អភិបាលរាជធានី ស្នើអោយអាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយសាខាពន្ធដា ដើម្បីគៀងគរ ការប្រមូលពន្ធ ចូលរដ្ឋកាន់តែល្អប្រសើរ
ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានស្នើអោយអាជ្ញាធរខណ្ឌទាំង១៤ ត្រូវសហការអោយបានល្អជាមួយសាខាពន្ធដាខណ្ឌទាំងអស់ ដើម្បីអោយការងារគៀងគរ ប្រមូលពន្ធចំណូលចូលរដ្ឋកាន់តែល្អប្រសើរ ពោលគឺបើមានបញ្ហាអ្វីមួយត្រូវរួមគ្នាធ្វើការ ដោះស្រាយ ព្រោះថា ការអភិវឌ្ឍន៍មូលដ្ឋានគឺពឹងផ្អែកលើថវិកាចំណូលរបស់ពន្ធដានេះហើយ។
ការស្នើបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងពិធីប្រកាសកែសម្រួលភារកិច្ចនិងតែងតាំងថ្នាក់ដឹកនាំសាខាពន្ធដាខណ្ឌចំនួន៦
នារសៀលថ្ងៃទី២៦ មេសា ឆ្នាំ ២០២២នេះនៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃ អគ្គនាយកដ្ឋានពន្ធដារ និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការប្រមូលពន្ធ បើមានបញ្ហាខុសឆ្គងណាមួយអាជ្ញាធរខណ្ឌទាំង១៤ត្រូវតែរួមសហការគ្នាជាមួយសាខាពន្ធដា ដើម្បីសម្រួលលើការប្រមូលពន្ធនេះ ឲ្យបានល្អប្រសើរ ។
ការប្រមូលពន្ធគឺដើម្បីយកថវិកាទាំងនោះមកធ្វើការអភិវឌ្ឍប្រទេសជាតិរបស់យើងទាំងអស់គ្នាដូច្នេះយើងត្រូវតែរួមគ្នាដើម្បីសម្រួលលើកិច្ចការងារនេះឲ្យបានល្អប្រសើរ ។
លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា កន្លងមកយើងបានអនុវត្តបានល្អប្រសើរហើយ ប៉ុន្តែទោះបីជាណាយ៉ាងណាក្តីលោកនូវតែជម្រុញឲ្យបន្តសកម្មភាពនេះ ឱ្យកាន់តែល្អប្រសើរថែមទៀត ដោយកម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកគង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃ អគ្គនាយកដ្ឋានពន្ធដារ នៅក្នុងឱកាសនោះក៏បានលើកឡើងពីការអរគុណ ចំពោះអាជ្ញាធររាជធានីភ្នំពេញ ខណ្ឌ សង្កាត់ ដែលតែងតែផ្តល់ការសហការជាមួយ សាខាពន្ធដារតាមបណ្ដាខណ្ឌនឹងមន្រ្តីពន្ធដារផ្សេងទៀតនាពេលកន្លងមកបានល្អ ។លោក ស្នើឱ្យអាជ្ញាធររាជធានី ខណ្ឌ សង្កាត់បន្តជួយសាខាពន្ធដារឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីងាយស្រួលលើការប្រមូលពន្ធចូលរដ្ឋ។
ពាក់ព័ន្ធនឹងពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំសាខាពន្ធដារខណ្ឌទាំង៦រូបខាងលើនេះ លោកគង់ វិបុល បានធ្វើការណែនាំអោយប្រធានសាខាពន្ធដារទាំង៦រូប ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញការងារលើការប្រមូលពន្ធចូលរដ្ឋ ។ លោកបញ្ជាក់ថា មេដឹកនាំត្រូវតែមានការទទួលខុសត្រូវ ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ មេដឹកនាំត្រូវតែមានលក្ខណៈច្នៃប្រឌិតធ្វើយ៉ាងណា ប្រមូលពន្ធចូលរដ្ឋឲ្យបានកាន់តែកើនឡើង។ ថ្នាក់ដឹកនាំពន្ធដា មានបញ្ហាត្រូវតែដោះស្រាយកុំទុកឲ្យរឿងរ៉ាវកាន់តែធំ ថ្នាក់ដឹកនាំសាខាពន្ធដារត្រូវតែមានការច្នៃប្រឌិតនិងកែទម្រង់នៃការដឹកនាំ បើមិនមានការច្នៃប្រឌិតនិងកែទម្រង់ទេគឺមានតែផ្លាស់ប្ដូរចេញ។
គួរបញ្ជាក់ថា៖ មន្ត្រីរាជការពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំនួន ០៦ រូប ដែលត្រូវកែសម្រួលភារកិច្ច និងតែងតាំងខាងលើនេះរួមមាន៖
១. លោកស្រី គា រ៉ាមី បច្ចុប្បន្ន អនុប្រធានសាខាពន្ធដារខណ្ឌដូនពេញ ជាប្រធានសាខាពន្ធដារខណ្ឌមានជ័យ ជំនួសលោក នួន ថេរី ដែលចូលនិវត្តន៍។
២. លោក យិន ចិន្តាវុឌ្ឃ បច្ចុប្បន្ន ប្រធានសាខាពន្ធដារខណ្ឌទួលគោក ជាប្រធានសាខាពន្ធដារខណ្ឌ៧មករា ជំនួសលោក ប៊ុត ណុច ដែលទទួលភារកិច្ចថ្មី។
៣. លោក អេង ធីតា បច្ចុប្បន្ន ប្រធានសាខាពន្ធដារខណ្ឌដង្កោ ជាប្រធានសាខាពន្ធដារខណ្ឌទួលគោក ជំនួសលោក យិន ចិន្តាវុឌ្ឍ ដែលទទួលភារកិច្ចថ្មី។
៤- លោក សែម សាខន បច្ចុប្បន្ន ប្រធានសាខាពន្ធដារខណ្ឌពោធិ៍សែនជ័យ ជាប្រធានសាខាពន្ធដារខណ្ឌឬស្សីកែវ ជំនួសលោក ឆាយ សុវណ្ណា ដែលទទួលភារកិច្ចថ្មី។
៥. លោក មុត ណុច បច្ចុប្បន្ន ប្រធានសាខាពន្ធដារខណ្ឌ៧មករា ជាប្រធានសាខាពន្ធដារខណ្ឌពោធិ៍សែនជ័យ ជំនួសលោក សែម សាខន ដែលទទួលភារកិច្ចថ្មី។
៦. លោក ឆាយ សុវណ្ណ បច្ចុប្បន្ន ប្រធានសាខាពន្ធដារខណ្ឌឬស្សីកែវ ជាប្រធានសាខាពន្ធដារខណ្ឌដង្កោ ជំនួស លោក អេង ធីតា ដែលទទួលភារកិច្ចថ្មី៕