ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចឃាត់ខ្លួនគ្រូពេទ្យឯកជនម្នាក់ និងភរិយា ក្រោយចាក់ថ្នាំបណ្តាលឱ្យកុមារីអាយុ៩ឆ្នាំ ស្វិតជើងម្ខាង

40

 

កំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នាំខ្លួនគ្រូពេទ្យឯកជនម្នាក់ និងភរិយា បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នាល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងករណី ដែលចោទប្រកាន់ថា បានចាក់ថ្នាំកុមារីអាយុ៩ឆ្នាំម្នាក់ បណ្ដាលឱ្យស្វិតជើងម្ខាង។

របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ មានបណ្ដាញសង្គមមួយឈ្មោះ «(ទឹកផុស ស្រុកខ្ញុំ) ដែលជាឪពុកកុមារី រងគ្រោះបានសរសេរថា ពីក្មេងស្រីរាងកាយរឹងមាំ ក្លាយទៅជាក្មេងស្រីពិការ ដោយសារតែពេទ្យ គ្មានវិជ្ជាជីវៈច្បាស់លាស់ ចេះតៗគ្នាទើបកូន របស់ខ្ញុំក្លាយទៅជាបែបនេះ»។

បុរសជាឪពុករូបនេះ បាននិយាយទៀតថា ជាងកន្លះឆ្នាំមក ហើយដែល លោកទ្រាំទាំងឈឺចាប់ ដោយគ្មានការដោះស្រាយ ពីពេទ្យមួយ កន្លែងមានទីតាំងនៅផ្សាររមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ថ្ងៃនេះក្នុងនាម ជាឪពុករបស់ ក្មេងស្រី លោកសូមជម្រាប ជូនបងប្អូនទាំងអស់គ្នានូវខ្លឹមសារដូចខាងក្រោម ដំបូងកូនស្រីខ្ញុំគ្រាន់ តែមានអាការៈឈឺក្បាលធម្មតា ហើយក៏យកទៅ ពេទ្យឯកជនមួយកន្លែងឈ្មោះ «សូ សាវឿន» មានទីតាំងនៅផ្សាររមាស ស្រុកទឹកផុស ពេលទៅដល់ បានជួបប្រពន្ធរបស់គ្រូពេទ្យ សូ សារឿន ឈ្មោះ គឹម ហើយគាត់បានព្យាបាលកូនស្រីខ្ញុំ។

ការព្យាបាលបានមួយថ្ងៃ ក៏ត្រឡប់មកផ្ទះវិញ។ លុះស្អែកឡើង កូនស្រីខ្ញុំបានជា ធម្មតាក៏ត្រឡប់ទៅគិតលុយនៅផ្ទះពេទ្យ សូ សារឿន វិញ។ ប៉ុន្តែស្ត្រីឈ្មោះ គឹម ដែលត្រូវជាប្រពន្ធរបស់គ្រូពេទ្យ សូ សារឿន បានសុំចាក់ថ្នាំផ្ដាច់ ទាំងដែលកូនខ្ញុំប្រាប់ថា បានជាហើយក៏ដោយ។ តែឈ្មោះ គឹម នៅតែចាក់ថ្នាំត្រង់ត្រគាក កូនស្រីខ្ញុំត្រូវសរសៃ ទើបធ្វើឱ្យជើងកូនរបស់ខ្ញុំកន្ត្រាក់ខ្លាំងៗ ហើយចាប់ផ្ដើមហើម និងស្ពឹកមួយចំហៀងខ្លួន និងពិការរហូតមក។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឱ្យដឹងថា ក្រោយពេលមានការបង្ហោះតាមបណ្ដាញសង្គមបែបនេះ លោកបានចាត់ឱ្យ មន្ត្រីជំនាញចុះទៅសម្របសម្រួល រវាងភាគីគ្រូពេទ្យ លោក សូ សារឿន និងភាគីកុមារី ដែលអះអាងថា រងគ្រោះដោយសារការចាក់ថ្នាំ ដើម្បីបញ្ចប់រឿង។ ប៉ុន្តែការសម្របសម្រួលមិនបានលទ្ធផលឡើយ ដោយភាគីលោកគ្រូពេទ្យ សូ សារឿន នៅតែប្រកាន់ជំហរថា ជើងកុមារីឈ្មោះ ភីន ស្រីណែត អាយុ៩ឆ្នាំ មិនពិការដោយសារការចាក់ថ្នាំពីកន្លែងព្យាបាលគាត់ឡើយ។ មិនត្រឹមតែប៉ុណ្ណឹង លោកគ្រួពេទ្យ សូ សារឿន បានដាក់ពាក្យប្តឹងទៅម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ (ទឹកផុស ស្រុកខ្ញុំ) ទៅវិញធ្វើឱ្យរឿងនេះ កាន់តែវែងឆ្ងាយ។ ចំពោះទីតាំងព្យាបាលរបស់លោកគ្រូ ពេទ្យ សូ សារឿន លោកបាន ឱ្យមន្ត្រីចុះពិនិត្យហើយ បើអាជ្ញាប័ណ្ណផុតសុពលភាព ឬគ្មានច្បាប់ រួចលោកក៏ឲ្យបិទកន្លែងព្យាបាលនោះតែម្តង។

លោក ជិន សុផាត ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ក្រោយមានផ្ទុះបាតុភាពបែបនេះ លោកឧត្តមសេនីយ៍​ ស្នងការនគរបាលខេត្ត បានចាត់ឱ្យលោកដឹកនាំមន្ត្រីជំនាញ ចុះស្រាវជ្រាវ និងពិនិត្យ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ហើយបានរកឃើញថា ការព្យាបាលកុមារី អាយុ៩ឆ្នាំខាងលើ ពិតជាព្យាបាលដោយស្ត្រីឈ្មោះ គឹម ដែលត្រូវជាប្រពន្ធរបស់លោកគ្រួពេទ្យ សូ សារឿន ពិតមែន ដែលគាត់គ្មាន ជំនាញវិជ្ជាជីវៈនោះទេ ទើបសម្រេចនាំខ្លួនទាំង២នាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្ត និងបានបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធីបន្ត៕

អត្ថបទដែលជាប់ទាក់ទង