ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាសម្រេចបាន ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចខ្ពស់ ជាមធ្យមក្នុងកម្រិត ៧,៧ភាគរយ ក្នុងមួយឆ្នាំ

155


ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាលរបស់កម្ពុជាប្រចាំ ADB បានទទួលជួបសវនការការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក ម៉ាបុប អាមេដ (Mr. Mahbub Ahmed), នាយកប្រតិបត្តិជំនួសប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី (ADB Alternate Executive Director) ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងជួបពិភាក្សាការងារ ជាមួយស្ថាប័ន របស់រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័ន្ធពាក់ព័ន្ធផ្សេងៗទៀត ក៏ដូចជា ត្រួតពិនិត្យវឌ្ឍនភាព និងសមិទ្ធផលនៃ ការអនុវត្តគម្រោង ដែលស្ថិតនៅក្រោមក្របខ័ណ្ឌហិរញ្ញប្បទានរបស់ ADB នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាលកម្ពុជា ប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងពីស្ថានភាពសេដ្ឋកិច្ច នៃប្រទេសកម្ពុជា ដែលកំពុងសម្រេចបាននូវ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ ក្នុងរយៈកាលជាងពីរទសវត្សរ៍ចុងក្រោយនេះ។

លោកអគ្គបណ្ឌិតសភាចារ្យ បានលើកឡើងថា កម្ពុជាសម្រេចបាន ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចខ្ពស់ ជាមធ្យមក្នុងកម្រិត ៧,៧ភាគរយ ក្នុងមួយឆ្នាំ ហើយសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងបន្តកំណើនរឹងមាំក្នុងរង្វង់អត្រា៧,២ភាគរយ ក្នុងឆ្នាំ២០១៨នេះ ដែលធ្វើឱ្យផលិតផលសរុបក្នុងស្រុកសម្រាប់ប្រជាជនម្នាក់ៗ កើនឡើងជាង៧ដង ពីប្រមាណជាង២០០ដុល្លារអាមេរិក ក្នុងឆ្នាំ១៩៩២ មកជិតប្រមាណ១.៥០០ដុល្លារអាមេរិក នៅឆ្នាំ២០១៨នេះ ចំណែកឯអត្រានៃភាពក្រីក្រ បានធ្លាក់ចុះពីប្រមាណ ៥០ភាគរយ ក្នុងឆ្នាំ១៩៩២ មកត្រឹមរង្វង់ ១៣,៥ភាគរយ ក្នុងឆ្នាំ២០១៤ ទោះបីត្រូវជួបប្រទះបញ្ហាប្រឈម និងហានិភ័យពីខាងក្រៅមួយចំនួនក៏ដោយ។

លោកក៏បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនខ្ពស់នេះ គឺផ្អែកលើមូលដ្ឋានសំខាន់មួយចំនួនគឺ ៖ ១៖ ការធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការបង្កើតបរិយាកាសអំណោចផល សម្រាប់ការអភិវឌ្ឍ។ ២៖ គោលនយោបាយ និងកម្មវិធីអភិវឌ្ឍច្បាស់លាស់ ប្រកបដោយសង្គតិភាព និងការដាក់ចេញនូវវិធានការកែទម្រង់មុតស្រួច ព្រមទាំងការពង្រឹង និងលើកម្ពស់សមត្ថភាពស្ថាប័នសាធារណៈ។ ៣៖ ការអភិវឌ្ឍប្រកបដោយចីរភាព ដែលផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងការគាំពារសង្គម។ ៤៖ ការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត ទាំងទីក្រុង និងជនបទ។

លោក ម៉ាបុប អាមេដ បានវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងអបអរសាទរ ចំពោះជោគជ័យដ៏ធំធេង របស់កម្ពុជា ក្នុងការបន្តរក្សា និងជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព រក្សាបាននូវសមធម៌ សង្គមល្អប្រសើរ និងកាត់បន្ថយភាពក្រីក្រ គឺរាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយត្រឹមត្រូវ ច្បាស់លាស់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ៕

អត្ថបទដែលជាប់ទាក់ទង