ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បំណុលរបស់ក្រុមហ៊ុនរុស្ស៊ី ដែលមានទំនាក់ទំនង ជាមួយមហាសេដ្ឋីរុស្ស៊ី ដែលត្រូវបានដាក់ទណ្ឌកម្ម បានធ្វើឱ្យវិនិយោគិនព្រួយបារម្ភ

75

ម៉ូស្គូ)៖ កាតព្វកិច្ចបំណុលរបស់ក្រុមហ៊ុនរុស្ស៊ី ដែលមានទំនាក់ទំនង ជាមួយមហាសេដ្ឋីរុស្ស៊ី ដែលត្រូវបានដាក់ទណ្ឌកម្ម បានធ្វើឱ្យវិនិយោគិនព្រួយបារម្ភ ខណៈដែលការទូទាត់ការប្រាក់ (គូប៉ុង) ទៅឱ្យអ្នកកាន់កាប់មូលបត្របរទេស បានជួបឧបសគ្គដោយសារ តែការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច ដោយការឈ្លានពានរបស់ ទីក្រុងម៉ូស្គូលើប្រទេសអ៊ុយក្រែន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រង់ប្រភពមួយ ដែលស្និទ្ធនឹងក្រុមហ៊ុន ផលិតដែករុស្ស៊ី Severstal ថា ក្រុមហ៊ុន Severstal ដែលមានមហាសេដ្ឋីរុស្ស៊ីលោក Alexey Mordashov គឺជាម្ចាស់ភាគហ៊ុនធំ និងត្រូវបានសហភាពអឺរ៉ុបដាក់ទណ្ឌកម្មកាលពីថ្ងៃទី ២៨ខែកុម្ភៈនោះ កំពុងមានបញ្ហាក្នុងការសងបំណុលជូនម្ចាស់បំណុលរបស់ខ្លួន។

ក្រុមហ៊ុន Evraz ដែលជាក្រុមហ៊ុនផលិតដែករបស់រុស្ស៊ីមួយទៀត ដែលមានមហាសេដ្ឋីរុស្ស៊ីលោក Roman Abramovich ជាម្ចាស់ភាគហ៊ុនធំជាងគេ និងត្រូវបានរងទណ្ឌកម្មនោះ បានឱ្យដឹងកាលពីថ្ងៃអង្គារថា ការទូទាត់ការប្រាក់ប័ណ្ណបំណុល ដែលដល់ពេលត្រូវទូទាត់នៅថ្ងៃទី២១ ខែមីនា ត្រូវបានទូទាត់ជាមួយភ្នាក់ងារបង់ប្រាក់ បន្ទាប់ពីក្រុមហ៊ុននេះ ត្រូវបានប្លុកបណ្តោះអាសន្ន ដោយធនាគារដៃគូរបស់ប្រទេសលោកខាងលិច។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីសប្តាហ៍មុនថា ក្រុមហ៊ុនផលិតជី EuroChem របស់រុស្ស៊ីក៏មានបញ្ហាក្នុងការទូទាត់ការ ប្រាក់សម្រាប់ប័ណ្ណបំណុល ដែលដល់ពេលត្រូវបង់នៅថ្ងៃទី១៤ ខែមីនាផងដែរ បន្ទាប់ពីត្រូវបានប្លុក ដោយភ្នាក់ងារបង់ប្រាក់។ ក្រុមហ៊ុន EuroChem បានប្រកាសកាលពីថ្ងៃទី១៦ ខែមីនាថា លោក Vladimir Rashevskiy បានលាលែងពីតំណែងជានាយកប្រតិបត្តិនិងពីក្រុមប្រឹក្សាភិបាលដែលមានប្រសិទ្ធភាពនៅថ្ងៃទី១៥ ខែមីនា បន្ទាប់ពីលោកត្រូវបានសហភាពអឺរ៉ុប ដាក់ទណ្ឌកម្ម។

ឧបសគ្គនានាដែលក្រុមហ៊ុនទាំងនេះកំពុង ប្រឈមបង្ហាញពីឥទ្ធពលធំធេងនៃការ ដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច បន្ទាប់ពីរុស្សីឈ្លានពានប្រទេសអ៊ុយក្រែន ខណៈដែលធនាគារនានា មានការប្រុងប្រយ័ត្នដោយខ្លាចបំពានច្បាប់ទណ្ឌកម្មនេះ។

រុស្ស៊ី ដែលបានហៅការវាយប្រហាររបស់ខ្លួនលើអ៊ុយក្រែនថាជា «ប្រតិបត្តិការយោធាពិសេស» ក៏កំពុងជួបប្រទះបញ្ហាទូទាត់រដ្ឋរបស់ខ្លួន សម្រាប់វិនិយោគិនអន្តរជាតិផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕

អត្ថបទដែលជាប់ទាក់ទង