ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យចាប់ខ្លួន និងចាត់វិធានការមន្រ្តីអាវុធហត្ថខេត្តសៀមរាប២នាក់ ដែលពាក់ព័ន្ធគ្រឿងញៀន

52

សៀមរាប៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឲ្យចាប់ខ្លួន និងចាត់វិធានការលើមន្រ្តីអាវុធហត្ថចំនួន២នាក់ នៅខេត្តសៀមរាប ដែលពាក់ព័ន្ធគ្រឿងញៀន នៅពេលដែលមន្រ្តីអាវុធហត្ថទាំងនេះបានចុះបង្ក្រាបគ្រឿងញៀន។

ក្រោយចាប់ខ្លួនមន្រ្តីអាវុធហត្ថទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះ ដើម្បីចាត់ការបន្ត។

យោងតាមរបាយការណ៍របស់អាវធហត្ថខេត្តសៀមរាប បានបញ្ជាក់ថា មន្រ្តីអាវុធហត្ថទាំង២នាក់ រួមមាន៖១៖ លោកវរសេនីយ៍ត្រី ធាវ ច័ន្ទតារា នាយការិយាល័យប្រឆាំងបទគ្រឿងញៀន ២៖ នាយចំណង់ នាម ណាក់ ជំនួយការការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន។ ពួកគេត្រូវបានចាប់ខ្លួណពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសនៅក្នុងការបំពេញតួនាទីដោយផ្សំគំនិតជួញដូរគ្រឿងញៀន។

នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា មន្រ្តីអាវុធហត្ថទាំង២នាក់ ពិតជាត្រូវបានចាប់ខ្លួនមែន ដោយសារពាក់ព័ន្ធនឹងបទ ល្មើសគ្រឿងញៀន។ នាយឧត្តមសេនីយ៍បានបន្តទៀតថា ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ប្រយុទ្ធប្រឆាំងគ្រឿងញៀន ប៉ុន្តែពួកគេបានប្រព្រឹត្តបទល្មើសពេលបំពេញតួនាទី ដោយគាត់ផ្សំគំនិតជាមួយនឹងការជួញដូរគ្រឿងញៀន ដូច្នេះអាវុធហត្ថត្រូវតែបង្ក្រាបតែម្តង

បើតាមនាយឧត្តមសេនីយ៍ កម្លាំងកងរាជអាវុធហត្ថត្រូវតែបង្ក្រាបមន្រ្តីអាវុធហត្ថទាំងឡាយណាដែលធ្វើខុសតែម្តង ដោយមិនចាំបាច់ឲ្យអង្គភាពណាមកបង្ក្រាបនោះឡើយ ពោលត្រូវអនុវត្តតាមអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន គឺ ងូតទឹក ឆ្លុះកញ្ចក់ ដុះក្អែល ព្យាបាល និងវះកាត់

នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់បន្ថែមថា សម្រាប់អាវុធហត្ថមានទិសស្លោកជាត្រីវិស័យ បង្ហាញផ្លូវសម្រាប់របៀបធ្វើការរួមមាន១៖ ចំពោះប្រទេសជាតិត្រូវតែការពារ ២៖ ចំពោះប្រជាត្រូវតែបម្រើ ៣៖ ចំពោះច្បាប់ត្រូវតែគោរព ៤៖ ចំពោះបទល្មើសត្រូវតែបង្រ្កាប។

ជាមួយគ្នានោះដែរ ក្រោមការគ្រប់គ្រងដឹកនាំបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា, បុគ្គលគ្រប់រូប ដែលប្រព្រឹត្តបទល្មើសត្រូវតែបង្ក្រាប និងអនុវត្តតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង