ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំយុវជនក្រសួង និងនិស្សិតនៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនប្រមាណ៣០០នាក់ ធ្វើទស្សនកិច្ចកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែ

40

ព្រះសីហនុ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំយុវជនក្រសួង និងនិស្សិតនៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនប្រមាណ៣០០នាក់ចូលធ្វើទស្សនកិច្ចសិក្សា ស្វែងយល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង យុវជនក្រសួង និងនិស្សិតនៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។

ថ្លែងក្នុងកម្មវិធីសំណេះសំណាលជាមួយយុវជនក្រសួង និងនិស្សិតវិទ្យាស្ថាននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីគម្រោងអភិវឌ្ឍន៍កំពង់ផែជាច្រើនបន្ថែមទៀតដើម្បីកាត់បន្ថយចំណាយលើការដឹកជញ្ជូន បង្កើនប្រសិទ្ធភាពនៃការប្រកួតប្រជែងឱ្យកាន់ប្រសើរឡើង និងគម្រោងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ (Port EDI) ក្នុងការចូលរួមចំណែកពង្រឹងការគ្រប់គ្រងការប្រមូលចំណូលជាតិប្រកបដោយតម្លាភាពនិងប្រសិទ្ធភាព ជួយពន្លឿននីតិវិធីចេញ-ចូលនាវា នៅតាមកំពង់ផែ និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រផងដែរ។

ឆ្លើយតបទៅនឹងសំណូមពររបស់និស្សិតស្នើសុំឱ្យមានកម្មសិក្សានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយផ្ទាល់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានឆ្លើយតបថា៖ ក្រសួងនឹងជ្រើសរើសនិស្សិតឆ្នើមចំនួន៥នាក់ មកធ្វើការសម្រាប់រយៈពេលពីពីរទៅបីខែ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅពេលវិស្សមកាលដើម្បីធ្វើកម្មសិក្សា ក៏ដូចជាស្វែងយល់អំពីកំពង់ផែនេះផងដែរ។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ ក្រសួងនឹងស្នើសុំឱ្យកំពង់ផែស្វយ័តក្រុងភ្នំពេញ និងវិស័យឯកជនពិនិត្យលទ្ធភាពយកនិស្សិតវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនទៅធ្វើការសិក្សាអំពីការងារក្នុងវិស័យឯកជនក្នុងរយៈពេលវិស្សមកាលរបស់ខ្លួន ដើម្បីទទួលបានចំណេះដឹងទាក់ទងនឹងការងារវិស័យឯកជន និងឈានទៅធ្វើការសម្រេចចិត្តជ្រើសរើសវិស័យណាមួយក្នុងការចូលរួមបម្រើប្រទេសជាតិមាតុភូមិរបស់ខ្លួន។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារៈសំខាន់នៃកត្តាសុខសន្តិភាពដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលទាក់ទាញទេសចរណ៍រាប់លាននាក់មកលេងកម្ពុជា និងធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុមាននាវាធំៗចូលចត មានឱកាសនាំយកផលិតផលទៅលក់នៅបរទេស ជំរុញឱ្យពាណិជ្ជកម្មមានការរីកចម្រើន មានការងារធ្វើ មានឱកាសកសាងស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ព្រលានយន្តហោះ និងកំពង់ផែជាដើម។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានចោទសួរ និងឆ្លើយអំពីមូលហេតុដែលនាំឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុត្រូវពង្រីកបន្ថែម គឺដោយសារមានកប៉ាល់ចូលច្រើន ហេតុផលនាំឱ្យមានកប៉ាល់ចូលច្រើន គឺដោយសារទំនិញដឹកចេញដឹកចូលច្រើន ហេតុផលនាំឱ្យមានទំនិញដឹកចេញចូលច្រើន គឺដោយសារសេដ្ឋកិច្ចមានការរីកចម្រើន និងជាចុងក្រោយបានសួរថា៖ ហេតុដូចម្ដេចបានជាសេដ្ឋកិច្ចមានការរីកចម្រើន ចម្លើយគឺដោយសារសុខសន្តិភាព។ ដូច្នេះសុខសន្តិភាពគឺជាកត្តាកំណត់មិនអាចខ្វះបានដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានរំលឹកឡើងវិញអំពីការទទួលស្វាគមន៍នាវាទេសចរណ៍Westerdam ដែលត្រូវបានបដិសេធការចូលចតពីបណ្ដាប្រទេសមួយចំនួនដោយសារភ័យខ្លាចករណីជំងឺកូវីដ-១៩ ក្នុងគោលបំណងមនុស្សធម៌ ទឹកចិត្តសន្តោសប្រណី មិនរើសអើងពូជសាសន៍ ជួយគ្នាក្នុងគ្រាមានអាសន្ន និងផ្ដល់ក្តីស្រឡាញ់ជំនឿទុកចិត្តភាពកក់ក្តៅដល់អ្នកធ្វើដំណើរលើនាវា ដែលរួមមានមនុស្សចាស់ស្ត្រី និងកូនក្មេងផងដែរ។

