ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារពិភពលោក គាំទ្រគម្រោង គណនេយ្យភាពសង្គម ការលើកកម្ពស់ជីវភាព ប្រជាជនក្រីក្រ និងគម្រោងគ្រប់គ្រងសំណល់រឹង

35

 

ភ្នំពេញ ៖ នៅរសៀលថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោក Benoit Bosquet ប្រធានប្រចាំតំបន់នៃគម្រោងការអនុវត្តជាសកលនូវការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក នៃធានាគារពិភពលោក ជួបពិភាក្សាការងារ តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណធនាគារពិភពលោក ដែលបានជួយគាំទ្រដល់គម្រោងសំខាន់ៗមួយចំនួនដែលស្ថិតក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ដូចជា គម្រោងគណនេយ្យភាពសង្គម គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ និងគម្រោងគ្រប់គ្រងសំណល់រឹង។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ការគាំទ្រតាមរយៈគម្រោងសំខាន់ៗទាំង៣ ពីសំណាក់ធនាគារពិភពលោក ពិតជាបានរួមចំណែកដល់ការអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រចំពោះប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់គោលដៅនៃការអនុវត្តគម្រោងទាំងនោះ។

លោក Benoit Bosquet ក៏បានសម្ដែងការគាំទ្រចំពោះប្រសាសន៍លើកឡើងរបស់សម្ដេចក្រឡាហោម និងបានជម្រាបសម្ដេចថា នេះគឺជាមូលហេតុដែលលោកមានបំណងជួបពិភាក្សាការងារជាមួយសម្ដេច និងក្រុមការងារដែលទទួលបន្ទុកការងារនេះ ទាំងអំពីគម្រោងគណនេយ្យភាពសង្គម ការលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ និងគម្រោងគ្រប់គ្រងសំណល់រឹង។

លោក Benoit Bosquet ក៏បានជម្រាបសម្ដេចក្រឡាហោមអំពីអត្ថប្រយោជន៍ ដែលគម្រោងទាំងនេះបានផ្ដល់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលជាគោលដៅនៃការអនុវត្តគម្រោង ដោយលោកបានមានប្រសាសន៍ថា ធានាគារពិភពលោកនៅតែបង្ហាញការប្ដេជ្ញាចិត្ត ក្នុងការរួមចំណែក តាមរយៈការអនុវត្តគម្រោងបែបនេះ សំដៅធ្វើយ៉ាងណាចូលរួមចំណែកលើកម្ពស់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកក៏បានជម្រាបជូនសម្ដេចក្រឡាហោម និងមន្រ្តីពាក់ព័ន្ធកម្ពុជាដែរថា ទន្ទឹមនឹងការអនុវត្តគម្រោងទាំងនេះ ក៏នៅមានកិច្ចការមួយចំនួនទៀតដែលភាគីទាំងពីរត្រូវបន្តជជែកពិភាក្សាគ្នាបន្ថែមទៀតលើកិច្ចការដែលពាក់ព័ន្ធនឹងគម្រោងទាំង៣ សំដៅធ្វើយ៉ាងណារក្សានិរន្តរភាពនៃការអនុវត្តគម្រោងទាំងនេះ ដើម្បីបំរើដល់ផលប្រយោជន៍ប្រជាពលរដ្ឋបន្តទៅមុខទៀត។

លោកក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទីក្រសួងមហាផ្ទៃ ដែលបានសហការអនុវត្ត និងដំណើរការគម្រោងសំខាន់ៗដូចបានលើកឡើងខាងលើ។

សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណលោក Benoit Bosquet និងគណៈប្រតិភូធនាគារពិភពលោក ហើយថាសម្ដេច ព្រមទាំងសហការី ត្រៀមជានិច្ចក្នុងការជជែកពិភាក្សា ជាមួយភាគីធនាគារពិភពលោក ដើម្បីធនាបាននិរន្តរភាពនៃគម្រោងសំខាន់ៗទាំងនេះ សំដៅបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ។

តាមរយៈបទពិសោធន៍ផ្ទាល់ សម្ដេចក៏បានគូសបញ្ជាក់អំពីការជួបប្រាស្រ័យ ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលជាគោលដៅនៃការអនុវត្តគម្រោងទាំងនេះ ដោយសម្ដេចសង្កេតឃើញការគាំទ្រ របស់ប្រជាពលរដ្ឋដែលបានទទួល អត្ថប្រយោជន៍ពីគម្រោងទាំងនេះ។ ដូច្នេះសម្ដេចលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធបន្តការពិភាក្សា សំដៅធ្វើយ៉ាងណា ទទួលបាននូវការគាំទ្របន្ថែមទៀត ពីសំណាក់ធនាគារពិភពលោក ដើម្បីឱ្យគម្រោងសំខាន់ៗទាំងនេះ បន្តនិរន្តរភាពសម្រាប់បំរើផលប្រយោជន៍ប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង