ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេច ហ៊ុន សែន ផ្ញើសារលិខិត ក្នុងឱកាសទិវា កម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២២

37

ភ្នំពេញ៖ សារលិខិតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២២។ សម្តេចតេជោ ផ្ញើសារលិខិតជូនដល់ បងប្អូនជនរួមជាតិទាំងអស់ជាទីស្រឡាញ់ ដើម្បីអបអរសាទរក្នុងឱកាសដ៏ មហោឡារិកនៃទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២២ ដែលប្រព្រឹត្តទៅជាសាកល នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ស្របទៅនឹងកាលបរិច្ឆេទនៃការរំលឹកខួបនៃការចូលជាធរមាននៃអនុសញ្ញាស្តីពីការបង្កើតអង្គការ កម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ១៩៧០។ ទិវាកម្មសិទ្ធិបញ្ញាពិភពលោកត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដោយ អង្គការកម្មសិទ្ធិបញ្ញាពិភពលោក(WIPO) និងប្រទេសជាសមាជិកក្នុងគោលបំណងលើកកម្ពស់ចំណេះដឹង សាធារណៈអំពីសារៈសំខាន់របស់កម្មសិទ្ធិបញ្ញាលើគ្រប់វិស័យ រួមទាំង ការកសាងកេរ្តិ៍ឈ្មោះម៉ាក ការបង្កើតថ្មី គំនិតច្នៃប្រឌិត ដែលមានឥទ្ធិពលក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនិងជំរុញការចូលរួមការពារ កម្មសិទ្ធិបញ្ញា។

ព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៩៥ ដែលបច្ចុប្បន្នមានសមាជិកសរុបចំនួន ១៩៣ប្រទេស ហើយបានចូលរួមយ៉ាងសកម្ម ដើម្បីបំពេញ កាតព្វកិច្ចអន្តរជាតិពាក់ព័ន្ធនឹងការការពារ និងលើកកម្ពស់កម្មសិទ្ធិបញ្ញា។

យើងទាំងអស់គ្នាទទួលស្គាល់ថា យុវជនគឺជាធនធានដ៏មានសក្តានុពលធំធេងក្នុងការបង្កើតថ្មី និង ការផ្តល់ដំណោះស្រាយបច្ចេកទេស សម្រាប់គាំទ្រដល់ជីវភាពប្រជាពលរដ្ឋ ក្នុងអន្តរកាលនៃការវិវឌ្ឍបច្ចេកវិទ្យា ដើម្បីឆ្ពោះទៅរកអនាគតមួយកាន់តែប្រសើរ។

សម្រាប់ឆ្នាំ២០២២ អង្គការកម្មសិទ្ធិបញ្ញាពិភពលោកបានផ្តួចផ្តើមរៀបចំទិវាកម្មសិទ្ធិបញ្ញាពិភពលោក ប្រចាំឆ្នាំ ក្រោមមូលបទ “កម្មសិទ្ធិបញ្ញា និងយុវជន៖ ការបង្កើតថ្មីសម្រាប់អនាគតកាន់តែប្រសើរ”។ មូលបទនៃទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២២ ដែលបានរំលេចនូវតួនាទីចម្បងរបស់យុវជនទូទាំងពិភពលោក និងសារៈសំខាន់នៃការចូលរួមមិនអាចខ្វះបានពីយុវជននៅក្នុងការកសាងប្រទេសជាតិ និងពិភពលោកមួយ ប្រកបដោយវិបុលភាព ពិតជាស្របគ្នាទៅនឹងនិន្នាការពិភពលោកដែលកំពុងមានការវិវត្តឥតឈប់ឈរ ដោយ តម្រូវឱ្យយុវជនដែលជាអនាគតពិភពលោក ចាំបាច់ត្រូវចូលរួមចំណែកក្នុងការកសាងអនាគតរបស់ខ្លួន និង រួមចំណែកដោះស្រាយបញ្ហានាពេលបច្ចុប្បន្ន ព្រមទាំងត្រៀមលក្ខណៈសម្រាប់បញ្ហាប្រឈមនាពេលអនាគត។ មូលបទនៃទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២២នេះ ក៏ស្របគ្នាទៅនឹងរបៀបវារៈនៃការអភិវឌ្ឍយុវជនរបស់ ព្រះរាជាណាចក្រកម្ពុជា ដោយរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកយុវជនជាធនធានយុទ្ធសាស្ត្រនិងមានតម្ល បំផុតសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងវិស័យការពារជាតិ ទាំងបច្ចុប្បន្ន និងអនាគត។ ផ្អែកលើមូលដ្ឋាននេះគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជន ដែលជាឧបករណ៍គោលនយោបាយដ៏មាន ប្រសិទ្ធភាព ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញឱ្យអនុវត្តចាប់តាំងពីឆ្នាំ២០១១. ដើម្បីប្រមូលផ្ដុំកម្លាំងគ្រប់ មជ្ឈដ្ឋានក្នុងសង្គមជាតិឱ្យមានភាពប្រទាក់ក្រឡាគ្នា សំដៅរួមចំណែកអភិវឌ្ឍយុវជនឱ្យកាន់តែមានលក្ខណៈ សម្បត្តិវិជ្ជមាន ដើម្បីចូលរួមអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិ។ ការយកចិត្តទុកដាក់ដោះស្រាយបញ្ហារបស់ យុវជនក៏ត្រូវបានអនុវត្តជាលក្ខណៈយុទ្ធសាស្ត្រ តាមរយៈផែនការសកម្មភាពជាតិ ស្តីពីការអភិវឌ្ឍយុវជន ដើម្បីផ្តល់នូវបទអន្តរាគមន៍ចាំបាច់ឆ្លើយតបទៅនឹងគោលដៅបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្ត កម្មវិធីអភិវឌ្ឍយុវជន និងការផ្ដល់ឱកាសដល់យុវជនគ្រប់រូបចូលរួមគ្រប់សកម្មភាពក្នុងសង្គម និងសេដ្ឋកិច្ច។