យោងតាមរបាយការណ៍ស្ថិតិទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា កុងតឺន័រឆ្លងកាត់មានចំនួន ១៩៨ ១៨២ TEUs នៅក្នុងត្រីមាសទី១ឆ្នាំ២០២២ កើនឡើងចំនួន១៦,៣២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញឃើញថាសេដ្ឋកិច្ចកម្ពុជាបានចាប់ផ្ដើមទើបឡើងវិញបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។

សូមជម្រាបជូនថា៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្ថិតនៅទីតាំងយុទ្ធសាស្ត្រប្រកបដោយសក្កានុពល មានអំណោយផលពីធម្មជាតិសម្រាប់ការកសាងកំពង់ផែសមុទ្រទឹកជ្រៅ មានឃ្លងចូលនាវា មានចម្ងាយជិតនឹងទឹកជ្រៅ ដែលពុំចាំបាច់ចំណាយលើការបូមស្តារជាប្រចាំ។ ដោយឡែកនិយោជិតកំពង់ផែមាន លក្ខណៈសម្បត្តិ និងមានជំនាញសមត្ថភាពគ្រប់គ្រាន់លើការងារប្រតិបត្តិការ និងបានបញ្ជូនទៅបណ្តុះបណ្តាលនៅតាមបណ្តាប្រទេសនានាដូចជា៖ ជប៉ុន កូរ៉េ សឹង្ហបុរី និងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ ដើម្បីបម្រើវិស័យកំពង់ផែឱ្យមានការរីកចម្រើន ដែលជាផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជាទាំងមូល។

ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជាមានផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៧ខ្សែនៅក្រុងព្រះសីហនុ ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរ និងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គ្រោងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗ រួមជាមួយនឹងការគាំទ្រពីទីភ្នាក់ងារJICA លើការអភិវឌ្ឍកំពង់ផែទាំងផ្នែករឹង និងផ្នែកទន់ ទាំងផ្នែកបច្ចេកទេស និងផ្នែកហិរញ្ញវត្ថុសម្រាប់ដំណើរការអភិវឌ្ឍកំពង់ផែ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុរំពឹងទុកថា៖ ចំណតផែកុងតឺន័រថ្មីជំហ៊ានទី២ និងជំនាញទី៣ នឹងមានសមត្ថភាពឱ្យនាវាកុងតឺន័រខ្នាតធំស្ទើរតែទាំងអស់ អាចដឹកជញ្ជូនដោយផ្ទាល់ពីកំពង់ផែក្រុងព្រះសីហនុទៅមកតំបន់អាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប និងអាមេរិក ដោយពុំបានចាំបាច់ធ្វើការផ្ទេរ ផ្ទុកនៅតាមកំពង់ផែផ្សេងៗទៀតឡើយ។

ក្រៅពីអាជីវកម្មលើកដាក់ និងថែរក្សាទំនិញ កំពង់ផែស្វយ័តក្រុងព្រះសីហនុក៏មានអាជីវកម្មបន្ទាប់បន្សំមួយទៀតគឺតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ។ តំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុបានដំណើរការតាំងពីឆ្នាំ២០១២ មានផ្ទៃដីទំហំ៦៤ហិកតា ដែលបានសាងសង់តាមបទដ្ឋានបច្ចេកទេសខ្ពស់ និងមានទីតាំងស្ថិតនៅជាប់នឹងកំពង់ផែក្រុងព្រះសីហនុ បង្កលក្ខណៈងាយស្រួលដល់ធុរកិច្ចទាក់ទងនឹងការដឹកជញ្ជូន។ តំបន់សេដ្ឋកិច្ចពិសេសនេះបង្កើតឡើងក្នុងគោលបំណងដើម្បីទាក់ទាញវិនិយោគផ្ទាល់ពីបរទេសជាពិសេសដើម្បីបង្កើតការងារធ្វើជូនប្រជាពលរដ្ឋកម្ពុជា និងគាំទ្រអាជីវកម្មកំពង់ផែផងដែរ។

សេវាកម្មរបស់តំបន់សេដ្ឋកិច្ចពិសេសរួមមានជួលដីសម្រាប់សាងសង់រោងចក្រភស្តុភារកម្ម និងភណ្ឌាគារគយមានដែនកំណត់ ជួលរោងចក្រនិងឃ្លាំង ផ្គត់ផ្គង់ថាមពលអគ្គិសនី ទឹកស្អាត និងចម្រោះទឹកកខ្វក់ ជួលការិយាល័យ ជួលអគារស្នាក់នៅ និងសេវាផ្សេងៗទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង