ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា UN និងAFP រួមគ្នាបើកសិក្ខាសាលា បណ្តុះបណ្តាល ស្តីពីការស៊ើបអង្កេត លើការសម្អាតប្រាក់

32

 

ភ្នំពេញ : នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២២ កម្ពុជា UN និងAFP រួមគ្នាបើកសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការស៊ើបអង្កេតលើការសម្អាតប្រាក់ ពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់កម្ពុជាក្រោមអធិបតីភាពឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក អាន់តូនី ម៉ាខ្វាយអ័រ Anthony Maguire តំណាងនគរបាល សហព័ន្ធអូស្រ្តាលី AFP និងលោកដេវីដ ហ្រ្វេង David Frend អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្មUNODC ។
គោលបំណងនៃសិក្ខាសាលាសំខាន់គឺស្វែងរកអត្តសញ្ញាណបទល្មើសសម្អាតប្រាក់ និងយន្តការប្រឆាំងបទល្មើសសម្អាតប្រាក់ ដែលបំប្លែងពីប្រាក់ខុសច្បាប់ មានដូចជាប្រាក់បានមកពីជំនួញគ្រឿងញៀនជាដើម ទៅជាប្រាក់ស្របច្បាប់។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងថា សិក្ខាសាលានេះដែរ មានការអញ្ជើញចូលរួមលោកស្រី លីលី សាំង Lili sang មន្រ្តី សម្របសម្រួល កម្មវិធី នៃប្រទេសហត្ថលេខីនៃអនុស្សរណ:យោគយល់គ្នារបស់ប្រទេសមហាអនុតំបន់ទន្លេមេគង្គ Mekong MOU និងមន្រ្តី អនុវត្តច្បាប់កម្ពុជា។

ថ្លែងក្នុងឱកាសនោះ លោក អាន់តូនី ម៉ាខ្វាយអ័រ Anthony Maguire តំណាងនគរបាល សហព័ន្ធអូស្រ្តាលី AFP និងលោកដេវីដ ហ្រ្វេង David Frend តំណាងអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្មUNODC សុទ្ធតែបានលើកឡើងថា សិក្ខាសាលានេះ បានផ្តល់សារ:សំខាន់ដល់មន្រ្តីច្បាប់កម្ពុជា ដើម្បីបង្កើនការយល់ដឹងលើការស៊ើបអង្កេត និងដាក់ទោសដល់ឧក្រិដ្ឋជន ដែលបានប្រព្រឹត្តបទល្មើស និងរឹបអូសផលដែលបានមកពីបទល្មើសសម្អាតប្រាក់ ស្របពេលដែលកម្ពុជា កំពុងទទួលការត្រួតពិនិត្យពីក្រុមការងារហិរញ្ញវត្ថុ(FATF: financial action task force ) ហើយអង្គភាពនិងស្ថាប័នលោករីករាយបន្តកិច្ចសហការ ជាមួយអាជ្ញាធរកម្ពុជាលើការងារបណ្តុះបណ្តាល ពង្រឹងសមត្ថភាពមន្រ្តីកម្ពុជាបន្ថែមទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ បានមានប្រសាសន៍ដោយថ្លែងអំណរគុណដល់ UN AFP ដែលបានផ្តល់កិច្ចសហការជួយដល់កម្ពុជានាពេលកន្លងមកពិសេស ការរៀបចំសិក្ខាសាលាបណ្តុះបណ្តាល ពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់កម្ពុជា នាពេលនេះគឺស្របពេលដែលកម្ពុជា បាននិងកំពុងខិតខំលើកកម្ពស់ប្រសិទ្ធភាពការងារ ប្រយុទ្ធប្រឆាំងបទល្មើសសម្អាតប្រាក់ និងបានចាត់ទុកថា ការងារស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ជាការងាររួមដែលត្រូវតែរួមគ្នាបង្ការបង្រ្កាប។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ខិតខំប្រឹងប្រែងសិក្សាស្វែងយល់ ជាមួយវាគ្មិនរបស់យើងដើម្បីបង្កើនសមត្ថភាពនិងចូលរួមការងារសម្អាតប្រាក់នេះ។

សូមបញ្ជាក់ថា សិក្ខាសាលាបណ្តុះបណ្តាលស្តីពីការស៊ើបអង្កេតលើការសម្អាតប្រាក់នេះ នឹងត្រូវប្រព្រឹត្តទៅមានរយ:ពេល៥ថ្ងៃ គឺពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២២ ៕

អត្ថបទដែលជាប់ទាក់ទង