ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចក្រឡាហោម ជាអ្នករៀបចំផ្ទេរការឃុំខ្លួន លោក កឹម សុខា ពី​ពន្ធនាគារ​ត្រពាំងផ្លុង មកជាការឃុំខ្លួននៅក្នុងផ្ទះរបស់លោកវិញ

120


ភ្នំពេញ៖ ក្នុងពិធីជួបជុំ ជាមួយ​សមាជិក​ និង​អ្នក​គាំ​ទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ កាលពីថ្ងៃទីអាទិត្យ នៅខេត្តព្រៃវែង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យ​ដឹង​ថា សម្តេចជាអ្នករៀបចំផ្ទេរការឃុំខ្លួន អតីតមេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ពី​ពន្ធនាគារ​ត្រពាំងផ្លុង មកជាការឃុំខ្លួននៅក្នុងផ្ទះរបស់លោកវិញ ។

សម្តេចក្រឡាហោម បាន​ថ្លែងថា ក្រម​ព្រហ្ម​ទណ្ឌកម្ពុជា ពុំ​បាន​ចែង​អំពី​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​នោះ​ទេ ប៉ុន្តែ លោក​ថា រូប​លោក និង​មន្ត្រី​ក្រសួង​មហាផ្ទៃ​ដទៃ​ទៀត បាន​ជជែក​គ្នា និង​សម្រេច​រៀបចំ​ដាក់​លោក កឹម សុខា ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ។

សម្តេច ស ខេង ថ្លែងបន្ត​ទៀតថា លោកបានចាត់តាំងឲ្យមន្ដ្រីក្រសួង​មហា​ផ្ទៃ ទៅចរចាជាមួយលោក កឹម សុខា ក្នុងពន្ធនាគារ និងប្រាប់ឲ្យចុះលេខាលើសេចក្ដី​ព្រាង​លិខិតមួយ ដែល​ត្រូវ​បាន​ដឹង​ថា លោក កឹម សុខា បាន​ស្នើ​ទៅ​អគ្គ​ស្នងការ​នគរបាល​ជាតិ ឲ្យ​ជួយ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​រូប​លោក​អំឡុង​ពេល​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​នេះ។ សម្តេចក្រឡាហោម បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា “អញ្ចឹងរឿង​ កឹម សុខា ឥឡូវ​​នេះ យើង​យក​មក​ទុកនៅ​នឹង​ផ្ទះ។ ច្បាប់​យើង​ ច្បាប់ព្រហ្ម​ទណ្ឌ​ហ្នឹង​ណា អត់​អនុញ្ញាត​ឲ្យ​ឃុំ​ខ្លួន​នៅ​ផ្ទះ​ទេ អត់​មាន​ហេ។ គេ​ថា ឃុំ​ខ្លួន​នៅ​ក្នុង​ដែន​ដី​ណា​មួយ​ជា​កំណត់។ អញ្ចឹង​ធ្វើ​ម៉េច​អាលូវ? ចន្លោះ​ដែរ អ្នក​សរសេរ​ច្បាប់​ព្រហ្ម​ទណ្ឌ​ហ្នឹង អត់​មាន​ឃុំ​ខ្លួន​នៅ​ផ្ទះ។ ដល់​អញ្ចឹង រក​វិធី ខ្ញុំ​ថា អាឡូវ​ព្រាង​ឲ្យ​ហើយ​ទៅ ឲ្យ​ ប៉ាវ ហមផាន យក​ទៅព្រាង​ឲ្យ​ហើយ កាន់​ពី​ហ្នឹង​ទៅ ទៅ​ដល់​ចរចា​ជាមួយ​នឹង កឹម សុខា ខ្លួន​ឯង ព្រោះ ផាន ទៅ​យក​ម៉ោ។ ដល់​ហើយ​សរសេរ​​ម៉ង​ សរសេរ​ថា ដោយ​បញ្ហា​សន្តិសុខ​អី​អញ្ចឹងទៅ ខ្ញុំ​សូម​ស្នើ​អគ្គ​ស្នងការ​នគរបាល​ជាតិ ជួយ​រៀបចំ​ការ​ពារ​សន្តិសុខ​ សវុត្ថិភាព​សម្រាប់​ខ្ញុំ។ យើង​យក​ទៅ ផាន គេ​យក​ទៅ​ចរចា ចរចា គេ​ឯកភាព ឯកភាព ប៉ុន្តែ យើង​អត់​យក​អា​ក្រដាស​វ៉ៃ​ពុម្ព​ហើយ​ទៅ​ទេ អក្សរ​ហើយ​ទៅ​ទេ អូស​ពី​កុំព្យូទ័រ​ទៅ​ទេ គឺ​ឲ្យ​សរសេរ​ដៃ”។

បន្ទាប់ពីលោកកឹម សុខា បានមកដល់ផ្ទះជួបជុំជាមួយគ្រួសារ ប៉ុន្តែលោកកឹម សុខា មិនបានជួបអ្នកគាំទ្ររបស់លោកទេ ​ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រូបជាច្រើនសន្លឹកត្រូវបានចែកចាយពីការជួបជុំជាមួយសាច់ញាតិ ដោយក្នុងនោះ បណ្តាញសង្គមហ្វេសប៊ុក បានសរសេរថា ឆ្នាំងចាស់​ បាយឆ្ងាញ់​ ធម្មតាមាន់ថ្មី​ យើងក៏ថ្មី​ គេក៏ថ្មី​ គ្មានពេលអីមកដេកអោបខ្មោចយើងទេ​ !!! ខ្ញុំបាទសង្ឃឹមជឿជាក់ថា​លោកពូ​ កឹម​ សុខា​ នឹងប្រើប្រាស់ជីវិតចុងក្រោយ​ ជាមួយអ្នកមីងខ្ញុំ​ ដើម្បីសាងគុណ​ សងទោស​ ដែលខុសកន្លងមក​ ចំពោះជាតិ​ ប្រជាជន​ នឹងនឹងក្រុមគ្រួសារ​ ។ រីឯបញ្ហា​ នយោបាយ​ពូឈប់សម្រាកចុះ​ កុំឲ្យប្រទេសកម្ពុជា​ ធ្លាក់ចូលមាត់ជ្រោះសង្រ្គាម​ ដែលអង្គាមដោយមហិច្ឆតាបរទេស​ ។ សំឡេងឆ្នោតប្រជារាស្រ្ត​ ឆ្នាំ២០១៨​ បញ្ជាក់យ៉ាងច្បាស់ថា​ គេលែងត្រូវការពួករៀនយុទ្ធសាស្រ្តសង្រ្គាម ពីបរទេសហើយ​ គឺពួកគាត់ជឿជាក់លើការដឹកនាំ ដ៏ត្រឹមត្រូវរបស់​គណបក្សប្រជាជនកម្ពុជា​ ជាពិសេសក្រោមការដឹកនាំដ៏អស្ចារ្យ​ របស់ បិតា​ សន្តិភាព​ សម្ដេចតេជោ​ ហ៊ុនសែន​។ ចំណែកលោកមុត ចន្ថា នាយកខុទ្ទកាល័យលោកកឹម សុខា បានសរសេរក្នុងបណ្តាញសង្គមថា ក្ដីសុខបំផុត ដែលមនុស្សគ្រប់គ្នាប្រាថ្នា ចង់នៅក្បែរម្ដាយ ។ ថ្ងៃនេះ លោកយាយ បានជួបនឹងលោកប្រធាន កឹម សុខា ដែលបែកគ្នាមួយឆ្នាំ មិនបានឃើញមុខកូន។ លោកយាយ អាយុ ៩០ ឆ្នាំហើយ ជូនពរលោកយាយ នឹងក្រុមគ្រួសារលោកពូ អោយជួបតែសំណាងល្អ។ ខ្ញុំពិតជាមានសេចក្តីរីករាយ និងរំភើបណាស់ ដែលបានឃើញ ឯកឧត្តម កឹម សុខា បានជួបជុំជាមួយអ្នកម្តាយជាទីគោរព និងភរិយា ជាទីស្រឡាញ់របស់លោក។
សូមគោរពជូនពរលោកយាយ និងលោកប្រធាន ព្រមទាំងអ្នកមីង មានសុខភាពល្អពេញបរិបូរណ៍ និងអាយុយឺនយូរ។

សូមជំរាបថា សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចដោះលែងលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ដោយដឹកចេញពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ ក្នុង​ខេត្ត​ត្បូងឃ្មុំ ព្រំដែនកម្ពុជាវៀតណាម មក​ផ្ទះ​របស់លោក​វិញ កាលពី​វេលា​ម៉ោង៣ព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ដោយបញ្ហាសុខភាព៕

អត្ថបទដែលជាប់ទាក់ទង