យ ថែទាំ រថយន្ត ឧបករណ៍ សម្ភារបរិក្ខារ សម្រាប់ពន្លត់អគ្គិភ័យឲ្យបានជាប់ជាប្រចាំ និងចាត់ឲ្យមាន មន្ត្រីប្រចាំការ ដើម្បីត្រៀមលក្ខណៈក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យឲ្យបានទាន់ពេលវេលា និង មានប្រសិទ្ធភាពខ្ពស់។

– ត្រូវខិតខំពង្រឹងសមត្ថភាពជំនាញ វិន័យ ក្រមសីលធម៌វិជ្ជាជីវៈរបស់នគរបាលនៅ តាមមូលដ្ឋាន និងលើកកម្ពស់ទំនាក់ទំនងគ្នារវាងអាជ្ញាធរ កម្លាំងនគរបាល និងកម្លាំងមាន សមត្ថកិច្ចនានានៅមូលដ្ឋាន ព្រមទាំងរួមគ្នាក្នុងការចុះជួបប្រាស្រ័យជាមួយប្រជាពលរដ្ឋ តាមរយៈការអប់រំប្រជាពលរដ្ឋឲ្យចូលរួមរក្សាសន្តិភាព សណ្ដាប់ធ្នាប់សុវត្ថិភាពនៅមូលដ្ឋាន ការចុះជួយដោះស្រាយបញ្ហាប្រឈម និងការលំបាកនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន

–គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី និងខណ្ឌត្រូវពង្រឹងរបៀបរបបការងារ ការសម្របសម្រួលកម្លាំងមានសមត្ថកិច្ចនានាក្នុងការតាមដាន និងវាយតម្លៃសភាពការណ៍ ដើម្បីរៀបចំផែនការសកម្មភាព និងវិធានការនានាឲ្យបានសមស្របសំដៅពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសុវត្ថិភាពសង្គមនៅគ្រប់មូលដ្ឋានទូទាំងរាជធានី ភ្នំពេញប្រកបដោយប្រសិទ្ធភាព ។

នៅឆ្នាំ២០២១កន្លងមកនេះ កងកម្លាំងមានសមត្ថកិច្ចបានស្រាវជ្រាវរកឃើញ ទីតាំងធំៗមួយចំនួនដែលឧក្រិដ្ឋជនគ្រឿងញៀនបានប្រើប្រាស់សារធាតុគីមីនាំចូល ដើម្បី លួចលាក់កែច្នៃផលិត និងចរាចរ ជួញដូរគ្រឿងញៀនដោយខុសច្បាប់ ដែលបានជះឥទ្ធិពល ជាអវិជ្ជមានមកលើកម្ពុជាយើង។ ផ្អែកលើស្ថានភាពនេះ រដ្ឋបាលរាជធានីភ្នំពេញត្រូវបង្កើន ការយកចិត្តទុកដាក់អនុវត្តនូវកិច្ចការសំខាន់ៗមួយចំនួន ដូចខាងក្រោម៖

– កងកម្លាំងមានសមត្ថកិច្ចត្រូវពង្រឹងសមត្ថភាពជំនាញក្នុងការស្រាវជ្រាវ និងបង្ក្រាប គ្រឿងញៀនខុសច្បាប់ឲ្យស្របតាមការវិវត្តិប្រែប្រួល និងកាន់តែស្មុគស្មាញនៃបច្ចេកវិទ្យាផលិត និងសកម្មភាពការជួញដូរ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និង ក្នុងសង្គមជាតិទាំងមូល

– បង្កើនការគ្រប់គ្រងមុខសញ្ញាជួញដូរ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀនខុសច្បាប់ សំដៅគ្រប់គ្រង និងកាត់ផ្តាច់ចរន្តនៃការជួញដូរ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ជាពិសេស គ្រប់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីគ្រប់ជាន់ថ្នាក់ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ខុសច្បាប់

– បង្កើនការអប់រំប្រជាពលរដ្ឋគ្រប់ៗរូបឲ្យយល់ដឹង និងលើកកម្ពស់ការទទួលខុស ត្រូវក្នុងការបង្ការ ទប់ស្កាត់ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀនខុសច្បាប់ ទាំងបុគ្គលម្នាក់ៗ ទាំង ក្នុងក្រុមគ្រួសារនីមួយៗ និងនៅតាមសហគមន៍នានាក្នុងមូលដ្ឋាន ព្រមទាំងចូលរួមឲ្យបាន កាន់តែសកម្មជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ខុសច្បាប់ឲ្យបានជាប់ជាប្រចាំ

– ត្រូវបន្តពង្រឹង និងលើកកម្ពស់កិច្ចសហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច នានាដើម្បីគ្រប់គ្រងការស្តុកទុក ការចែកចាយ និងការប្រើប្រាស់សារធាតុគីមីដែលបាននាំចូល ដើម្បីកុំឲ្យសារធាតុគីមីទាំងនោះធ្លាក់ក្នុងដៃឧក្រិដ្ឋជនគ្រឿងញៀនយកទៅកែច្នៃផលិត និង ចែកចាយ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេសជាតិយើង៕

អត្ថបទដែលជាប់ទាក់ទង