ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាមានសក្ដានុពលមួយចំនួន ម៉ាឡេស៊ីមិនបញ្ជូនទៅ ស៊ីហ្គេមនៅវៀតណាមឡើយ

59

 

ភ្នំពេញ៖សម្រាប់ស៊ីហ្គេមលើកទី៣១នៅវឿណាមម៉ាឡេស៊ីដាក់គោលដៅយកមេដាយមាស ៣៦គ្រឿង, ប្រាក់ ៣៥គ្រឿង និងសំរឹទ្ធ ៧៥គ្រឿង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅហាណូយ ពីថ្ងៃទី ១២-២៣ ខែឧសភា។

នេះបើតាមការលើកឡើងដោយរដ្ឋមន្ត្រីកីឡា លោក Datuk Seri Ahmad Faizal Azumu។ នេះជាចំនួនថយចុះនៃការដាក់គោលដៅយកមេដាយ បើធៀបទៅនឹងឆ្នាំ២០១៩។

លោកបាននិយាយថា ការមិនដាក់បញ្ចូលកីឡា ដែលខ្លួនមានសក្ដានុពលមួយចំនួន គឺជាកត្តាចម្បងនៅពីក្រោយ “គោលដៅថយចុះ”ពោលគឺទាបជាងកាលពីស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ដែលពេលនោះម៉ាឡេស៊ី ឈ្នះមេដាយមាស ៥៦គ្រឿង, ប្រាក់ ៥៧គ្រឿង និងសំរឹទ្ធ ៧២គ្រឿង។

លោករដ្ឋមន្ត្រីកីឡារូបនេះបានបញ្ជាក់ថា៖«ដោយផ្អែកលើកម្រិតបច្ចុប្បន្នរបស់អត្តពលិករបស់យើងក្នុង ១៥កីឡា យើងរំពឹងថា ពួកគេនឹងរួមចំណែកមេដាយមាសចំនួន ៣៦គ្រឿង។ កីឡាលោតទឹក និងអត្តពលកម្ម ត្រូវបានគេរំពឹងថា នឹងរួមចំណែកដ៏ធំបំផុត ដោយកីឡានីមួយៗ អាចផ្តល់មេដាយមាស ច្រើនជាង ៥គ្រឿង»។

កង្វះពត៌មានទាក់ទងនឹងទម្រង់បច្ចុប្បន្នរបស់គូប្រជែងរបស់យើង(ដោយសារតែខ្វះការប្រកួតប្រជែងចាប់តាំងពីកូវីដ-១៩) ធ្វើឱ្យមានការពិបាកក្នុងការព្យាករណ៍ឲ្យបានត្រឹមត្រូវ។ យើងមានអត្តពលិកសរុបចំនួន ៣៣៨នាក់ ដែលនឹងធ្វើការប្រកួតស៊ីហ្គេម ជាលើកដំបូងរបស់ពួកគេនៅឆ្នាំនេះ ហើយពួកគេមិនទាន់បានបង្ហាញពីភាពខ្លាំងរបស់ខ្លួន នៅកម្រិតនេះនៅឡើយទេ។ ដោយមិនគិតពីបញ្ហាប្រឈម និងចំណុចខ្វះខាតទាំងអស់ ខ្ញុំជឿជាក់លើអត្តពលិករបស់យើងទាំងអស់ ដើម្បីនាំយកមេដាយមាសជូនប្រទេសម៉ាឡេស៊ី។ លោក Faizal បានសង្គត់ធ្ងន់ថា ការកាត់បន្ថយចំនួនឈ្នះមេដាយនេះ គឺដោយសារតែកីឡាជាច្រើន(ដែលម៉ាឡេស៊ីខ្លាំង)មិនត្រូវបានដាក់បញ្ចូលក្នុងការប្រកួតនៅប្រទេសវៀតណាមមិនមែនដោយសារតែការកាត់បន្ថយថវិកាលើកទឹកចិត្តដែលបានអនុវត្តដោយរដ្ឋាភិបាល កាលពីចុងឆ្នាំមុននោះទេ៕

អត្ថបទដែលជាប់ទាក់ទង