ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមគ្រូពេទ្យចុះចាក់វ៉ាក់សាំងការពារកូវីដ-១៩ បានឈានដល់ទីផ្សាររដ្ឋ នៅក្នុងរាជធានីភ្នំពេញហើយ សូមបងប្អូនរួសរាល់ទៅទួលវ៉ាក់សាំង

36

 

ភ្នំពេញ ៖ អនុវត្តតាមអនុសាសន៍ដឹកនាំ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ សម្ដេចពិជ័យសេនា ទៀ បាញ់ បាននិងកំពុងសម្រុកបើកយុទ្ធនាការចុះចាក់វ៉ាក់សាំងកូវីដតាមទីផ្សារ ទីប្រជុំជនប្លុកផ្ទះជួលរបស់កម្មករ និង ទីតាំងចល័តនានា ក្នុងរាជធានីភ្នំពេញ ដោយអនុវត្ត ពីថ្ងៃទី២៥ ខែមេសាតទៅ ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៧ មេសានេះ នៅទីតាំងផ្សារទួលទំពូង ក៏មិនខុសពីទីតាំងផ្សេងទៀតដែរ គឺបានដំណើរការចាក់វ៉ាក់សាំង ជូនអាជីវកនិងប្រជាពលរដ្ឋយ៉ាងមមាញឹក។

លោកចំរើន សុខលីម ប្រធានផ្សារទួលទំពូងបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៧ មេសានេះថា ដោយមានការយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានរៀបចំអោយមានទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីជួយសម្រួល និងអាចបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋនិងអាជីវកដែលរវល់ក្នុងការ ប្រកបអាជីវកម្មអាចឆ្លៀតពេលបានចាក់វ៉ាក់សាំងបានគ្រប់គ្នា ។

លោកប្រធានផ្សារទួលទំពូងក៏បានអោយដឹងដែរថា ការចាក់វ៉ាក់សាំងនៅពេលនេះ គឺមានទាំងអ្នកដែលមិនទាន់បានចាក់សោះ ដូសជំរុញ លើកទី៣និងលើកទី៤ ។ ការចាក់វ៉ាក់សាំងដែលធ្វើឡើងដោយក្រុមគ្រូពេទ្យស្មគ្រចិត្តសម្តេចពិជ័យសេនាទា បាញ់មានរយៈពេល៧ថ្ងៃដែលចាប់ផ្តើមចាក់នៅព្រឹកថ្ងៃទី២៧ មេសានេះតទៅ ជាមួយគ្នានោះលោកចំរើន សុខលីមក៏បានអំពាវនាវអោយ អាជីវកនិងប្រជាពលរដ្ឋដែលរស់នៅក្បែរផ្សារមកធ្វើការចាក់វ៉ាក់សាំងអោយបានគ្រប់គ្នាផងដែរ។
បើតាមមន្ត្រីរដ្ឋបាលខណ្ឌចំការមនបានអោយដឹងថា ទីតាំងសម្រាប់ចាក់វ៉ាក់សាំងក្រៅពីផ្សារទួលទំពូង នៅមានផ្សារបឹងត្របែកផ្លាស្សា ក៏បានបង្កើតទីតាំងចាក់វ៉ាក់សាំង ជូនអាជីវកនិងប្រជាពលរដ្ឋផងដែរ រីឯនៅក្នុងសង្កាត់ទន្លេបាសាក់ ក្រុមគ្រូពេទ្យធ្វើការចុះចាក់នៅតាមផ្ទះជូន ប្រជាពលរដ្ឋតែម្តង។

លោក សាន់ ប៊ុនណា បានឲ្យដឹងថា ផ្សារបន្លែច្បារអំពៅ ប្រជាពលរដ្ឋ ក៏ដូចអាជីវករ និងអតិថិជន មកទទួលការចាក់វ៉ាក់សាំង រយៈពេល ២ថ្ងៃមកនេះ មាន២២៥នាក់ ។ ដោយឡែកចំពោះផ្សារច្បារអំពៅ លោក គួច ចំណាន បានឲ្យដឹងដែតថា ប្រជាពលរដ្ឋ ក៏ដូចអាជីវករ និងអតិថិជន មកទទួលការចាក់វ៉ាក់សាំង រយៈពេល ២ថ្ងៃមកនេះ បានប្រមាណជាង២០០នាក់ផងដែរ ។

គួរបញ្ជាក់ថា ៖ កន្លងមកនេះការចាក់វ៉ាក់សាំងការពារកូវីដ-១៩ បានធ្វើឡើងនៅតាមរោងចក្រ មណ្ឌលសុខភាព និងទីសាធារណៈមួយចំនួនទៀត តែពេលនេះបានឈានដល់ទីផ្សាររដ្ឋហើយ។ នេះជាការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងការដឹកនាំបញ្ជាផ្ទាល់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជុំវិញសុខុមាលភាពជូនប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានជូនដំណឹង ពីការបញ្ជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងចំនួន១៦០០នាក់ ដើម្បីបង្កើនល្បឿនចាក់ដូសជំរុញ ជូនពលរដ្ឋ កម្មករ សិស្សនិសិ្សត អ្នកលក់ដូរ នៅតាមបណ្តារាជធានី-ខេត្ត ដើម្បីបង្កើនល្បឿនចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ទាំងដូសទី៣ និង ដូសទី៤) ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី តាមរោងចក្រ ក្រៅប្រព័ន្ធ សិស្ស និសិ្សត អ្នកលក់ដូរតាមទីផ្សារ នៅតាមបណ្ដារាជធានី-ខេត្ត៕

អត្ថបទដែលជាប់ទាក់ទង