ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ ជំងឺកូវីដ-១៩នៅកម្ពុជា មានសភាពធូរស្រាលឡើងវិញ មិនមែនជារឿងចៃដន្យនោះទេ

35

 

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា ការឆ្លងរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជា ដែលបច្ចុប្បន្នមានសភាព ធូរស្រាលមកវិញ មិនមែនជារឿងចៃដន្យនោះទេ។ ការលើកឡើងរបស់នាយឧត្តមសេនីយ៍ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សា ការងារជាមួយ នាយឧត្តមសេនីយ៍ តាន់ស្រ៊ី ដាតូស្រ៊ី ហ្សាមរ៉ូស ប៊ីន ម៉ូដ ហ្សេន មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី នៅក្នុងឱកាសដឹកនាំប្រតិភូមកបំពេញ ទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៣ មីនា នេះ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងផ្លាស់ប្ដូរយុទ្ធវិធីទាន់ពេលវេលារបស់រាជរដ្ឋាភិបាល ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងដោយមានការចូលរួម ពីកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមជួយ ឧបត្ថម្ភគាំទ្រពីបណ្ដាប្រទេសជាមិត្ត អង្គការសុខភាពពិភពលោក ធ្វើឱ្យកម្ពុជាទប់ស្កាត់បាន ការរីករាលដាលជំងឺកូវីដ-១៩ ហើយបច្ចុប្បន្ន ស្ថានភាពនៃការឆ្លងរីក រាលដាលមានភាពធូរស្រាល អាចគ្រប់គ្រងបាន និងឈានដល់ការបើក ប្រទេសពេញលេញឡើងវិញ។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកម្ពុជា ក៏បានលើកឡើងពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរនាពេលកន្លងមក ក្នុងនោះលើវិស័យកងទ័ព ប្រទេសទាំងពីរនៅតែបន្ត កិច្ចសហប្រតិបត្តិការជាមួយគ្នា រួមមាន ការផ្លាស់ប្ដូរព័ត៌មាន ការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ការហ្វឹកហ្វឺន ការធ្វើលំហាត់សមយុទ្ធរួមគ្នា ការផ្លាស់ប្ដូរទស្សនកិច្ច និងបានសំណូមពរ ដល់កងទ័ពម៉ាឡេស៊ី បន្តចូលរួមជួយក្នុងលទ្ធភាពដល់ ការផ្ដល់អាហារូបករណ៍សម្រាប់ ការហ្វឹកហ្វឺនរបស់កងយោធពលខេមរភូមិន្ទ។

នាឱកាសនោះ នាយឧត្តមសេនីយ៍ តាន់ស្រ៊ី ដាតូស្រ៊ី ហ្សាមរ៉ូស ប៊ីន ម៉ូដ ហ្សេន បានសម្ដែងការអរគុណចំពោះឯកឧត្តម នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ កងយោពលខេមរភូមិន្ទ ដែលបានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូបាន ចូលជួបសំដែងការគួរសម ដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។

នាយឧត្តមសេនីយ៍ ហ្សាមរ៉ូស ប៊ីន បានគួសបញ្ជាក់ថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលកងទ័ពប្រទេសទាំងពីរបានសហការគ្នាជាធ្លុងមួយ ហើយរហូតមកដល់បច្ចុប្បន្ន បើទោះបីស្ថានភាពពិភពលោក កំពុងប្រឈមនឹងបញ្ហាជំងឺកូវីដ-១៩ ក៏ដោយ ក៏កងទ័ពប្រទេសទាំងពីរនៅ តែបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងស្អិតរមួត ដែលធ្វើឲ្យកិច្ចសហប្រតិបត្តិការ ពីមួយឆ្នាំទៅមួយឆ្នាំកាន់តែ មានភាពល្អប្រសើរ ជាលំដាប់។

នាយឧត្តមសេនីយ៍ ហ្សាមរ៉ូស ប៊ីន បញ្ជាក់ថា ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ ក៏ដូចជាទ្វេភាគី គឺមានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យស្ថានភាព តំបន់មានស្ថិរភាព និងសន្តិភាព៕

អត្ថបទដែលជាប់ទាក់ទង