ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហែលទឹក បានទទួលសម្ភារៈ ប្រកួតពីក្រុមហ៊ុនជប៉ុន

170

ភ្នំពេញ៖ល្ងាចថ្ងៃទី២៩មេសាសហព័ន្ធខ្មែរកីឡាហែលទឹកបានទទួលសម្ភារៈសម្រាប់ប្រកួតហែលទឹកពីក្រុមហ៊ុនJapan Swim Shopនៅប្រទេសជប៉ុន ។
លោកSeng Gokuដែលជាម្ចាស់ហាង និងជាតំណាងលោកOkumura GOMI RECYCLE 110
Co,LTDបាននាំយកសម្ភារៈសម្រាប់ប្រកួតហែលទឹកនេះមកដល់ទីស្នាក់ការសហព័ន្ធតែម្ដង ។
ការឈានដល់ការប្រគល់ទទួលសម្ភារប្រកួតនាពេលនេះគឺតាមរយៈការជួយជ្រោម
ជ្រែងជាខ្លាំងពីលោកជំទាវឧត្តមសេនីយ៍ត្រី មាស ច័ន្ទអាសនានិងលោកជំទាវឧត្តមសេនីយ៍ត្រី ម៉ែន សុភ័ក្ត ជំនួយការផ្ទាល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។

លោក OKUMURA ប្រធានក្រុមហ៊ុន GOMI RECYCLE110 មានប្រសាសន៍ថា ក្នុងនាមលោកជាអ្នកគាំទ្រម្នាក់លោកពិតជារីករាយយ៉ាងខ្លាំងដែលបាននាំយកសម្ភារដ៏មានសារសំខាន់ប្រគល់ជូនសហព័ន្ធខ្មែរកីឡាហែលទឹក។«ខ្ញុំសូមចូលរួមគាំទ្រនិងលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរបស់ក្រុមជម្រើសជាតិហែលទឹកកម្ពុជាទាំងអស់ទទួលបានជោគជ័យ នូវអ្វីដែលអ្នកទាំងអស់គ្នាប្រាថ្នាចង់បាន»។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះលោក OKUMURA ប្រធានក្រុមហ៊ុន GOMI RECYCLE110 CO.,LTD ដែលបាននាំយកសម្ភារប្រកួតនេះចំនួន៤០សម្រាប់ សម្រាប់កីឡាករ កីឡាការិនីជម្រើសជាតិហែលទឹកកម្ពុជាដែលសម្ភារទំាងនេះមានតម្លៃសរុប១ម៉ឺនដុល្លារអាមេរិក។

លោកអគ្គលេខាធិការចាត់ទុកថាការផ្តល់សម្ភារប្រកួតនាពេលនេះគឺជាពេលវេលាមួយដ៏វិសេសវិសាល ខណៈក្រុមជម្រើសជាតិហែលទឹកកំពុងត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ពីថ្ងៃទី១២-២៣ ខែឧសភា ឆ្នាំ២០២២ ដែលប្រភេទកីឡាហែលទឹកកម្ពុជា គ្រោងនឹងចេញដំណើរ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។
«អ្វីដែលពិសេសតាមរយៈការជួយឧបត្ថម្ភដ៏ថ្លៃថ្លានេះកំពុងជំរុញឲ្យក្រុមកីឡាហែលទឹកជម្រើសជាតិកម្ពុជា មានសម្ភារប្រកួតស្តង់ដាអន្តរជាតិ។ ក្រុមជម្រើសជាតិហែលទឹកកម្ពុជា ដែលកំពុងត្រៀមស៊ីហ្គេម នៅវៀតណាម នាខែក្រោយនេះ គឺមានទាំងផ្នែកហែលទឹក និងវិញ្ញាសាហែលជើងទា (Fin Swimming)»។ លោក ហែម គីរី បានបន្ថែម។

លោកអគ្គលេខាធិការរូបនេះសង្កត់ធ្ងន់ថាការត្រៀមចូលរួមប្រកួតស៊ីហ្គេមនៅវៀតណាមខែក្រោយនេះគឺជាការចូលរួមដ៏សំខាន់មួយដើម្បីវាស់ស្ទង់កម្រិតគុណភាពបច្ចេកទេសចុងក្រោយរបស់អត្តលិកហែលទឹកកម្ពុជារួមទាំងគ្រូបង្វឹកផងដែរនៅក្នុងដំណើរឈានឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។
នេះគឺជាទិសដៅដ៏ចម្បង ក្នុងការស្វែងរកមេដាយជូនជាតិនៃគោលដៅស៊ីហ្គេម ២លើកចំពោះមុខ ជាពិសេសស៊ីហ្គេម នៅកម្ពុជា ដោយសារតែប្រភេទកីឡាហែលទឹកកម្ពុជា មិនធ្លាប់ដណ្តើមបានមេដាយ ស៊ីហ្គេម នោះទេ ចាប់តាំងពីឆ្នាំ១៩៨០ មកដល់ពេលបច្ចុប្បន្ននេះ។

លោកហែមគីរីបញ្ជាក់ចុងក្រោយថាអ្វីដែលជាគោលដៅគឺកីឡាហែលទឹកកំពុងប្រែងប្រែងឲ្យបានមេដាយកម្រិតណាមួយ ក្នុងស៊ីហ្គេម នៅវៀតណាម។ នេះជាគឺជាក្តីសង្ឃឹមមួយ សម្រាប់ថ្នាក់ដឹកនាំសហព័ន្ធ គ្រូបង្វឹក ក៏ដូចជាកីឡាករ កីឡាការិនីហែលទឹក ក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២២ ដើម្បីសម្រួចគោលដៅឲ្យកាន់តែមោះមុត ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង