ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានមន្ទីររ៉ែ និងថាមពល អំពាវនាវឲ្យដៃគូរវិនិយោគ ទាំងក្នុងនិងក្រៅប្រទេស គួរចូលមកពិនិត្យសិក្សាធ្វើអាជីវកម្មរ៉ែ នៅខេត្តមណ្ឌលគិរី

42

មណ្ឌលគិរី៖ បច្ចុប្បន្ននៅខេត្តមណ្ឌលគិរី មានក្រុមហ៊ុនចំនួន២បានមកវិនិយោគលើវិស័យរ៉ែ ក្នុងស្រុកកែវសីមា ក្នុងនោះគឺក្រុមហ៊ុនរ៉េនីហ្សង់ និងក្រុមហ៊ុនរ៉ុងឆេង ក្រុមហ៊ុនទាំង២នេះគឺសុទ្ធតែវិនិយោគលើអាជីវកម្មរ៉ែមាស ហើយក្រុមហ៊ុនរ៉ុងឆេងមិនទាន់បានដំណើរអាជីវកម្មនោះទេ ដោយកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងអាគាររដ្ឋបាល ដូចនេះមានតែក្រុមហ៊ុនរ៉េនីហ្សង់មួយប៉ុណ្ណោះដែលកំពុងដំណើរអាជីវកម្មចម្រាញ់រ៉ែមាស ។

លោក សាន់ ដារិទ្ធិ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដើម្បីអភិវឌ្ឍន៍វិស័យរ៉ែនៅខេត្តមណ្ឌលគិរី ថ្មីៗនេះមានក្រុមហ៊ុនចំនួន២ បានចុះមកពិនិត្យនិងធ្វើបុរេសេនានៅស្រុកកែវសីមា ផ្ដោតទៅលើរ៉ែមាស ។ ប្រធានមន្ទីរបន្តថា ក្រុមហ៊ុនរ៉េនីហ្សង់បានចាប់ផ្ដើមធ្វើអាជីវកម្មរ៉ែមាស ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ រហូតដល់នេះ និងអាចចម្រាញ់រ៉ែមាសបានចន្លោះពី៦០គីឡូក្រាម ទៅ៨០គីឡូក្រាម ក្នុង១សប្តាហ៍ ហើយករណីពិសេសអាចផលិតបាន១០០គីឡូក្រាមក្នុង១ខែក៏មាន ដោយសរុបរយៈពេលជិត១ឆ្នាំមកនេះ ក្រុមហ៊ុនរ៉េនីហ្សង់ចម្រាញ់មាសបានប្រមាណ ២តោន ៧០គីឡូក្រាម ។
លោក សាន់ ដារិទ្ធិ បញ្ជាក់ថា ទៅលើការអភិឌ្ឍន៍វិស័យរ៉ែក្នុងខេត្តមណ្ឌលគិរី ក៏បានជួបប្រទះនិងការលំបាកខ្លះ ដោយខ្វះមន្ត្រីដើម្បីចុះពិនិត្យតាមក្រុមហ៊ុនធ្វើអាជីវកម្ម និងបង្ក្រាបបទល្មើសឲ្យទាន់ពេលវេលា ប៉ុន្តែចំណុចនេះមិនអាចបន្ទោសរាជរដ្ឋាភិបាលបានទេ ព្រោះប្រទេសកម្ពុជាបានជួបវិប្តត្តិកូវីដ១៩កន្លងមក ដោយរាជរដ្ឋាភិបាលក៏ត្រូវកាត់បន្ថយការចំណាយ ការជ្រើសរើសបុគ្គលិក ។

លោកក៏បានអំពាវនាវឲ្យដៃគូរវិនិយោគទាំងក្នុងនិងក្រៅប្រទេស គួរចូលមកពិនិត្យសិក្សាធ្វើអាជីវកម្មនៅខេត្តមណ្ឌលគិរី ព្រោះមណ្ឌលគិរីសម្បូរធនធានធម្មជាតិជាច្រើន ពិសេសគឺធនធានរ៉ែតែម្ដង ហើយរាជរដ្ឋាភិបាល ក៏បាននិងកំពុងគិតគូរបញ្ជូនក្រុមហ៊ុនចំនួន០៤ មកសិក្សាវិនិយោគលើវិស័យរ៉ែនៅខេត្តមណ្ឌលគិរីបន្ថែមទៀតផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង