អាជ្ញាធរកម្ពុជា-ថៃ បើកច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ឲ្យប្រជាពលរដ្ឋធ្វើដំណើរចេញជាធម្មតាឡើងវិញ នៅព្រឹកនេះ
ភ្នំពេញ ៖ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ត្រូវបានអាជ្ញាធរកម្ពុជា-ថៃ បើកឲ្យប្រជាពលរដ្ឋធ្វើដំណើរ ចេញជាធម្មតាឡើងវិញនៅព្រឹកថ្ងៃទី១ ខែឧសភានេះ តែត្រូវភ្ជាប់មកជាមួយកាតចាក់វ៉ាក់សាំងកូវីដ-១៩ពេញលេញ និងប័ណ្ណចេញ-ចូលព្រំដែន។
បើតាម ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ (Royal Embassy of Cambodia in Bangkok) នៅព្រឹកថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ច្រកព្រំដែនកម្ពុជា-ថៃ ចាប់ផ្ដើមបើកដំណើរការឡើងវិញចាប់ពីថ្ងៃនេះហើយ (០១ ឧសភា ២០២២) ប៉ុន្តែវិធានការសុខាភិបាលត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង។ ចំពោះអ្នកដំណើរចូលប្រទេសថៃ ត្រូវបែងចែកជា ៣ ប្រភេទ គឺ (១) អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ (២) អ្នកដំណើរដែលមិនចាក់វ៉ាក់សាំង ឬចាក់វ៉ាក់សាំងមិនពេញលេញ និង (៣) អ្នកដំណើរដែលជាប្រជាជនក្នុងខេត្តជាប់ព្រំដែនដែលកាន់ប័ណ្ណព្រំដែន។ ការបង្ហាញ Thailand Pass, ប័ណ្ណចាក់វ៉ាក់សាំង, ប័ណ្ណធានារ៉ាប់រងក្នុងរង្វង់ទឹកប្រាក់ ១០.០០០ ដុល្លារ, លទ្ធផលការធ្វើតេស្តដោយ RT-PCR, និង ការធ្វើចត្តាឡីស័ក ត្រូវបានអនុវត្តតាមប្រភេទអ្នកដំណើរ ដូចមានក្នុងខិតប័ណ្ណសង្ខេបខាងក្រោម។
ប្រទេសថៃបានចេញលិខិតអនុញ្ញាតឱ្យភ្ញៀវទេសចរអាចធ្វើដំណើរចេញ-ចូលប្រទេសខ្លួនបាន តាមច្រកទ្វារព្រំដែនចំនួន២នៅខេត្តស្រះកែវ ជាប់ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង គឺច្រកព្រំដែនបានខ្លងលឹក (Ban Khlong Luk) ស្រុកអារញ្ញ ខាងកម្ពុជាគឺច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកព្រំដែនបានខាវដិន (Ban Khao Din) ស្រុកខ្លងហាត ខាងកម្ពុជាច្រកទ្វារអន្តរជាតិភ្នំដី ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ប៉ុន្តែត្រូវអនុវត្តតឹងរឹងតាមវិធានការ បង្ការជំងឺកូវីដ១៩។ នេះបើតាមលិខិតរបស់រដ្ឋបាលខេត្តស្រះកែវ ដែលបានជម្រាបជូនមកអភិបាលខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះ។
សម្រាប់ប្រជាពលរដ្ឋខ្មែរដែលជាអាជីវករលក់ដូរនៅផ្សាររុងគ្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ អាជ្ញាធរថៃនៅមិនទាន់អនុញ្ញាតឱ្យចេញ-ចូល បាននៅឡើយទេ , ការអនុញ្ញាតនេះអនុវត្តបានតែចំពោះភ្ញៀវទេសចរ ដែលមានលិខិតឆ្លងដែន បណ្ណព្រំដែន ព្រមទាំងមានបណ្ណចាក់វ៉ាក់សាំងជាដើម។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់បណ្តាញព័ត៌មានថា ជំហានបឋមខាងភាគីថៃ អនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត សម្រាប់អ្នកដែលមានលិខិតឆ្លងដែន និងបណ្ណព្រំដែន ហើយជំហានបន្ទាប់ គឺគិតគូរដល់ក្រុមអាជីវករខ្មែរលក់ដូរនៅផ្សាររុងគ្លឿ៕