ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងទេសចរណ៍ ប្រកាសថា កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព និងផ្តល់ភាពកក់ក្តៅ

34

 

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពី «កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព និងផ្តល់ភាពកក់ក្តៅ»។

ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយស និងសេចក្តីសោមនស្ស រីករាយ សូមជម្រាបជូន សមាគមទេសចរណ៍ វិស័យឯកជន អ្នកដំណើរជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថា “កម្ពុជា ជាគោលដៅទេសចរណ៍ សុវត្ថិភាព និងផ្តល់ភាពកក់ក្ដៅ និងបានបើកទទួលទេសចរចាក់វ៉ាក់សាំងកវីដ១៩ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច បើកការធ្វើដំណើរតាម ច្រកអន្តរជាតិទាំងអស់ឡើងវិញ និងផ្ដល់ ទិដ្ឋាការនៅពេលមកដល់ (Visa On Arrival) ការលុបចោលលក្ខខណ្ឌតម្រូវបង្ហាញលទ្ឋផល PCR តេស្តអវិជ្ជមាន រយៈពេល ៧២ ម៉ោងមុនពេលមកដល់ និងការលុបចោលលក្ខខណ្ឌតម្រូវ ឱ្យធ្វើតេស្តរហ័សពេលមក ដល់សម្រាប់ អ្នកដំណើរជាតិ និងអន្តរជាតិទាំងអស់ដែលចូលមកប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។ ការកាត់បន្ថយនូវរនាំងនេះ និងការគ្រប់គ្រងបានយ៉ាងល្អ បានធ្វើឱ្យមានកំណើន ចំនួនទេសចរផ្ទៃក្នុង ព្រមទាំង ចំនួនទេសចរអន្តរជាតិ ក៏មានការកើនឡើង ក្នុងរយៈពេល ២ខែដើមឆ្នាំ២០២២ ហើយជើងហោះហើរត្រង់មក កម្ពុជា ក៏មានការកើនឡើង ជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី បានដាក់ចេញនូវយុទ្ធនាការស្រោចវ៉ាក់សាំង ទូទាំងប្រទេសប្រកបដោយ ជោគជ័យយ៉ាងត្រចះត្រចង់ ដោយគិតត្រឹម ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ សម្រេចបានអត្រានៃ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រមាណ ៩២,៤៦% នៃចំនួន ប្រជាជនសរុបជាង ១៦ លាននាក់។ ជាមួយគ្នានោះ ក្រសួងទេសចរណ៍ សហការជាមួយ ក្រសួងសុខាភិបាលបាន ដាក់ចេញ “វិធានសុវត្ថិភាព ទេសចរណ៍” រួមជាមួយការ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវ “វិធានសុខាភិបាល – ៣កុំ ៣ការពារ” និង “នីតិវិធីប្រតិបត្តិស្តង់ដា អប្បបរមា – Standard of Operating Procedures (SOPs)” នៅមូលដ្ឋានអាជីវកម្ម និងគ្រប់ប្រភេទសេវាកម្ម ទេសចរណ៍ទាំងអស់។

ក្រសួងទេសចរណ៍ សូមអញ្ជើញភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់មកទស្សនា “កម្ពុជា ជាគោលដៅ ទេសចរណ៍សុវត្ថិភាព និងផ្តល់ភាពកក់ក្ដៅ និងសូមចូលរួមអនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវ “វិធានសុខាភិបាល ៣កុំ ពាការពារ” និងសូមអំពាវនាវដល់ សមាគមទេសចរណ៍ ផ្នែកឯកជន និងស្ថាប័នពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយ រួមទាំងរៀបចំកញ្ចប់ ទស្សនកិច្ចថ្មីៗ បង្កើនការទំនាក់ទំនងជាមួយដៃគូទាំងក្នុង និងក្រៅប្រទេស សំដៅទាក់ទាញទេសចរអន្តរជាតិឱ្យមក ទស្សនាកម្ពុជា កាន់តែច្រើនឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង