វិនិយោគិនជប៉ុន ស្វះស្វែងរកឱកាស វិនិយោគបន្ថែម នៅកម្ពុជា
ភ្នំពេញ៖ លោក Takahashi, Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) បានដឹកនាំអ្នកវិនិយោគជប៉ុនមួយក្រុម មានចំនួន២៤ក្រុមហ៊ុន ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
ក្នុងកិច្ចប្រជុំផ្គូផ្គងពាណិជ្ជកម្មកម្ពុជា-ជប៉ុន នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ក្រុមអ្នកវិនិយោគជប៉ុនទាំង២៤ក្រុមហ៊ុនរួមមាន ការអភិវឌ្ឍន៍លំនៅឋាន, សុខាភិបាល កាត់ដេរសម្លៀកបំពាក់ បច្ចេកវិទ្យា កសិកម្ម ជាដើម បានជួបជាមួយក្រុមហ៊ុនចម្រុះវិស័យរបស់កម្ពុជា ចំនួន២៩ក្រុមហ៊ុន ដើម្បីភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក ឈានដល់ការធ្វើពាណិជ្ជកម្មរួមគ្នា។
បណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្លែងថា ព្រឹត្តិការណ៍ផ្គូផ្គងធុរកិច្ចកម្ពុជា-ជប៉ុន ត្រូវបានរៀបចំឡើងលើកទី១ នៅឆ្នាំ ២០១៩ ដោយសមាគមជប៉ុន-កម្ពុជា និងធនាគារអេស៊ីលីដា ជាមួយនឹងភាពជោគជ័យដ៏ធំធេង សម្រាប់វិនិយោគិនក្នុងស្រុក និងបរទេស។ អាជីវកម្មត្រូវបានផ្គូផ្គងគ្នាទៅវិញទៅមក សហគ្រិនបានភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក ហើយព័ត៌មានត្រូវបានចែករំលែករវាងគ្នាទៅវិញទៅមក។ ជាអកុសល ជំងឺរាតត្បាត COVID-19 បានកើតឡើងនៅចុងឆ្នាំ ២០១៩ ហើយការធ្វើដំណើរអន្តរជាតិត្រូវបានរឹតបន្តឹងនៅក្នុងប្រទេសជាច្រើន។
លោកបណ្ឌិតបន្តថា ជាមួយនឹងគោលនយោបាយសមស្របរបស់រដ្ឋាភិបាល និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាព យើងមានសេចក្តីសោមនស្សរីករាយ ដែលធនាគារអេស៊ីលីដា និង JCA អាចរៀបចំព្រឹត្តិការណ៍ផ្គូផ្គងអាជីវកម្មម្តងទៀត។
លោកបណ្ឌិតថ្លែងប្រាប់វិនិយោគិនជប៉ុនថា ប្រទេសកម្ពុជាត្រូវបានចាត់ទុកថា ជាលំដាប់ពិភពលោក ដែលគ្រប់គ្រងកូវីដ១៩បានល្អ ហើយសេដ្ឋកិច្ច មានភាពធន់។ ឥឡូវនេះប្រជាជនអាចធ្វើដំណើរ ដោយសេរី សកម្មភាពសេដ្ឋកិច្ចកំពុងវិលទៅរកភាពធម្មតាវិញជាបណ្តើរៗ ឥឡូវនេះជាពេលវេលាដ៏ល្អសម្រាប់ការវិនិយោគ។
លោកបន្តថា កម្ពុជាជាប្រទេសសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយនឹងកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧.៨% មុនជំងឺរាតត្បាត ហើយត្រូវបានព្យាករណ៍ដោយធនាគារអភិវឌ្ឍន៍អាស៊ីថា នឹងស្ថិតក្នុងរង្វង់ ៥.៣% ក្នុងឆ្នាំ ២០២២ និង ៦.៥% នៅឆ្នាំ ២០២៣។ មូលដ្ឋានសម្រាប់សុទិដ្ឋិនិយមសម្រាប់កម្ពុជា គឺជាមួយនឹងអត្រាការចាក់វ៉ាក់សាំងខ្ពស់ និងអត្រាឆ្លងទាប ដូច្នេះប្រទេសអាចបើកព្រំដែន ប្រកបដោយសុវត្ថិភាព ដល់អ្នកដំណើរអន្តរជាតិ។
បណ្ឌិត អ៉ិន ចាន់នី បន្តថា «ខ្ញុំជឿជាក់ថា ព្រឹត្តិការណ៍ផ្គូផ្គងធុរកិច្ចកម្ពុជា-ជប៉ុននេះ នឹងទទួលបានជោគជ័យខ្ពស់។ ទំនាក់ទំនងរវាងវិនិយោគិនក្នុងស្រុក និងបរទេសនឹងត្រូវបានបង្កើតឡើង។ ឱកាសវិនិយោគនឹងត្រូវបានកំណត់។ ចំណេះដឹង និងបទពិសោធន៍នឹងត្រូវបានចែករំលែក។ ទាំងអស់នេះនឹងនាំឱ្យទំនាក់ទំនង ពាណិជ្ជកម្មកាន់តែមានភាពសកម្មរវាងកម្ពុជា និងជប៉ុន»។
សូមជម្រាបថា ទិន្នន័យដែលកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា នៅត្រីមាសទី១ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន មានទឹកប្រាក់៤៨០លានដុល្លារអាមេរិក កើនឡើង៣.៥ភាគរយ ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនមានទឹកប្រាក់៣០៥លានដុល្លារ និងជប៉ុននាំចូលមកកម្ពុជា មានទឹកប្រាក់១៧៤លានដុល្លារ៕