ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដីដែលហូរចូលសមុទ្រ មិនបង្កផលប៉ះពាល់ដល់ទឹក និងឆ្នេរសមុទ្រ ដោយសារការអភិវឌ្ឍ

93


ភ្នំពេញ៖ ក្រោយពេលមានភ្លៀងធ្លាក់មួយធំ បានបង្កជាជំនន់ទឹកភ្លៀង ហើយបានហូរទឹកដោយនាំទាំង ដីចេញពីការដ្ឋាននានា ក្នុងក្រុងព្រះសីហនុ ចូលទៅក្នុងទឹកសមុទ្រ បានបង្កឲ្យឡើងជាល្អកក ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ឆ្នេរដ៏ស្រស់ស្អាត កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ។

ប្រជាពលរដ្ឋ បាននិយាយរិះគន់ តាមបណ្តាញសង្គមហ្វេសប៊ុកថា លទ្ធផលដែលបណ្តាលមកពីការដ្ឋានសំណង់មួយចំនួន មិនបានរៀបចំប្រពន្ធ័ការពារបរិស្ថានត្រឹមត្រូវ ទើបពេលមានភ្លៀងខ្លាំង ទឹកហូរនាំយកទាំងដីល្បាប់ ចូលទៅក្នុងឆ្នេរសមុទ្រ។ ករណីនេះកន្លងមក ឃើញមានមន្ត្រីតំណាងអជ្ញាធរពាក់ព័ន្ធចុះទៅត្រួតពិនិត្យ និងបានអប់រំឬក៏ធ្វើកិច្ចសន្យា ឲ្យម្ចាស់ការដ្ឋានសំណង់ ដែលពាក់ព័ន្ធ ធ្វើការកែប្រែដែរ ប៉ុន្តែបើផ្អែកតាមរូបភាពនេះ អាចបញ្ជាក់បានថា ការធ្វើកិច្ចសន្យានោះមិនទទួលបានជោគជ័យទេ ហើយបញ្ហានេះ កន្លងមកលោកយន្ត មីន អភិបាលខេត្តព្រះសីហនុ បានណែនាំឲ្យមន្ត្រីទាំងអស់ ក៏ដូចជា ផ្នែកឯកជន ចូលរួមដោះស្រាយការងារ និងធ្វើកិច្ចការប្រកបដោយតម្លាភាព ។

ករណីនេះ ក្រសួងបរិស្ថានបានអះអាងថា ស្ថានភាពល្អក់កករទឹកនៅតាមឆ្នេរសមុទ្រមួយចំនួន រួមទាំងឆ្នេរព្រែកត្រែងផងនោះ មិនបង្កជាបញ្ហាប៉ះពាល់ធ្ងន់ធ្ងរនោះឡើយ។ ការល្អក់កករនេះ ដោយសារតែសកម្មភាពអភិវឌ្ឍនៅខេត្តព្រះសីហនុ កំពុងមានច្រើន ហើយប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ច្រើន ហូរនាំយកដីចូលទៅក្នុងសមុទ្រ ទើបនាំឲ្យមានបញ្ហាទាំងនេះតែម្តង។

ប្រជាពលរដ្ឋឃើញទឹកសមុទ្រនៅប៉ុន្មានថ្ងៃនេះ បានប្រែជាល្អក់កករដោយសារតែដីហូរចូល ជាពិសេសនៅឆ្នេរព្រែកត្រែងតែម្តង។ បងប្អូនប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាំងខ្លាចស្ថានភាពនេះនាំឲ្យខូចទឹក និងឆ្នេរសមុទ្ររបស់ខ្មែរ ដែលជាប់ជាឆ្នេរស្អាតនៅលើពិភពលោក។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់ថា សមុទ្រមានទឹកល្អក់នៅតំបន់ខ្លះ ដោយសារតែប៉ុន្មានថ្ងៃចុងក្រោយនេះ គឺនៅខេត្តព្រះសីហនុមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ដែលបានច្រោះដីមួយចំនួន ចេញពីការដ្ឋានសាងសង់នានាទៅជាមួយ ហើយហូរចូលទៅក្នុងអូរ និងប្រឡាយ នាំយកចូលទៅក្នុងសមុទ្រ។ ខេត្តព្រះសីហនុបច្ចុប្បន្ននេះមានការអភិវឌ្ឍ និងមានការដ្ឋានសាងសង់ បុកគ្រឹះជាច្រើនដែលជាហេតុ ពេលភ្លៀងខ្លាំងនាំឱ្យមានការច្រោះដីទៅជាមួយខ្លះ។ បញ្ហានេះមិន មានអ្វីដែលព្រួយបារម្ភនិងប៉ះពាល់ដល់ទឹកសមុទ្រទេ។

ដោយសារតែកំណើនៃការវិនិយោគកំពុងមានសន្ទុះខ្លាំងនោះ ការអភិវឌ្ឍន៍នៅក្នុងខេត្តព្រះសីហនុ ក៏កំពុងតែមានសន្ទុះខ្លាំងណាស់ផងដែរ។ មួយរយៈនេះប្រជាពលរដ្ឋ ក៏បានប្រតិកម្មផងដែរ រឿងក្រុមហ៊ុនវិនិយោគមួយបានចាក់ដីលុបឆ្នេរព្រែកត្រែង ហើយដីនេះក៏បានហូរចូលទៅសមុទ្រផងដែរ។

ឆ្នេរសមុទ្រខ្មែរក្នុងខេត្តព្រះសីហនុនោះ នាពេលបច្ចុប្បន្នកំពុងតែល្បាញល្បី និងជាទីចាប់អារម្មណ៍ខ្លាំងសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយសារតែភាពស្រស់ស្អាតនៃឆ្នេរ ដ៏សក្បុសនោះ និងទឹកសមុទ្រដ៏ថ្លា។ ដើម្បីបន្តរក្សាបាននូវភាពស្រស់ស្អាតនេះ ប្រជាពលរដ្ឋខ្មែរនៅតែចង់ឲ្យក្រសួងពាក់ព័ន្ធទាំងអស់ មានចំណាត់ការឲ្យបានខ្ពស់បំផុត ក្នុងការថែរក្សាឆ្នេរសមុទ្រទាំងនោះ គួររកវិធីទប់ស្កាត់កុំឲ្យដីហូរធ្លាក់ទៅចូលទឹកសមុទ្រ ពួកគេជឿថា នៅពេលដីហូចូលសមុទ្រកាន់តែច្រើននឹងនាំឲ្យឆ្នេរលែងស្អាត ហើយទឹកសមុទ្រក៏នឹងមិនថ្លាល្អដូចពេលមុនដែរ៕

អត្ថបទដែលជាប់ទាក់ទង