ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធន៍ ពីប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង

132


ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា នៅ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៨ គណៈប្រតិភូរធនាគារអភិវឌ្ឍន៍អាសីុ ADB ដឹកនាំដោយលោក Mahbub Ahmed នាយកប្រតិបត្តិ សម្រាប់ប្រទេស Afghanistan, Bhutan, India, Lao PDR, and Turkmenistan បានអញ្ជើញចុះទស្សនកិច្ចសិក្សា ស្វែងយល់ និងដកស្រង់បទពិសោធន៍ ពីប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ។

ប្រភពដដែល បានបន្តថា ក្នុងអតីតកាល ដោយសារតែគុណភាពដីអន់ ប្រព័ន្ធធារាសាស្ត្រ តាំងក្រសាំង ត្រូវបានទុកចោលទាំងស្រុង ប្រើប្រាស់មិនកើត ។ ដើម្បីដោះស្រាយបញ្ហានេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារធ្វើការសិក្សា និងសាងសង់ឡើងវិញទៅតាមបច្ចេកទេសមួយថ្មីដែលទំនើប ឆ្លើយតបទៅនឹងគុណភាពដី ។ លោក ចាន់ ស៊ីណាត ដែលជានាយកគម្រោង បានដឹកនាំអនុវត្តការងារនេះផ្ទាល់ ចាប់ពីដំណាក់កាលដំបូង រហូតទទួលបានជោគជ័យ ដែលកំពុងតែផ្តល់សក្តានុពលលើផ្ទៃដីបង្កបង្កើនផលប្រមាណ ១៥.០០០ ហិកតា (ធ្វើបាន ៣ ដង ក្នុង ១ ឆ្នាំ) ។ តាមរយៈបច្ចេកទេសថ្មី-ទំនើប ដែលធានានូវនិរន្តរភាពនៃគម្រោងដែលបានប្រើប្រាស់ពេញបន្ទុកមកដល់សព្វថ្ងៃនេះ បានធ្វើឲ្យគម្រោងនេះ ក្លាយទៅជាគម្រោងគំរូមួយ ក្នុងចំណោមបណ្តាគម្រោងរាប់ម៉ឺនរបស់ ADB ដែលធ្វើឲ្យមានដំណើរទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធន៍ជាបន្តបន្ទាប់ពីមន្ត្រីរបស់ ADB ដើម្បីទាញយកបទពិសោធន៍ និងចំណេះដឹងពីកន្លែងនេះ ទៅអនុវត្តនៅកន្លែងផ្សេងៗទៀត ។

លោក Mahbub បានថ្លែងថា ក្នុងនាមមន្រ្តីជាន់ខ្ពស់របស់ ADB និងក្នុងនាមរូបលោកផ្ទាល់ បានសម្តែងនូវការអរគុណដល់លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដែលបានដឹកនាំអនុវត្តគម្រោង ប្រព័ន្ធធារាសាស្រ្តខាងលើនេះ ទទួលបានជោគជ័យដ៏ធំធេងយ៉ាងនេះ ៕

អត្ថបទដែលជាប់ទាក់ទង