ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត ឱម យ៉ិនទៀង ៖ “សមាជិកគណបក្សប្រជាជនកម្ពុជា ១រូប ក្លាយជាសន្លឹកឆ្នោត ១សន្លឹក”

54

 

ភ្នំពេញ៖ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត ឱម យ៉ិនទៀង សមាជិកគណៈកម្មាធិការកណ្តាល គណបក្យប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខណ្ឌទួលគោក អញ្ជើញជួបសំណេះសំណាល ជាមួយសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ផ្សារដេប៉ូទី១ សង្កាត់ផ្សារដេប៉ូទី២ និងសង្កាត់ផ្សារដេប៉ូទី៣ នៃខណ្ឌទួលគោក ក្នុងរាជធានីភ្នំពេញ សរុបចំនួន៧៦៦នាក់ ថ្ងៃអាទិត្យ ១ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២។

ក្នុងឱកាសនោះ ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត ឱម យ៉ិនទៀង បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានស្ថេរភាពនយោបាយ ដែលអាចជួយសង្គ្រោះជីវិតប្រជាជនយើងបាន ឱ្យរស់នៅប្រកបដោយសុខសន្តិភាព និងមានការអភិវឌ្ឍមកដល់សព្វថ្ងៃ និងគ្រប់គ្រងបានយ៉ាងល្អនូវការរីករាលដាលកូវីដ១៩។

ឯកឧត្តមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ លើការប្តេជ្ញាចិត្ត របស់សមាជិកគណបក្សប្រជាជនកម្ពុជាថ្មី កំពុងក្លាយជាអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា ដែលជាការឆ្លុះបញ្ចាំងពីក្រអៅបេះដូងរបស់សមាជិកបក្សថ្មីដ៏មានតម្លៃ ដែលកើតចេញពីចលនាក្នុងការចូលប្រឡូកក្នុងឆាកជីវិតនយោបាយរបស់សមាជិកបក្សថ្មី ដើម្បីចូលរួមទទួលខុសត្រូវចំពោះជាតិមាតុភូមិ។

ហើយមានតែ “គណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ ដែលជាក្តីសង្ឍឹមរបស់ប្រជានជនយើងទាំងអស់គ្នា”

ឯកឧត្តមក៏បានបន្តថ្លែងទៀតថា “គ្មានគណបក្សណា ល្អដូចគណបក្សប្រជាជនកម្ពុជាឡើយ” ការចូលជាសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ជាការចូលក្នុងមជ្ឈដ្ឋានចាស់ទុំ សាមគ្គីភាព និងបង្រួបបង្រួមជាតិ ជាពិសេស គណបក្សប្រជាជនកម្ពុជា មានគោលការណ៍គោរព ប្រជាធិបតេយ្យផ្ទៃក្នុងដ៏រឹងមាំ។

ឯកឧត្តមក៏បានសំណូមពរ ឱ្យសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រៀមខ្លួនឱ្យរួចរាល់សម្រាប់ការបោះឆ្នោតនាពេលឆាប់ៗខាងមុខនេះគឺ “សមាជិកគណបក្សប្រជាជនកម្ពុជា ១រូប ប្រែក្លាយជាសន្លឹកឆ្នោត ១ សន្លឹក”៕

អត្ថបទដែលជាប់ទាក់ទង