ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ, អាជីវករ, ពាណិជ្ជករ, មន្ត្រីរាជការ សប្បាយរីករាយ ចំពោះប្រមុខរាជរដ្ឋាភិបាល ប្រកាសពីការលើកលែង ការពាក់ម៉ាស់ តាមទីសាធារណៈ

34

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦មេសា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីការលើកលែង កាតព្វកិច្ចពាក់ម៉ាស់ការពារការឆ្លងជំងឺកូវីដ.១៩នៅកម្ពុជា តាមទីសាធារណៈ បន្ទាប់ពីការឆ្លងរាលដាលជំងឺកូវីដ១៩ នៅកម្ពុជា បានធូរស្រាលច្រើនគួរឲ្យកត់សម្គាល់។

ក្នុងសារជាសំឡេងរបស់សម្តេចប្រមុខ នៃរាជរដ្ឋាភិបាល មានរយៈពេលជាង១៦នាទីនៅព្រឹកថ្ងៃទី២៦មេសានេះ សម្តេចតេជោបានគូសបញ្ជាក់ថា៖ យោងតាមស្ថានភាពធូរស្រាល នៃការឆ្លងរាលដាលជំងឺកូវីដ១៩ នៅកម្ពុជា បង្ហាញពីសញ្ញាវិជ្ជមាន នៃការគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ បានល្អប្រសើរដែលយើងអាចលើកលែង កាតព្វកិច្ចម៉ាស់សម្រាប់ប្រជាពលរដ្ឋទូទៅតាមទីសាធារណៈ លើកលែងតែកន្លែងបិទជិត, ទីតាំងប្រមូលផ្តុំមនុស្សច្រើន គឺយើងនៅរក្សាការពាក់ម៉ាស់ ដដែល។

ក្នុងសារសំឡេងរបស់សម្តេចតេជោបន្តថា ទាំងរាជរដ្ឋាភិបាល និងបងប្អូនប្រជាពលរដ្ឋ តែងចង់បានការរំដោះខ្លួន ចេញពីការពាក់ម៉ាស់ ហើយបង្វែរលុយកាក់ ដែលចំណាយទៅលើការទិញម៉ាស់ មកទិញអាហារហូបចុក សម្ភារៈប្រើប្រាស់លើកកម្ពស់ ជីវភាពគ្រួសារវិញ។ ទោះបីយ៉ាងណាសម្តេចតេជោ បានលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល ក៏ដូចប្រជាពលរដ្ឋ ចូលរួមតាមដានសុខភាព ផ្ទាល់ខ្លួន និងត្រៀមបម្រុងធ្វើប្រតិកម្មរហ័សឆ្លើយតបទៅនឹងកាតព្វកិច្ចមិនពាក់ម៉ាស់ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋ ទៅទទួលយកការចាក់វ៉ាក់សាំងដូសទី៣ ដែលមានចំនួនប្រមាណ ៦លាន៤សែននាក់ នៅទូទាំងប្រទេសដោយឈរលើ គោលការណ៍ស្ម័គ្រចិត្តហើយក៏មិនមានការអនុវត្ត តាមវិធានការផាកពិន័យ ទៅលើអ្នកដែលមិនបានចាក់វ៉ាក់សាំងនោះដែរ។

ប្រជាពលរដ្ឋ, អាជីវករ, ពាណិជ្ជករ, មន្ត្រីរាជការបានបង្ហាញក្តីសប្បាយរីករាយ នឹងអរគុណយ៉ាងជ្រាលជ្រៅ ដល់ការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីរបស់សម្តេចតេជោដែល បានស្វះស្វែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋ គឺបានស្រោចវ៉ាក់សាំងនៅទូទាំងប្រទេសធ្វើឲ្យកម្ពុជា អាចគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ.១៩ បានល្អនិងតាមរយៈការខិតខំប្រឹងប្រែង អនុវត្តដោយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី ក្នុងការគ្រប់គ្រង ទប់ស្កាត់ការរីក រាលដាលជំងឺកូវីដ៕

អត្ថបទដែលជាប់ទាក់ទង