ផ្អែកលើទិដ្ឋភាពប្រជាសាស្ត្រដែលជាលទ្ធផលនៃជំរឿនទូទៅឆ្នាំ២០១៩ ព្រះរាជាណាចក្រកម្ពុជា កំពុងទទួលបាននូវកត្តាអំណោយផល ដោយប្រជាជនក្រោមអាយុ១៤ឆ្នាំ មាន ២៩,៤ ភាគរយ និងប្រជាជន អាយុចន្លោះ១៥ ដល់៥៩ឆ្នាំ មានចំនួន ៦១,៧ភាគរយ។ លក្ខណៈពិសេសនៃកត្តាប្រជាសាស្ត្រនេះបានក្លាយ ជាភាគលាភ ដែលប្រទេសកម្ពុជាអាចទាញយកសក្តានុពលនៃប្រជាសាស្ត្រវ័យក្មេង ដើម្បីឈានទៅសម្រេច បានចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់ព្រះរាជាណាចក្រកម្ពុជា។ ការណ៍នេះ រាជរដ្ឋាភិបាលបាន ដាក់ចេញនូវការអភិវឌ្ឍធនធានមនុស្ស ជាពិសេសយុវជនជាអាទិភាពនៃការអនុវត្តយុទ្ធសាស្ត្រចតុកោណនៅ គ្រប់ដំណាក់កាល ពិសេសបានក្លាយជាអាទិភាពទី១ នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងទី៤ នេះ ដើម្បីលើកកម្ពស់ចំណេះដឹង ជំនាញវិជ្ជាជីវៈ សមត្ថភាព សហគ្រិនភាព ការច្នៃប្រឌិត នវានុវត្តន៍ តាមរយៈការ អប់រំផ្សព្វផ្សាយ ការចែករំលែកចំណេះដឹង បទពិសោធ និងរបកគំហើញថ្មីៗ បច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍ លើគ្រប់វិស័យ។ យុវជនកម្ពុជាបច្ចុប្បន្នមិនត្រឹមតែបានទទួលការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងខ្លាំងក្លាពី រាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែភាពច្នៃប្រឌិត និងការបង្កើតថ្មីរបស់យុវជន ត្រូវបានការពារដោយច្បាប់ជាតិ និងការពារក្រោមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិពាក់ព័ន្ធកម្មសិទ្ធិបញ្ញា ដែលប្រទេសកម្ពុជា ជាភាគីហត្ថលេខី ផងដែរ។

យុវជនកម្ពុជាបច្ចុប្បន្នជាធនធានដ៏ធំសម្បើម ដែលមានគំនិតច្នៃប្រឌិត ភាពប៉ិនប្រសប់ និងមាន ទស្សនវិស័យវែងឆ្ងាយប្រកបដោយថាមពល និងមានមហិច្ឆតាក្នុងការទទួលបានចំណេះដឹងថ្មីៗ ក្លាហានជឿជាក់ ថាខ្លួនអាចធ្វើបាន ប៉ុន្តែយុវជនមិនទាន់បានប្រើប្រាស់ធនធានរបស់ខ្លួនឱ្យអស់លទ្ធភាពនៅឡើយទេ ដើម្បីជា គុណប្រយោជន៍សម្រាប់ប្រទេសជាតិ។

