ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាត ឲ្យ ឯកឧត្តម ឌិញ ទៀន ហ្ស៊ុង សមាជិកការិយាល័យ នយោបាយបក្សកុំម្មុយនីស្តវៀតណាម ជួបសម្តែងការ គួរសម

32

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាត ឲ្យ ឯកឧត្តម ឌិញ ទៀន ហ្ស៊ុង (Dinh Tien Dung) សមាជិកការិយាល័យ នយោបាយបក្សកុំម្មុយនីស្តវៀតណាមនិងជាលេខាបក្សរដ្ឋធានីហាណូយនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការ គួរសមនៅព្រឹកថ្ងៃពុធទី២៧ ខែមេសា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា ក្នុងពេលដែល ឯកឧត្តម ដឹកនាំគណៈប្រតិភូមមកបំពេញទស្សនកិច្ចនៅកម្ពុជា។

ឯកឧត្តម ឌិញ ទៀន ហ្ស៊ុង បានសម្តែងការអបអរសាទរចំពោះការអភិវឌ្ឍឥតឈប់ឈររបស់ រាជធានីភ្នំពេញក៍ដូចជាកម្ពុជាទាំងមូល។ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យដ៍ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ឋប្រឆំាងជំងឺកូវីដ-១៩ ដែលបាននាំអោយកម្ពុជាបើកប្រទេស និងសង្គមសេដ្ឋកិច្ចឡើងវិញ ដោយបានធ្វើអោយកំណើនសេដ្ឋកិច្ចមានការកើនឡើងគួរអោយកត់សម្គាល់។

ឯកឧត្តមប្រធានគណៈប្រតិភូបាន ជូនពរកម្ពុជាអោយទទួលបានជោគជ័យនៅក្នុងការរៀបចំបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ការបាះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា និងការធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២នេះ។ ឯកឧត្តម ឌិញ ទៀន ហ្ស៊ុង បានគោរពស្នើសូមសម្តេចប្រធានរដ្ឋសភា ជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាបន្តទៀតនៅក្នុងការផ្លាស់ប្តូរទស្សនកិច្ច គ្រប់កម្រិត និងបទពិសោធន៍ នានាដូចជាការកសាងច្បាប់ និងការពង្រឹង គាំទ្រគ្នាទៅវិញទៅមកលើកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី នៅលើឆាកអន្តរជាតិ។

នៅក្នុងឱកាសនោះ ឯកឧត្តម ឌិញ ទៀន ហ្ស៊ុង ក៍បានជម្រាបសម្តេច អំពីលទ្ឋផលនិងកិច្ចសហប្រតិបត្តិការគ្នារវាងរាជធានីភ្នំពេញនិងទីក្រុងហាណូយ ដែលនាកន្លងមកក៍ដូចជា ទៅថ្ងៃអនាគត សំដៅលើកកម្ពស់ផលប្រយោជន៍ប្រទេសនិងប្រជាជនទំាងសងខាង។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនៅគ្រប់លំដាប់ថ្នាក់ នៃប្រទេសទាំងពីរ បង្ហាញនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក្នុងនាមជាបងប្អូន និងជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដែលមានប្រវត្តិតស៊ូ រួមសុខ រួមទុក្ខជាមួយគ្នាគ្រប់កាលៈទេសៈ។

ទំនាកទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ បានប្រព្រឹត្តិទៅយ៉ាងល្អ ជិតស្និត និងស៊ីជម្រៅ ទាំងក្នុងក្របខ័ណ្ឌ បក្ស រដ្ឋ និង ប្រជាជនដោយ ផ្អែកលើស្មារតីភាតរភាព ស្និទ្ធស្នាល ជឿទុកចិត្តគ្នា ដោយបានផ្តល់ផលប្រយោជន៍ គ្នាទៅវិញ ទៅមក។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងរវាងសាលារាជធានីភ្នំពេញនិងរដ្ឋធានីហាណូយ ដែលបានសហការគ្នានាពេលកន្លងមក ។

សម្តេចបានសម្តែងនូវការគំាទ្រកម្មវិធីការងារទាំងឡាយ ជាពិសេសការផ្លាស់ប្តូរទស្សនកិច្ច ចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក ដើម្បីវឌ្ឍនភាព ការរីកចម្រើនរវាងរាជធានីភ្នំពេញ និងហាណូយ និងនិយាយជារួម ដើម្បីការរីកចម្រើនធំធាត់នៃប្រជាជាតិទាំងពីរ ៕

អត្ថបទដែលជាប់ទាក់ទង