ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុះឆ្មក់ត្រួតពិនិត្យមើលភាពត្រឹមត្រូវ នៃផ្លាកលេខសម្គាល់រថយន្ត តាមរយៈការស្កេន QR CODE នៅលើផ្លាកលេខ និងផ្ទៀងផ្ទាត់គល់បញ្ជីផ្លាកលេខ ក្នុងប្រព័ន្ធបច្ចេកវិទ្យាក្រសួង នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

224

 

ភ្នំពេញ ៖ ថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំ ក្រុមការងារជំនាញរបស់ក្រសួង ចុះឆ្មក់ពិនិត្យរថយន្តនៅ តាមផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ក្រសួងមហាផ្ទៃ ក្រុមមន្ត្រីជំនាញរបស់ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងក្រុមមន្ត្រីនគរបាល ជំនាញពាក់ព័ន្ធផងដែរ។

ការចុះឆ្មក់ពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យមើលភាពត្រឹមត្រូវ នៃផ្លាកលេខសម្គាល់រថយន្ត តាមរយៈការស្កេន QR CODE នៅលើផ្លាកលេខ និងវាយបញ្ចូលព័ត៌មាន ផ្លាកលេខយានយន្ត ទៅក្នុងកម្មវិធីដែលរៀបចំឡើង ដោយក្រុមមន្ត្រីជំនាញបច្ចេកវិទ្យាព័ត៌មាន របស់ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយនឹងអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានគយ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសនោះ ឯកឧត្តមទេសដ្ឋមន្ត្រី បានមានប្រសាសន៍គូសបញ្ជាក់ ថា៖ លេខសម្គាល់រថយន្តទាំងអស់ ដែលបានចុះបញ្ជីនៅ ក្រសួងសាធារណការ និងដឹកជញ្ជូនរួចហើយ ត្រូវបានចែករំលែក និងអនុញ្ញាតឱ្យ អគ្គស្នងការនគរបាលជាតិ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រើប្រាស់ ដើម្បីងាយស្រួលក្នុងការ ត្រួតពិនិត្យផ្លាកលេខរថយន្តក្លែងក្លាយ និងចូលរួមទប់ស្កាត់ការ គេចវេសពីការបង់ពន្ធនាំចូល។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានកត់សម្គាល់ផងដែរ អំពីប្រសិទ្ធភាព នៃការប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាទំនើបនេះក្នុងការជួយត្រួតពិនិត្យ ទប់ស្កាត់ការក្លែងបន្លំផ្លាកលេខ សម្គាល់រថយន្ត ជាពិសេសកាត់បន្ថយ រថយន្តផ្លាកលេខក្លែងក្លាយ ដែលប្រើក្នុងការប្រព្រឹត្តបទល្មើសផ្សេងៗ ធ្វើឱ្យខូចដល់សណ្តាប់ធ្នាប់ សាធារណៈ និងសន្តិសុខជាតិ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំណូមពរដល់ សាធារណៈជនឱ្យ ចូលរួមគោរព ច្បាប់ឱ្យបានខ្ជាប់ខ្ជួន បំពាក់ផ្លាកលេខ សម្គាល់យានយន្តឱ្យបានត្រឹមត្រូវ បង់ពន្ធនាំចូលជូនរដ្ឋ និងកុំប្រើប្រាស់ផ្លាកលេខក្លែងក្លាយ ដែលនាំឱ្យប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិរបស់យើង៕

អត្ថបទដែលជាប់ទាក់ទង