ព្រះរាជាណាចក្រកម្ពុជារៀបចំទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២២ តាមរយៈគណៈកម្មាធិការជាតិ គ្រប់គ្រងកម្មសិទ្ធិបញ្ញា ដែលមានក្រសួងពាណិជ្ជកម្មជាប្រធាន និងក្រសួងចំនួន១៦ជាសមាជិក គឺជាឱកាស មួយសម្រាប់យុវជនកម្ពុជាក្នុងការប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីគាំទ្រគោលបំណងរបស់យុវជនក្នុងការប ក្លាយគំនិតរបស់ខ្លួនឱ្យទៅជាការពិត ដោយបង្កើតចេញជាផលិតផលថ្មី ដើម្បីបង្កើតចំណូល បង្កើតការងារ និងផ្ដល់ឱកាសកាន់តែច្រើនដល់យុវជនដែលជាធនធានប្រកបដោយគំនិតច្នៃប្រឌិត ភាពប៉ិនប្រសប់ ដើម្បី ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។ ទន្ទឹមនឹងនេះ ការប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោកនេះ ក៏ផ្ដល់ឱកាសដល់យុវជនផងដែរ ក្នុងការបង្កើនការយល់ដឹងបន្ថែមទៀតអំពីច្បាប់កម្មសិទ្ធិបញ្ញារបស់កម្ពុជា រួមមាន៖ (១) ច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ (២) ច្បាប់ស្តីពី សិទ្ធិ អ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល (៣) ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមាន អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម (៤) ច្បាប់ស្តីពី ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (៥) ច្បាប់ស្តីពី ការ គ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ។ ការយល់ដឹងរបស់យុវជនបន្ថែមទៀតចំពោះច្បាប់កម្មសិទ្ធិ បញ្ញាអាចគាំទ្រដល់មហិច្ឆតារបស់យុវជនក្នុងការទទួលបានចំណេះដឹងក្នុងការបង្កើតថ្មី ដើម្បីអនាគតកាន់ត ប្រសើរ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។

សម្តេចជឿជាក់ថា បងប្អូនជនរួមជាតិបានជ្រាបរួចហើយអំពីបរិការណ៍ពិភពលោក ដែលកំពុងមានការ ប្រកួតប្រជែងយ៉ាងខ្លាំង ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ដោយផ្អែកលើធនធាន មនុស្សចំណេះដឹង និងគំនិតច្នៃប្រឌិត ដើម្បីជាកម្លាំងជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍសង្គម ព្រមទាំងដោះស្រាយ វិបត្តិដែលសាកលលោកកំពុងប្រឈមរួមមាន៖ វិបត្តិសុខភាពសាធារណៈ កំណើនដង់ស៊ីតេប្រជាជនសរុប ក្នុងពិភពលោក និងបម្រែបម្រួលអាកាសធាតុ ដែលនាំឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ និងគំរាមកំហែងដល់ សន្តិសុខស្បៀងអាហារពិភពលោក។ និន្នាការនេះ បានដាក់សម្ពាធឱ្យបណ្តាប្រទេសនានាយកចិត្តទុកដាក់ជា ខ្លាំងទៅលើការធ្វើអន្តរជាតិនីយកម្មនៃប្រព័ន្ធកម្មសិទ្ធិបញ្ញា ដើម្បីពង្រីកកិច្ចការពារ និងលើកទឹកចិត្តជំរុញឱ្យ មានរបកគំហើញថ្មីៗ។

ក្នុងបរិការណ៍នេះ គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាកំពុងរៀបចំគោលនយោបាយជាតិ កម្មសិទ្ធិបញ្ញា ដែលមានចក្ខុវិស័យអភិវឌ្ឍន៍ប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជាឱ្យក្លាយទៅជាកម្លាំងចលករក្នុងការ អភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ ទេសចរណ៍ និងកសិកម្ម តាមរយៈការលើកកម្ពស់កិច្ច ការពារកម្មសិទ្ធិបញ្ញា កេរ្តិ៍ឈ្មោះម៉ាក និងផលិតផលរបស់ព្រះរាជាណាចក្រកម្ពុជា ការបង្កើតស្នាដៃវប្បធម៌ តក្កកម្ម ធនធានពន្ធុ ចំណេះដឹងជាប្រពៃណី និងវិញ្ញត្តិវប្បធម៌ ជំរុញការប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីលើក កម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្នុងការបង្កើតផលិតផលបច្ចេកវិទ្យា និងជំរុញគំនិតច្នៃប្រឌិត និងការបង្កើតថ្មី ព្រមទាំងឧស្សាហកម្មវប្បធម៌ ឱ្យឆ្លើយតបទៅនឹងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល និងបដិវត្តឧស្សាហកម្ម ជំនាន់ទី៤ ហើយចូលរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០៥០។

ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិ គ្រប់គ្រងកម្មសិទ្ធិបញ្ញា ដែលបានខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញារបស់ព្រះរាជាណាចក្រ កម្ពុជា ជាពិសេស ការរៀបចំទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២២ ក្រោមមូលបទស្ដីពី”កម្មសិទ្ធិបញ្ញា និង យុវជន៖ ការបង្កើតថ្មីសម្រាប់អនាគតកាន់តែប្រសើរ” ព្រមទាំងរៀបចំព្រឹត្តិការណ៍អមរួមមាន (១) សិក្ខាសាលាជាតិ ស្តីអំពីសិទ្ធិអ្នកនិពន្ធ និងការអភិវឌ្ឍយុវជនប្រកបដោយភាពច្នៃប្រឌិតសម្រាប់អនាគតកាន់តែប្រសើរ (២) សិក្ខាសាលាតាមប្រព័ន្ធអនឡាញស្ដីអំពីការបង្កើតថ្មីសម្រាប់អនាគតកាន់តែប្រសើរ និង (៣) ការតាំងបង្ហាញ ផលិតផលបច្ចេកវិទ្យារបស់កម្ពុជា និងផលិតផលកម្មសិទ្ធិបញ្ញាដទៃទៀត៕

អត្ថបទដែលជាប់ទាក់ទង