ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តវ៉ាបញ្ហាដីធ្លី ក្នុងសហគមន៍ខេត្តព្រះសីហនុ ទាមទារឲ្យតុលាការ ទម្លាក់ចោលការចោទប្រកាន់ និងដោះលែងសកម្មជនដីធ្លី

168

នៅថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០១៨ ប្រជាពលរដ្ឋដែលរងគ្រោះបញ្ហារំលោភដីធ្លី ចំនួន៤០០នាក់ នៅឃុំអូរត្រេះ ស្រុកស្ទឹងហាវប្រមូលគ្នាដង្ហែក្បួនដាក់ញតិ្ត នៅសាលាដំបូង និងសាលាខេត្តព្រះសីហនុ ដើម្បីទាមទារឲ្យ តុលាការទម្លាក់ចោលការចោទប្រកាន់ និងដោះលែងសកម្មជនដីធ្លីចំនួន ៤នាក់។

ក្រុមសកម្មជនដីធ្លី បានស្នើ ឲ្យតុលាការ ខេត្តព្រះសីហនុដោះលែង តំណាងរបស់ខ្លួន ចេញពីពន្ធាគារ ឲ្យមានសេរីភាពវិញ។ អ្នកស្រី ឡុច ទូច ដែលជាតំណាងសហគមន៍ គ្មានកំហុសអ្វីទេ បែរជាកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់ខ្លួនគាត់យកមកដាក់គុក។

ការតវ៉ានេះមានប្រជាពលរដ្ឋប្រមាណ៤០០នាក់ មកពី៤សហគមន៍ ដើម្បីស្វែងរកការអន្តរាគមន៍ ឲ្យមានការដោះលែង អ្នកស្រីឡុច ទូច តំណាងពួកគេដោយគ្មានលក្ខខណ្ឌ លើសនេះទៀតក៏មានការស្នើរសុំ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ ខេត្តព្រះសីហនុ អនុវត្តន៍តាមលិខិតស្នើសុំ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លេខ ៦៤៩៥/៣៧៨កសក. នផ ចុះថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៨ ដែលមានហត្ថលេខា សាស្ត្រាចារ្យបណ្ឌិត ណាវ ធួក រដ្ឋមន្ត្រីស្តីទី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ។

ដែលមានកម្មវត្ថុ ករណីសំណើសុំជួយអន្តរាគមន៍ រកដំណោះស្រាយ កាត់ឆ្វៀលដីនិងចេញ សលាកបត្រជូនប្រជាពលរដ្ឋ ចំនួន៥៦គ្រួសារ ទំហំ៨៤ហិកតា ចេញពីការគ្រប់គ្រងរដ្ឋបាលព្រៃឈើ ខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតនៅក្រុម៤ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា អ្នកស្រីឡុច ទូច តំណាងសហគមន៍ប្រជាពលរដ្ឋ៥៦គ្រួសារ នៅឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ចាប់ឃាត់ខ្លួនកាលពីដើមខែ ឧសភាឆ្នាំ២០១៨ តាមបណ្តឹង ម្ចាស់អចលនៈទ្រព្យ ដែលមានឈ្មោះ តាន់តាត់ បើគិតមកដល់ពេលនេះ មានរយៈពេលជិត៥ខែ ហើយ៕

អត្ថបទដែលជាប់ទាក់ទង