អាជ្ញាធរមីន និងមូលនិធិមនុស្សធម៌ Golden West ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីភាពជាដៃគូក្នុងកិច្ចប្រតិបត្តិការសកម្មភាព មីនមនុស្សធម៌នៅកម្ពុជា
ភ្នំពេញ៖ អាជ្ញាធរមីន និងមូលនិធិមនុស្សធម៌ Golden West បានឯកភាពចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីភាពជាដៃគូក្នុងកិច្ចប្រតិបត្តិការសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ក្នុងគោលដៅបង្កើនសមត្ថភាពដោះស្រាយតម្រូវការរបស់សហគមន៍សកម្មភាពមីនកម្ពុជា និងការធានាបាននូវការផ្សព្វផ្សាយការអនុវត្តនវានុវត្តន៍វិស័យមីន។
ក្នុងពិធីចុះអនុស្សរណៈ នេះ គឺមានការអញ្ជើញចូលរួមជាអធិបតីរបស់ លោក ទេសរដ្ឋមន្រ្ដី លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីន និងការចុះហត្ថលេខាដោយ ឯកឧត្ដម ព្រំ សុភមង្គល អគ្គលេខាធិការ អាជ្ញាធរមីន ជាមួយលោក Len Austin នាយកមូលនិធិប្រចាំកម្ពុជា នៃមូលនិធិមនុស្សធម៌ Golden West កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ឯកឧត្ដមទេសរដ្ឋមន្រ្ដី លី ធុជ តាមរយៈផេកហ្វេស ប៊ុក ផ្លូវការ។
លោក ទេសរដ្ឋមន្រ្ដី លី ធុជ បានគូសបញ្ជាក់ថា ការចុះហត្ថលេខាលើ អនុស្ស រណៈ នៃភាពជាដៃគូនេះ នឹងចូលរួមជួយលើកកម្ពស់ទំនើបនីយកម្មលើជំនាញបច្ចេកទេស និងការច្នៃប្រឌិតក្នុងការងារបោសសម្អាតមីនតាមបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន ដែល នឹងផ្តល់នូវសុវត្ថិភាពកាន់តែខ្ពស់បន្ថែមទៀតសម្រាប់អ្នកដោះមីន និងកាន់តែមាន ប្រសិទ្ធ ភាព និងរហ័សជាមុន ក្នុងការរំដោះផ្ទៃដីជូនប្រជាពលរដ្ឋ។
លោកទេសរដ្ឋមន្រ្ដីបានលើកឡើងថា តាមរយៈភាពជាដៃគូនេះ កម្ពុជា នឹង ពង្រឹង ការអនុវត្តការស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត ក្នុងការចូលរួមដោះស្រាយ បញ្ហា មីន ព្រមទាំងជួយផ្តល់នូវវឌ្ឍនភាពលើមធ្យោ បាយស្រាវជ្រាវ សម្រាប់វិស័យមីន នៅ កម្ពុជា។ ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានចាត់ទុកភាពជាដៃគូនេះ នឹងជួយពន្លឿនឱ្យកម្ពុជា ឆាប់ សម្រេចនូវគោលដៅរបស់ខ្លួន នៅឆ្នាំ២០២៥ខាងមុខផងដែរ ៕ សំរិត