ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សា ការងារជាមួយ លោកសាស្រ្តាចារ្យប្រធានវិទ្យាស្ថាន ស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA)

26

ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ HIDETOSHI NISHIMURA ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាននិងអាស៊ីបូព៌ា (ERIA) និងសហការី តាមប្រព័ន្ធវីដេអូ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែង ការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកសាស្រ្តាចារ្យ HIDETOSHI NISHIMURA និងសហការី ព្រមទាំងបានថ្លែងអំណរគុណ សម្រាប់ការគាំទ្ររបស់វិទ្យាស្ថាន ERIA ដល់ក្រសួងពាណិជ្ជកម្ម នាពេលកន្លងមក ក្នុងការពង្រឹងសមត្ថភាពមន្រ្តីរាជការ តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលាផ្សព្វផ្សាយ និងព្រឹត្តិកាណ៍នានា ពាក់ព័ន្ធនឹងការស្រាវជ្រាវ ជាពិសេសការគាំទ្រដល់ សមិទ្ធផលអាទិភាព​សេដ្ឋកិច្ច ក្រោមភាពជា ប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២ ផងដែរ។

ជាការឆ្លើយតប លោកសាស្រ្តាចារ្យ បានអបអរសាទរឯកឧត្តមរដ្ឋមន្រ្តី ក្នុងការទទួលតួនាទី ជាប្រធាននៃកិច្ចប្រជុំមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ ព្រមទាំងភាពជោគជ័យ ក្នុងការដឹកនាំកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី២៨ កាលពីថ្ងៃទី១៦-១៧ ខែមីនា កន្លងទៅ។ ជាមួយគ្នានេះ លោកសាស្រ្តាចារ្យក៏បាន បញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់វិទ្យាស្ថាន ERIA ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីគាំទ្រកម្ពុជាឱ្យទទួលបានជោគជ័យនាពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានក្នងឆ្នាំ២០២២។

ក្នុងឱកាសនោះផងដែរ ដោយមានការអនុញ្ញាតពី ឯកឧត្តមរដ្ឋមន្រ្តី​ ក្រុមការងារឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ាន សម្រាប់កម្ពុជា បានធ្វើបទបង្ហាញដោយសង្ខេបអំពីសមិទ្ធផលសេដ្ឋកិច្ចអាទិភាពក្រោមសសរស្តម្ភសេដ្ឋកិច្ចរបស់​កម្ពុជាក្នុងនាមជា ប្រធានអាស៊ានឆ្លាស់វេន សម្រាប់ឆ្នាំ២០២២ ដែលទទួលបានការអនុម័ត និងកត់សម្គាល់ក្នុងកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៨ កន្លងទៅ។

ទន្ទឹមនឹងនេះ ក្រុមការងារវិទ្យាស្ថាន ERIA បានកត់សម្គាល់អំពីគោលបំណង និងសារៈសំខាន់នៃ សមិទ្ធផលសេដ្ឋកិច្ចអាទិភាពរបស់កម្ពុជា ជាពិសេសគូសបញ្ជាក់អំពីភាពចាំបាច់ និងជំហរគាំទ្រដល់ការសម្រេចបាននូវសមិទ្ធផលទំាងនេះ ក្នុងកិច្ចខិតខំប្រឹងប្រែង កសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងស្តារសេដ្ឋកិច្ចតំបន់ទ្បើងវិញ ក្នុងបរិបទជំងឺឆ្លងកូវីដ-១៩។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី និងលោកសាស្រ្តាចារ្យ HIDETOSHI NISHIMURA បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថាន ERIA បន្ថែមទៀត ក្នុងការរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងព្រឹត្តិកាណ៍នានាពាក់ព័ន្ធនឹងការស្រាវជ្រាវ និងជាពិសេសការសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្នងឆ្នាំ២០២២ ក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជា​ប្រធាន​អាស៊ានក្នុងឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង