ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កោតសរសើរ ការរួមចំណែក របស់អូស្ត្រាលីក្នុងដំណើរការសន្តិភាពរបស់កម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញទទួលឯកឧត្តម ឧត្ដមសេនីយ៍ឯក John Sanderson អតីតមេបញ្ជាការរបស់ UNTAC ពីឆ្នាំ១៩៩២-១៩៩៣ អតីតមេបញ្ជាការកងទ័ពអូស្រ្ដាលី និងជាអតីតអភិបាលរដ្ឋ Western Australia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងនៅរសៀលថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២២។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងកោតសរសើរចំពោះការរួមចំណែកយ៉ាងសំខាន់របស់អូស្ត្រាលី ជាពិសេសរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចន សេនដឺសុន (Jonh Sanderson) ក្នុងតួនាទីពេលនោះជាមេបញ្ជាការរបស់ កងកម្លាំងអន្តរជាតិ នៃអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNTAC) នៅ ក្នុងដំណើរការសន្តិភាពនៅកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញនូវសមិទ្ធផល នានាដែល UNTAC សម្រេចបាននៅកម្ពុជា ក្នុងការអនុវត្តគោលដៅសំខាន់នៃកិច្ចព្រមព្រៀងទីក្រុង ប៉ារីស រួមទាំងការរៀបចំការបោះឆ្នោតសកលនៅឆ្នាំ១៩៩៣ បើទោះបីជាមានការធ្វើពហិការបស់ ក្រុមខ្មែរក្រហម និងការបន្តសង្គ្រាមបែបឧទ្ទាមរបស់ពួកនេះក៏ដោយ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រោយការដកចេញពីកម្ពុជារបស់ UNTAC សម្តេចតេជោនាយករដ្ឋមន្ត្រី បាន ដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ សន្តិភាពពេញ លេញ និងស្ថិរភាពទាំងស្រុងនៅក្នុងប្រទេស នៅឆ្នាំ១៩៩៨។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះក្នុងជំនួបនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅ ទីស្តីការក្រសួង ជាមួយឯកឧត្តមឧត្តមសេនីយ៍ឯក ចន សេនដឺសុន អតីតមេបញ្ជាការរបស់កង កម្លាំងអន្តរជាតិ UNTAC អតីតមេបញ្ជាការកងទ័ពអូស្ត្រាលី និងជាអតីតអភិបាលរដ្ឋ Western Australia ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ នៃទំនាក់ទំនងការទូតកម្ពុជា-អូស្ត្រាលី និងខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើត UNTAC ផងដែរ ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីការសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ច ពី ៧% ក្នុងរយៈពេលពីរទស្សវត្សរ៍កន្លងមក បានធ្វើឱ្យប្រទេសកម្ពុជាងើបចេញពីប្រទេស និងកម្ពុជា សង្គមនៅកម្ពុជា ដោយមានប្រសាសន៍ថា កំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំជាមធ្យមលើស ចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប នៅក្នុងឆ្នាំ២០១៥។ ឯកឧត្តម បានថ្លែង អំណរគុណចំពោះការចូលរួមចំណែករបស់ប្រទេសអូស្ត្រាលី ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន ឧត្តមសេនីយ៍ឯក សេនដឺសុន ផងដែរ អំពីមោទនភាព របស់កម្ពុជា ក្នុងការប្រែក្លាយពីប្រទេសដែលទទួលយកកងកម្លាំងថែរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិ ទៅជាប្រទេសមួយដែលរហូតមកដល់ពេលនេះ បានបញ្ជូនកងកម្លាំងកម្ពុជាជាង ៨ពាន់នាក់ ទៅចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅប្រទេស ចំនួន៨ នៅទ្វីបអាហ្វ្រិក និងមជ្ឈឹមបូព៌ា។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឧត្តមសេនីយ៍ឯក សេនដឺសុន បានសម្តែងការពេញចិត្ត ចំពោះមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងយូរអង្វែង ចាប់តាំងពីការបង្កើតទំនាក់ ទំនងការទូតរវាងប្រទេសទាំងពីរ នៅក្នុងឆ្នាំ១៩៥១ មក។
ឯកឧត្តមឧត្តមសេនីយ៍ឯក សេនដឺសុន បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការ អភិវឌ្ឍដ៏ឆាប់រហ័សនៅកម្ពុជា និងបានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាចំពោះយុទ្ធនាការចាក់វ៉ាក់សាំង ប្រកបដោយជោគជ័យ ក៏ដូចជាការបញ្ជូនកងកម្លាំងកម្ពុជារាប់ពាន់នាក់ទៅចូលរួមក្នុងប្រតិបត្តិការ រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសផ្សេងៗគ្នាជុំវិញពិភពលោក។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនដៃគូសន្ទនារបស់ឯកឧត្តមអំពីលទ្ធផលន ដំណើរទស្សនកិច្ចជាលើកដំបូងរបស់ឯកឧត្តមទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីខែមីនា ដោយគូស បញ្ជាក់អំពីបញ្ហាប្រឈមនានា ជាពិសេសភាពស្មុគស្មាញសម្រាប់កិច្ចសន្ទនាស្វែងរកសន្តិភាពក្នុង ចំណោមភាគីពាក់ព័ន្ធទាំងអស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើអាទិភាពបន្ទាន់ ចំនួនបីគឺ ៖ (១) ការបោះជំហានឆ្ពោះទៅរកការបញ្ចប់អំពើហិង្សា (២) ការសម្របសម្រួលការចែកចាយ ជំនួយមនុស្សធម៌ និង (៣) ការកសាងទំនុកចិត្ត និងការបង្កើតបរិយាកាសដែលចាំបាច់សម្រាប់កិច្ច សន្ទនានយោបាយ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរអំពីផែនការរបស់ឯកឧត្តម ក្នុងការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌ នៅរាជធានីភ្នំពេញ ដើមខែឧសភា ឆ្នាំ ២០២២ ខាងមុខនេះ។
ឯកឧត្តមឧត្តមសេនីយ៍ឯក សេនដឺសុន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឋានៈជាប្រធានអាស៊ាន និងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ក្នុង ឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ានសម្រាប់មីយ៉ាន់ម៉ា ក្នុងការស្វែងរកដំណោះស្រាយ សម្រាប់វិបត្តិបច្ចុប្បន្ននៅមីយ៉ាន់ម៉ា ជាពិសេសតាមរយៈការប្រើប្រាស់បទពិសោធន៍របស់កម្ពុជា។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមឧត្តមសេនីយ៍ឯក សេនដឺសុន ក៏បានពិភាក្សា
អំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាកង្វល់រួមផងដែរ៕